កីឡាអន្តរជាតិ
អន្តរជាតិ
Aubameyang រងរបួស ក្រោយចោរ៤នាក់ចូលវាយ និងប្លន់ដល់ក្នុងផ្ទះ
29, Aug 2022 , 6:09 pm        
រូបភាព
ខ្សែប្រយុទ្ធ Pierre Emerick Aubameyang របស់ក្រុម Barcelona បានរងរបួសក្នុងអំពើចោរកម្មមួយ ដោយត្រូវបានជនមិនស្គាល់មុខមួយក្រុមចូលវាយរូបគេ និងប្លន់ដល់ក្នុងផ្ទះ ក្រោយការប្រកួតរបស់ Barca និង Real Valladolid បញ្ចប់ទៅត្រឹមតែប៉ុន្មានម៉ោង។ នេះបើតាមរបាយការណ៍កាសែតអេស្ប៉ាញ El Pais ថ្ងៃទី២៩ ខែសីហា។


បើតាមប្រភពខាងលើ យ៉ាងហោចណាស់មានបុរសចំនួន ៤នាក់បានព្យយាមជ្រៀតចូលផ្ទះរបស់ ​Aubameyang នៅថ្ងៃទី២៩ ខែសីហា។ ក្រុមចោរទាំងនោះបានប្រើប្រាស់អាវុធដែលមានដំបង និងដែកស្រួចៗគំរាមលើខ្សែប្រយុទ្ធ Barca ព្រមទាំងនិយាយបំភិតបំភ័យប្រពន្ធរបស់កីឡាកររូបនេះថែមទៀត។ 
 
ទោះជាបែបនេះក្តី ​Aubameyang និងប្រពន្ធ មិនមានប៉ះពាល់ដល់អាយុជីវិតអ្វីឡើយ ឯក្រុមចោរទាំងនោះបានរត់គេចបានដោយសុវត្ថិភាពជាមួយគ្រឿងអលង្ការួមទាំងពេជ្រមួយចំនួន។
សាក្សីជាច្រើនអ្នកដែលរស់នៅក្បែផ្ទះរបស់កីឡាករវ័យ ៣៣ឆ្នាំបានអះអាងថា ពួកគេបានឃើញក្រុមចោរទាំងនោះជិះរត់គេចពីតំបន់ផ្ទះ Aubameyang ដោយប្រើរថយន្តពណ៌សម៉ាក ​Audi A3។ ក្រុមមន្ត្រីប៉ូលិសតំបន់ Catalonia បានចេញតាមប្រមាញ់ក្រុមចោរទាំងនោះភ្លាមៗក្រោយពីទទួលបានព័ត៌មានហេតុការណ៍ពីប្រពន្ធរបស់ Aubameyang ផ្ទាល់។ 
 
បច្ចុប្បន្ន Aubameyang កំពុងមិនសូវទទួលបានពេលវេលាលេងឱ្យក្រុម ​Barca ប៉ុន្មានឡើយចាប់តាំងពេលមកដល់នូវវត្តមានកីឡាករខ្សែប្រយុទ្ធ Robert Lewandowski និង Raphinha សម្រាប់រដូវកាលថ្មីនេះ។ រូបគេកំពុងជួបបញ្ហាមិនច្បាស់លាស់សម្រាប់អនាគតនៅក្លិបមួយនេះ។
 
កាសែតកីឡាល្បីៗជាច្រើនបានចុះផ្សាយថា កីឡាករហ្គាបុងរូបនេះត្រូវបានក្លិប Chelsea តាមប្រមាញ់ដែរ៕
 
 
 

Tag:
 Pierre Emerick Aubameyang
© រក្សាសិទ្ធិដោយ thmeythmey.com