អន្តរជាតិ
រដ្ឋមន្រ្តីផែនការប៉ាគីស្ថាន៖ ការខូចខាតបង្កដោយទឹកជំនន់មានយ៉ាងតិចណាស់១០ពាន់លានដុល្លារ
30, Aug 2022 , 11:29 am        
រូបភាព
ផ្ទះសម្បែងរាប់ម៉ឺននាក់ ត្រូវជន់លិចក្នុងគ្រោះទឹកជំនន់មិនធ្លាប់មាននៅប៉ាគីស្ថាន។ រូបថត AFP
ផ្ទះសម្បែងរាប់ម៉ឺននាក់ ត្រូវជន់លិចក្នុងគ្រោះទឹកជំនន់មិនធ្លាប់មាននៅប៉ាគីស្ថាន។ រូបថត AFP
ដោយ:
ក្នុងការប៉ាន់ស្មានតម្លៃខូតខាតដំបូងដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ប៉ាគីស្ថានរងផលប៉ះពាល់គិតជាទឹកប្រាក់ជាង១០ពាន់លានដុល្លារឯណោះ។ បើតាមរដ្ឋមន្រ្តីផែនការប៉ាគីស្ថាន លោក Ahsan Iqbal ពិភពលោកមានកាតព្វកិច្ចជួយប៉ាគីស្ថានដែលរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ។

 
តាំងពីរដូវមូសុងចាប់ផ្តើមក្នុងខែមិថុនាមក  ជំនន់ទឹកភ្លៀងបានគ្រប់ដណ្តប់ប្រមាណ១ភាគ៣នៃទឹកដីប៉ាគីស្ថាន។ ទឹកភ្លៀងធ្លាក់ជន់ជោរមិនធ្លាប់មានបែបនេះ ធ្វើឱ្យប្រជាជនប៉ាគីស្ថានយ៉ាងហោចណាស់១ពាន់នាក់បានបាត់បង់ជីវិត ខណៈជាង៣៣លាននាក់រងផលប៉ះពាល់ ហើយដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានបំផ្លិចបំផ្លាញជាដំណំនៅទូទាំងប្រទេស។
 
ទាក់ទិននឹងបញ្ហានេះ ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែសីហា រដ្ឋមន្រ្តីផែនការប៉ាគីស្ថាន លោក Ahsan Iqbal ប៉ាន់ប្រមាណថា ប្រទេសខ្លួនរងការខូតខាតជាទឹកប្រាក់យ៉ាងតិច ១០ ពាន់លានដុល្លារ។ បើតាមលោក Iqbal វាត្រូវចំណាយពេល៥ឆ្នាំដើម្បីកសាង និងស្តារប្រទេសដែលមានប្រជាជន២០០លាននាក់ឡើងវិញ ខណៈក្នុងរយៈពេលខ្លីខាងមុខ ប្រជាជនប៉ាគីស្ថាននឹងប្រឈមបញ្ហាកង្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។
 
ស្របពេលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចស្រាប់ទៅហើយ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដកន្លងមកបានអំពាវនាវឱ្យដៃគូ និងសហគមន៍អន្តរជាតិផ្តល់ជំនួយដើម្បីដោះស្រាយការខូចខាតដោយសារទឹកជំនន់នេះ។ ប្រទេសមួយចំនួនដូចជា តួកគី និងអេមីរ៉ាអារ៉ាប់រួមជាដើមបានផ្តល់ជំនួយចាំបាច់ដូចជាស្បៀងអាហារ តង់ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀតរួចហើយ ខណៈអង់គ្លេសផ្តល់ជំនួយលុយប្រហែល១,៨លានដុល្លារ។
 
ដោយឡែក នៅថ្ងៃដដែល បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន លោក Miftah Ismail ក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានយល់ព្រមលើការពិនិត្យឡើងវិញនូវកម្មវិធីជំនួយរបស់ប៉ាគីស្ថានលើកទី៧ និងទី៨ ផងដែរ ដែលប៉ាគីស្ថាននឹងទទួលបានទឹកប្រាក់ចំនួន១,១៧ពាន់លានដុល្លារ។ 
 
ថ្វីបើយ៉ាងនេះក្តី លោក Iqbal បញ្ជាក់ថា សំណើសុំជំនួយហិរញ្ញវត្ថុផ្លូវការណាមួយត្រូវចាំសិន ទាល់តែបានដឹងពីតម្លៃខូតខាតពិតប្រាកដ។ ប៉ាគីស្ថានកំពុងវាយតម្លៃការខូតខាតដោយទឹកជំនន់នេះជាមួយដៃគូនានាដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីផែនការ លោក Iqbal ក៏ឆ្លៀតរិះគន់ដែរថា ប៉ាគីស្ថានជាជនរងគ្រោះដោយបម្រែបម្រួលអាកាសធាតុបែបនេះ ដោយសារការអភិវឌ្ឍគ្មានការទទួលខុសត្រូវរបស់ប្រទេសអភិវឌ្ឍ។ បើតាមលោក Iqbal សហគមន៍អន្តរជាតិមានទំនួលខុសត្រូវជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ាគីស្ថានឱ្យធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីបញ្ចៀសការខូតខាតបែបនេះទៀត៕ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com