ជាតិ
សង្គមជាតិ
អ្នកមានជំនឿលើលោក ខឹម វាសនា បន្តបោះតង់ស្នាក់នៅក្នុងបរិវេណវត្តសសី ស្រុកបន្ទាយស្រី
30, Aug 2022 , 2:25 pm        
រូបភាព
អ្នកមានជំនឿលើលោក ខឹម វាសនា បន្តបោះតង់ស្នាក់នៅក្នុងបរិវេណវត្តសសី ស្រុកបន្ទាយស្រី ដែលមានចម្ងាយពីចម្ការមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ប្រមាណជា៥គីឡូម៉ែត្រ។ ពួកគេទាំងនោះ នៅតែជឿតាមការបំផុសបំផុលរបស់លោក ខឹម វាសនា ថា នឹងមានទឹកជំនន់លិចលង់ពិភពលោក បើទោះជាអាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរំសាយ និងបំបែកការជួបជុំគ្នា នៅថ្ងៃទី៣០ សីហា ២០២២នេះ។
អ្នកមានជំនឿលើលោក ខឹម វាសនា បន្តបោះតង់ស្នាក់នៅក្នុងបរិវេណវត្តសសី ស្រុកបន្ទាយស្រី ដែលមានចម្ងាយពីចម្ការមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ ប្រមាណជា៥គីឡូម៉ែត្រ។ ពួកគេទាំងនោះ នៅតែជឿតាមការបំផុសបំផុលរបស់លោក ខឹម វាសនា ថា នឹងមានទឹកជំនន់លិចលង់ពិភពលោក បើទោះជាអាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យរំសាយ និងបំបែកការជួបជុំគ្នា នៅថ្ងៃទី៣០ សីហា ២០២២នេះ។
សៀមរាប៖ ពលរដ្ឋមកពីតំបន់ផ្សេងៗរាប់សិបគ្រួសារ មានទាំងក្មេងចាស់ ប្រុសស្រី បានបោះតង់ និងសង់ជារោងស្នាក់នៅលើដីវាល ក្បែរចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នាឃុំត្បែង ស្រុកបន្ទាយស្រី។ មួយចំនួនទៀតបានស្នាក់នៅតាមផ្ទះពលរដ្ឋ ដែលនៅជិតៗនោះ ហើយមួយចំនួនធំ បានយកបរិវេណវត្តសសី សម្រាប់ការស្នាក់អាស្រ័យនេះផងដែរ។


 
ពលរដ្ឋដែលជឿលើទំនាយរបស់លោក ខឹម វាសនា បានបន្តស្នាក់នៅក្បែរដីចម្ការរបស់មេបក្សនេះ ។ ពលរដ្ឋទាំងនោះ នៅបន្តការបារម្ភថា នឹងមានការលិចលង់ភពផែនដីតាមការលើកឡើងរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យរូបនេះ បើទោះជាអាជ្ញាធរបានណែនាំឱ្យរំសាយការជួបជុំគ្នានេះក្តី។ ការស្នាក់នៅទាំងនោះ មិនមានរបៀបរៀបរយទេ ដោយគ្រាន់តែសង់ជារោងតង់ ប្របដោយតង់កៅស៊ូ។ល។ ពួកគេទាំងនោះ អះអាងថា មកពីបណ្ដាខេត្តជិតឆ្ងាយ ដូចជាកំពង់ស្ពឺ កំពត និងត្បូងឃ្មុំជាដើម ដោយនាំទាំងដូនចាស់ កូនចៅតូចៗមកជាមួយផង។ 


 
នៅបរិវេណវត្តសសីដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីដីចម្ការរបស់លោក ខឹម វាសនា ឯណោះវិញ ក៏មានមនុស្សកកកុញ តាំងទីស្នាក់នៅដែរ ។ តែមួយចំនួនតូចបានរើចេញពីបរិវេណនោះ ដោយអះអាងថា អាជ្ញាធរមិនឱ្យស្នាក់នៅបន្តទៀត។ យ៉ាងណា ពួកគេប្រាប់ថា មិនបោះបង់ជំនឿលើលោក ខឹម វាសនា ទេ ដោយទៅរកជួលផ្ទះប្រជាពលរដ្ឋស្នាក់នៅបន្តទៀត រហូតដល់ថ្ងៃដែលប្រធានគណបក្សរូបនេះ ប្រកាសឱ្យពួកគេរំសាយ។
 
បើតាមរបាយការណ៍សង្កេបរបស់សមត្ថកិច្ច ត្រឹមព្រឹកថ្ងៃទី៣០ ខែសីហា នេះ មានពលរដ្ឋប្រមាណ៥០០នាក់ហើយ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ខណៈពលករពីកូរ៉េ៤នាក់ ទើបមកដល់ចម្ការមេបក្សរូបនេះ ដោយជឿលើការបំផុសបំផុល។


 
អភិបាលខេត្តសៀមរាប និងអាជ្ញាធរបានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ​នៅត្រឹមថ្ងៃទី២៨ សីហា។ លោក ខឹម វាសនា យល់ព្រមសហការជាមួយអាជ្ញាធរ ប៉ុន្តែលោកសុំពន្យាពេលរំសាយការប្រមូលផ្ដុំនេះ នៅថ្ងៃទី៣០ សីហា។ អភិបាលខេត្តសៀមរាបលោក ទៀ សីហា ក៏បានយល់ព្រមតាមសំណើលោក ខឹម វាសនា ហើយកំណត់ការរំសាយនេះ ជាកំហិត។
 
គួរបញ្ជាក់ថា អាជ្ញាធរ បានឱ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលតាមពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ៕
 

















 
 

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com