អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូឡុំប៊ីនិងវេណេស៊ុយអេឡា ស្តារទំនាក់ទំនងការទូតឡើងវិញបន្ទាប់ពីកាត់ផ្តាច់ជាង ៣ ឆ្នាំ
29, Aug 2022 , 11:29 pm        
រូបភាព
ប្រធានាធិបតីឆ្វេងនិយមថ្មីរបស់កូឡុំប៊ី លោក Gustavo Petro ។ រូបថត AFP
ប្រធានាធិបតីឆ្វេងនិយមថ្មីរបស់កូឡុំប៊ី លោក Gustavo Petro ។ រូបថត AFP
កូឡុំប៊ី និងវេណេស៊ុយអេឡា ប្រកាសស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្នារយៈពេល៣ឆ្នាំ។ ឯកអគ្គរដ្ឋទូតថ្មីរបស់កូឡុំប៊ី Armando Benedetti ទៅដល់រដ្ឋធានីការ៉ាកាសនៅថ្ងៃទី២៨​ ខែសីហា។

 
«ទំនាក់ទំនងជាមួយវ៉េណេស៊ុយអេឡា មិនគួរត្រូវបានកាត់ផ្តាច់ឡើយ។ យើងជាបងប្អូននឹងគ្នា ហើយបញ្ហាមិនអាចបំបែកពួកយើងបានទេ»។ លោកឯកអគ្គរដ្ឋទូតថ្មីរបស់កូឡុំប៊ី លោក Armando Benedetti ប្រចាំវេណេស៊ុយអេឡាបានសរសេរបែបនេះលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២៩ ខែសីហា។ 
 
លោក Benedetti ត្រូវបានស្វាគមន៍ដោយអនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Rander Pena Ramirez ។ លោកក៏បានបង្ហោះសារលើបណ្ដាញសង្គម Twitterថា ទំនាក់ទំនងរវាងកូឡុំប៊ី និងវេណេស៊ុយអេឡាជាទំនាក់ទំនងប្រវត្តិសាស្ត្រ ហើយលោកនឹងធ្វើការដើម្បីសុភមង្គលរបស់ប្រជាជន។ 
 
គួរបញ្ជាក់ថា ប្រធានាធិបតីឆ្វេងនិយមថ្មីរបស់កូឡុំប៊ី លោក Gustavo Petro និងប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាសកាលពីថ្ងៃទី ១១ ខែសីហាពីគម្រោងស្តារទំនាក់ទំនងការទូត ដែលត្រូវបានកាត់ផ្តាច់នៅឆ្នាំ ២០១៩។
 
ទីក្រុងការ៉ាកាស បានផ្តាច់ទំនាក់ទំនងជាមួយទីក្រុងបូហ្គោតានៅដើមឆ្នាំ ២០១៩ បន្ទាប់ពីសមាជិកនៃក្រុមប្រឆាំងរបស់វេណេស៊ុយអេឡា​បានព្យាយាមឆ្លងកាត់​ទឹកដីកូឡុំប៊ីជាមួយនឹងឡានដឹកទំនិញដែលផ្ទុកអាហារ និងថ្នាំ។ 
 
យ៉ាងណាមិញទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ប្រែជាល្អឡើងវិញបន្ទាប់ពីលោក Gustavo Petro បានចូល​កាន់​តំណែងជាប្រធានាធិបតី​នៅ​ដើម​ខែ​សីហា។​ លោក Petro ដែលជាប្រធានាធិបតីឆ្វេងនិយមដំបូងរបស់កូឡុំប៊ី បាននិយាយថា លោកនឹងទទួលស្គាល់លោក Maduro រួមទាំងធ្វើការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡាលើបញ្ហាជាច្រើន ដូចជាការប្រយុទ្ធជាមួយក្រុមឧទ្ទាមនៅតាមព្រំដែនជាដើម៕
 

Tag:
 កូឡុំប៊ី
  វេណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com