អន្តរជាតិ
ចិន ចោទអាម៉េរិកសម្ញែងសាច់ដុំយោធា តាមរយៈសេរីភាពនៃនាវាចរណ៍នៅច្រកតៃវ៉ាន់
30, Aug 2022 , 2:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian នៅថ្ងៃទី២៩ ខែសីហា បានចោទអាម៉េរិក សម្ងែងសាច់ដុំយោធា ក្រោមឈ្មោះការអនុវត្តសេរីភាពនៃនាវាចរណ៍។ បើតាមអ្នកនាំពាក្យរូបនេះ សកម្មភាពរបស់អាម៉េរិក មានតែបង្កឱ្យមានអស្ថិរភាព និងបំផ្លាញសន្តិភាពនៅក្នុងតំបន់ប៉ុណ្ណោះ។

 
នាវាចម្បាំងអាម៉េរិក២គ្រឿង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២៨ ខែសីហា។ នេះជាវត្តមានលើកដំបូងរបស់នាវាចម្បាំងអាម៉េរិកក្រោយទស្សនកិច្ចរបស់ប្រធានសភាតំណាង លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ នៅដើមខែសីហា។ នាវាចម្បាំងរបស់អាម៉េរិកនេះ ត្រូវបានចិនចាត់ទុកជាការសម្ញែងសាច់ដុំ និងបង្កអស្ថិរភាពក្នុងតំបន់។ 
 
«នាវាចម្បាំងអាម៉េរិក ជាញយៗបង្ហាញសាច់ដុំ ក្នុងរូបភាពការអនុវត្តសេរីភាពនៃនាវាចរណ៍»។​ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានចោទសួរជុំវិញនាវាចម្បាំងអាម៉េរិកនៅច្រកសមុទ្រតៃវ៉ាន់។ លោក Zhao បានបន្តថា សកម្មភាពបែបនេះ មិនអាចរក្សាតំបន់ឱ្យបើកចំហ និងសេរីបានទេ ប៉ុន្តែវាជាការសកម្មភាពអរិភាព និងចូលក្នុងដែនអធិបតេយ្យប្រទេសដទៃដោយសេរី រួមទាំងបំផ្លាញស្ថិរភាព និងសន្តិភាពក្នុងតំបន់។ 
 
រដ្ឋាភិបាលក្រុងប៉េកាំង តែងចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីខ្លួន ហើយច្រកសមុទ្រតៃវ៉ាន់ ក៏ស្ថិតនៅក្រោមអធិបតេយ្យរបស់ចិនដែរ។ 
 
ទាក់ទិននឹងបញ្ហាខាងលើ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានទទូចជាថ្មីឱ្យអាម៉េរិក គោរពគោលនយោបាយ «ចិនតែមួយ», គោរពអធិបតេយ្យ រួមទាំងបូរណភាពដែនដី និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ 
 
ភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានធ្លាក់ចុះយ៉ាងខ្លាំងក្រោយដំណើរទស្សនកិច្ចរបស់លោកស្រីផេឡូស៊ី នៅក្រុងតៃប៉ិ។ ចិន បានប្រកាសផ្អាកកិច្ចពិភាក្សាជាមួយអាម៉េរិកលើវិស័យសំខាន់ៗជាច្រើន ក្នុងនោះមានយោធា និងបម្រែបម្រួលអាកាសធាតុផង៕  
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com