ជាតិ
សង្គមជាតិ
យុវជនមួយក្រុម ដាក់ញត្តិទៅក្រសួងអប់រំ ជំទាស់នឹងការបង្កើត ដេប៉ាតឺម៉ង់វៀតណាម
30, Aug 2022 , 9:19 am        
រូបភាព
លោក ធែល ធីលែន តំណាងក្រុមយុវជន យកញត្តិទៅដាក់នៅ RUPP។ រូបពី វណ្ណៈ
លោក ធែល ធីលែន តំណាងក្រុមយុវជន យកញត្តិទៅដាក់នៅ RUPP។ រូបពី វណ្ណៈ
ភ្នំពេញ៖ យុវជនប្រមាណ១០ បានមកពីបណ្ដាខេត្តនានា រួមគ្នាដាក់ញត្តិ ជំទាស់នឹងការបង្កើត ដេប៉ាតឺម៉ង់វៀតណាម ។ ពួកគេយល់ឃើញថា ការបង្កើតនេះ អាចនឹងប៉ះពាល់ដល់វប្បធម៌ និងជាដើមចមនៃការបញ្ចូលមនោគមន៍ដល់យុវជនជំនាន់ក្រោយ។

 
យវុជនមកពីខេត្តសៀមរាប តាកែវ និងកំពង់ស្ពឺជាដើម បានរួមគ្នាដាក់ញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឲ្យពិចារណាផ្អាកការបង្កើតដេប៉ាតឺម៉ង់វៀតណាម។ ពួកគេ អះអាងថា បានតាមដានការបកស្រាយរបស់ក្រសួងអប់រំជុំវិញករណីនេះដែរ ប៉ុន្តែ ពួកគេទទួលយកពុំបានឡើយ ។ 
 
លោក ធែល ធីលែន តំណាងក្រុមយុវជនមួយនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមខ្លួនមើលឃើញ ហានិភ័យខ្ពស់ ចំពោះវត្តមាន ដេប៉ាតឺម៉ង់វៀតណាម ជាងការទាញប្រយោជន៍។ លោកថា ភាសាវៀតណាមមិនមែនជាតម្រូវសម្រាប់មហាជនឡើយ ហើយពុំស្មើភាពគ្នាជាមួយនឹងប្រទេសវៀតណាម ដែលពុំបើកចំហរសេរីភាពក្នុងរៀនភាសាខ្មែរ ឱ្យពលរដ្ឋកម្ពុជាក្រោម។ 
 
នៅខាងមុខសាសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃទី២៩សីហា លោក ធីលែន ថ្លែងយ៉ាងដូច្នេះ៖ «យើងព្រួយបារម្ភពីឈានដល់ការគ្រប់គ្រង ដោយចិត្តសាស្រ្ត ឬមនោគមន៍ចិត្តសាស្រ្តបាន ព្រោះទំនាក់ទំនងវៀតណាមកម្ពុជាពីប្រវត្តិសាស្រ្តមកពុំមានប្រយោជន៍ឡើយ គឺមានតែការឈ្លានពាន ហើយការបង្កើតនេះ វាប៉ះពាល់ដល់អក្សសាស្រ្តនិងវប្បធម៌»។ 
 
ក្រោយក្រសួងបានទទួលញត្តិនេះ ពួកគេ បន្តដំណើរទៅ មុខសាសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីដាក់ញត្តិទៅខាងសាលា ប៉ុន្តែភាគីសាលាបដិសេធ ក្រោមហេតុផលថា សាលានៅក្រោមក្រសួង។ ដូច្នេះ ដាក់ញត្តិនៅក្រសួងហើយ ពុំចាំបាច់ដាក់នៅសាលបន្តទៀតនោះទេ។ 
 
ជុំវិញការដាក់ញត្តិនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ សុំមិនបកស្រាយបន្ថែមអ្វីឲ្យ លើសពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកន្លងមកឡើយ។ 
 
ក្នុង​សន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំយុវជន  និងកីឡា» នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា សង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «(ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាម) គោលបំណង គឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀននៅកម្រិតឧត្ដមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធ»។
 
បើតាម​លោក រស់ សុវាចា ប្រទេសកម្ពុជានិង ប្រទេសវៀតណាម បង្កើតកិច្ចសហប្រតិបត្តិការពង្រឹងវិស័យអប់រំថ្នាក់ឧត្ដមសិក្សានេះ ដូចទៅនឹងបណ្ដាប្រទេសដទៃទៀតដែរ។ អ្នកនាំពាក្យរូបនេះ អះអាងទៀតថា មិនមែនមានតែភាសាវៀតណាមឡើយ ដែលមាននៅកម្ពុជា។ បច្ចុប្បន្នមានដេប៉ាតឺម៉ង់ភាសាបរទេសដទៃទៀត កំពុងមានវត្តមាននៅតាមសកលវិទ្យាល័យនៅកម្ពុជា។ ភាសាបរទេសទាំងនោះរួមមាន ថៃ ចិន កូរ៉េ ជប៉ុន បារាំង អង់គ្លេស និងសិក្សាអន្តរជាតិ។
 
 
ពាក់ព័ន្ធនឹងការដាក់ញត្តិនេះ លោក ធីលែន និងលោក សុម អ៊ុំ ដែលជាយុវជនមកពីខេត្តតាកែវ អះអាងថា ពួកគេនឹងបន្តតាមដានញត្តិនេះ នៅក្នុងសប្ដាហ៍ក្រោយទៀត។ បើពុំមានលទ្ធផល ពួកគេនឹងបន្តតវ៉ាដោយសន្តិវិធីបន្តទៀត។ ការដាក់ញត្តិនេះ ពួកគេផ្អែកតាមសក្ខីភាព ឬមតិជំទាស់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលក្រុមខ្លួនប្រមូលបានប្រមាណ៥០០ករណី៕ 
 

Tag:
 ដេប៉ាតឺម៉ង់វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com