កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FFF សង្ឃឹម Pogba មិនបាត់បង់តំណែងក្នុងក្រុមបារាំងជុំវិញបញ្ហាជំរិតទារប្រាក់
30, Aug 2022 , 11:59 am        
រូបភាព
ប្រធានសហព័ន្ធបាល់ទាត់បារាំង (FFF) លោក Noel Le Graet បានបង្ហាញក្តីសង្ឃឹមថា Paul Pogba ខ្សែបម្រើដ៏ឆ្នើមប្រចាំក្រុមជម្រើសជាតិនឹងអាចទទួលបានតំណែងក្នុងក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា បើទោះជាមានរឿងរ៉ាវនៅក្រៅទីលានក្តី។


 
Pogba បានក្លាយជាកីឡាករសំខាន់មួយរូបរបស់លោក Didier Deschamps អំឡុងការប្រកួត World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ហើយរូបគេបានជួយបារាំងឈ្នះ World Cup លើកទីពីរ ក្នុងឆ្នាំនោះដូចគ្នា។ 
 
យ៉ាងណាមិញចាប់ផ្តើមរដូវកាលថ្មី ២០២២-២៣ ក្រោយចាកចេញពី Manchester United ដែលបានរួមរស់ ៦ឆ្នាំ ហើយផ្លាស់ទៅក្លិបចាស់ Juventus វិញ កីឡាករវ័យ ២៩ឆ្នាំ កំពុងរបួសសរសៃពួរជង្គង់ក្រោយលេងបានទើប២ប្រកួតឱ្យក្រុមអ៊ីតាលីមួយនេះ។ នៅក្រៅទីលាន Pogba ក៏ជួបបញ្ហាខ្លាំងដែរ។ 
 
បើតាមសេចក្តីថ្លែងការណ៍មួយពីមេធាវីផ្ទាល់របស់ Pogba កាលថ្ងៃទី២៨ ខែសីហា Pogba ត្រូវបានក្រុមក្មេងទំនើងមួយក្រុមជំរិតទារប្រាក់ពីរូបគេថែមទៀត។ លើបញ្ហានេះ លោក Le Graet ប្រធាន FFF សង្ឃឹមថា បញ្ហាជំរិតទារប្រាក់នោះ នឹងមិនអាចប៉ះពាល់ដល់តំណែង Pogba សម្រាប់ក្រុម។
 
«ពេលនេះយើងកំពុងចាប់ផ្តើមកិច្ចការរបស់យើងសម្រាប់ការប្រកួត។ បើតាមខ្ញុំគិតមើលទៅពេលនេះគ្មាននរណាម្នាក់នឹងទៅតុលាការឡើយ។ នៅត្រង់ចំណុចនេះ វាគ្រាន់តែជារឿងចចាមអារ៉ាមតែប៉ុណ្ណោះ។ ខ្ញុំស្រលាញ់ Paul ហើយខ្ញុំសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់តំណែងរបស់គេនៅក្នុងក្រុមបារាំងឡើយ។»។ លោក ​Le Graet បាននិយាយបែបនេះ។
 
យ៉ាងណាមិញបញ្ហានៃ ​Pogba កំពុងជះផលប៉ះពាល់ដល់ការងារប្រកាសក្រុមកីឡាករជម្រើសជាតិបារាំងសម្រាប់ការប្រកួតពានរង្វាន់ Nations league នៅខែកញ្ញាខាងមុខ រួមទាំងការធ្វើតេស្តកីឡាករសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតាចុងឆ្នាំ ២០២២៕
 

Tag:
 France
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com