កីឡាអន្តរជាតិ
អន្តរជាតិ
Cavani ចូលរួមជាមួយ Valencia ជាមួយកិច្ចសន្យា២រដូវកាល
30, Aug 2022 , 3:26 pm        
រូបភាព
រូបភាពគេហទំព័រ៖ Valencia CF
រូបភាពគេហទំព័រ៖ Valencia CF
ក្លិប Valencia នៃលីគ La Liga ថ្ងៃទី២៩ ខែសីហា បានអះអាងថាយកបានខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Edinson Cavani ។ អតីតកីឡាករ Paris Saint Germain និង Manchester United Cavani ព្រមចុះកិច្ចសន្យា ២រដូវកាលលេងនៅទឹកដីអេស្ប៉ាញ។



កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ចាប់តាំងកិច្ចសន្យារវាងគេនិង Man United អស់សពុលភាពមកកាលពីខែដើមមិថុនា។ Cavani ក៏ត្រូវបានក្លិបជាច្រើនតំបន់អឺរ៉ុបបានទាក់ទងទៅជួយពង្រឹងក្រុមផងដែរ។ 
 
ខ្សែប្រយុទ្ធវ័យចំណាស់ ជ្រើសរើសចូលរួមក្លិបស្ថិតនៅក្នុងក្របខណ្ឌ La Liga ទៅវិញក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ហើយទទួលបានកិច្ចសន្យាដែលនឹងផុតកំណត់នៅឆ្នាំ ២០២៤ ខែមិថុនា ពីក្រុមដែលដឹកនាំដោយលោក Gennaro Sattuso ថែមទៀត។
 
ការចូលរួមជាមួយ Valencia បានន័យថា Cavani បានក្លាយជាកីឡាករដែលបានលេងនៅលីគកំពូលទាំង៤ ក្នុងចំណោមលីគកំពូលទាំង៥ តំបន់អឺរ៉ុប។ ពីដើមមកខ្សែប្រយុទ្ធរូបនេះបានចាកចេញពីក្រុម Danubio ដែលស្ថិតនៅស្រុកកំណើតទៅចូលរួមក្រុម Palermo នៃក្របខណ្ឌ Serie A មុនពេលផ្លាស់ទៅ Napoli បន្ទាប់មកផ្ទេរទៅ ​PSG របស់ Ligue បារាំង និងចាកចេញកាលឆ្នាំ ២០២០ ទៅចូលរួម Man United។
 
Cavani ធ្លាប់ឈ្នះពានរង្វាន់ Ligue ៦លើកជាមួយ PSG និងជាកីឡាករដែលមានគ្រាប់ស៊ុតសម្រាប់ក្រុមច្រើនជាងគេបង្អស់ដល់ទៅ ២០០គ្រាប់ឱ្យក្លិបយក្សបារាំង។ សម្រាប់ជម្រើសជាតិអ៊ុយរូហ្គាយ Cavani ធ្លាប់ឈ្នះពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America ហើយជាប់ឈ្មោះជាមួយក្រុមជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍ចំនួន ៣លើកថែមទៀត។
 
មិនត្រឹមប៉ុណ្ណោះ Cavani ជួយឱ្យអ៊ុយរូហ្គាយបានឡើងទៅជុំផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតានាចុងឆ្នាំ ២០២២ ។ Cavani បានរំពឹងថានឹងអាចបង្ហាញខ្លួនលើកទី៤ របស់គេនៅការប្រកួតពានរង្វាន់លំដាប់ពិភពលោក ក្រោយពេលចូលរួមជាមួយក្លិប Valencia នេះ៕
 

Tag:
 Valencia
  Edinson Cavani
© រក្សាសិទ្ធិដោយ thmeythmey.com