កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Verstappen បន្តនាំមុខជាង១០០ពិន្ទុ ក្រោយបន្តឈ្នះលើកទី៩ក្នុងចំណោម១៤ទីលាន
29, Aug 2022 , 7:29 pm        
រូបភាព
Max Verstappen បានបោះជំហានឆ្ពោះទៅរកការគ្រងតំណែងជើងឯកប្រណាំងរថយន្ត Formula One ពីររដូវកាលជាប់ៗគ្នា ក្រោយដណ្តើមបានជ័យជម្នះជាលើកទី៩ ក្នុងកម្មវិធី Belgian Grand Prix ប្រទេសបែលហ្ស៊ិក។

 
នាការប្រណាំងនៅទីលានទី ១៤ រដូវកាល ២០២២-២៣ នៅថ្ងៃទី២៨ ខែសីហា ម្ចាស់ការពារជើងឯក Verstappen ដែលបើកបរឱ្យ Red Bull បានប្រជែងឈ្នះមិត្តរួមក្រុមខ្លួន Sergio Perez ដើម្បីបញ្ចប់ទីមុនគេ។ អ្នកប្រណាំងសញ្ជាតិហូឡង់រូបនេះ សម្រេចបានដោយប្រើថេរវេលា ១ម៉ោង ២៥នាទី និង៥២វិនាទី។
 
Carlos Sainz របស់ក្រុម Ferrari ធ្វើបានក្នុងចំណាត់ថ្នាក់ទី៣ ខណៈ George Russell ដែល ដែលបើកឱ្យក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤។ Lewis Hamilton របស់ Mercedes ម្ចាស់ជើងឯក F1 ៧សម័យ ដែលជាគូប្រជែងសំខាន់របស់ Verstappen មិនទទួលបានពិន្ទុឡើយសម្រាប់ការប្រណាំងនៅបែលហ្ស៊ិកនេះ។
 
តាមរយៈជ័យជម្នះជាលើកទី៩ ក្នុងចំណោមការប្រណាំង១៤លើក បានជួយឱ្យ Verstappen កើនគម្លាតពិន្ទុក្នុងតារាង F1 កាន់តែឆ្ងាយ និងមានឱ្យកាសខ្ពស់ក្នុងការគ្រងតំណែងជើងឯកជាលើកទី២ក្នុងអាជីព។
 
Verstappen កើនដល់ ២៨៤ពិន្ទុ នាំមុខមិត្តរួមក្រុម Red Bull កីឡាករ Perez ដែលនៅចំណាត់ថ្នាក់ទី២ ចំនួន ៩៣ពិន្ទុ។Charles Leclerc របស់ក្រុម Ferrari ធ្លាក់ទៅលេខ៣​ ដោយរកបាន១៨៦ពិន្ទុ។ Hamilton នៅលេខរៀងទី៦ដដែលមាន១៤៦ពិន្ទុ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញ Verstappen និង​ Perez ជួយ Red Bull នាំមុខដាច់ក្នុងតារាង F1 ផងដែរ ដោយលើសពិន្ទុក្រុមលេខ២ Ferrari ដល់ទៅ១១៨ពិន្ទុ។ Red Bull រកបានពិន្ទុសរុបបណ្តោះអាសន្ន ៤៧៥ពិន្ទុ ខណៈ Ferrari រកបាន៣៥៧ពិន្ទុ។ Mercedes ឈរលេខ៣មាន៣១៦ពិន្ទុ។
 
ជំនួបបន្ទាប់នាទីលានទី១៥ នឹងធ្វើឡើងនៅប្រទេសហូឡង់ ក្នុងកម្មវិធី Dutch Grand Prix នាថ្ងៃទី៤ ខែកញ្ញា។ ការប្រណាំងរថយន្ត F1 ឆ្នាំ២០២២ នៅសល់៨ទីលានទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ២០២២-២៣នេះ៕
 
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com