កីឡាជាតិ
ជាតិ
AFF Mitsubishi ៖កម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ដែលជាក្រុមការពារតំណែងជើងឯក
30, Aug 2022 , 3:13 pm        
រូបភាព
ការចាប់ឆ្នោត AFF Mitsubishi  Electric Cup 2022 នៅទីក្រុងបាងកក នាថ្ងៃទី៣០ សីហា ២០២២។
ការចាប់ឆ្នោត AFF Mitsubishi Electric Cup 2022 នៅទីក្រុងបាងកក នាថ្ងៃទី៣០ សីហា ២០២២។
កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមថៃ ដែលត្រូវការពារតំណែងជើងឯក នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022។ នេះបើតាមការចាប់ឆ្នោត នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ ។


 
ព្រឹត្តិការណ៍នេះ មាន ១១ប្រទេស ចូលរួម។ ក្នុងនោះ កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ព្រុយណេ និងទីម័រខាងកើត។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយប្រទេស៤ផ្សេងទៀត មាន ថៃ, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងក្រុមឈ្នះពីវគ្គជម្រុះ ខណៈ ពូល B មានវៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។


 
ដោយឡែក ព្រុយណេ និងទីម័រខាងកើត ត្រូវប្រកួតជម្រុះ ដើម្បីយកកៅក្នុងពូល។ ជើងទី១ ប្រកួត នៅព្រុយណេ និងជើងទី២ នៅទីប្រទេសទីម័រខាងកើត។ ក្រុម ដែលឈ្នះវគ្គជម្រុះ នឹងចូលរួមប្រកួតក្នុងពូល A។
 
លោក ខៀវ សាមេត បានបញ្ជាក់ថា ការប្រកួត នឹងវិលត្រឡប់ទៅរកបែបបទដើមវិញ ក្រោយមានការប្រែប្រួលព្រោះបញ្ហារីករាលដាលនៃកូវីដ-១៩។ អំឡុងពេលកូវីដ-១៩ ការប្រកួត មានតែមួយជើងប៉ុណ្ណោះ ដោយប្រកួតនៅទឹកដីកណ្ដាល ដែលរៀបចំដោយប្រទេសណាមួយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍។ សម្រាប់ ឆ្នាំ២០២២ AFF Mitsubishi Electric Cup 2022 នឹងរៀបចំការប្រកួត មាន២ជើង គឺក្រៅដី និងក្នុងដី (Home and Away)។
 
ការប្រកួត នឹងចាប់ធ្វើនៅថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com