អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មហាសេដ្ឋី Elon Musk ៖ ពិភពលោកត្រូវតែបន្តបូមប្រេង និងទាញឧស្ម័នដើម្បីផ្គត់ផ្គង់តម្រូវការ
30, Aug 2022 , 7:29 pm        
រូបភាព
លោក Elon Musk មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla ។ រូបថត Xinhua
លោក Elon Musk មហាសេដ្ឋី និងជាម្ចាស់ក្រុមហ៊ុន Tesla ។ រូបថត Xinhua
មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk នាថ្ងៃទី២៩ ខែសីហា បានអះអាងថា ពិភពលោកត្រូវតែបន្តបូមប្រេង និង​ទាញយកឧស្ម័នដើម្បីផលិតថាមពលយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ បើតាមមហាសេដ្ឋីរូបនេះ ការផ្លាស់ប្ដូរភ្លាមៗ ពីការប្រើប្រាស់ថាមពលប្រេង និងឧស្ម័នទៅប្រើថាមពលប្រកបដោយនិរន្តរភាព មិន​អាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនបានភ្លាមទេ។



ពីសន្និសីទស្ដីពីប្រេងនិងឧស្ម័ននៅទីក្រុង Stavanger របស់ន័រវែស ស្ថាបនិកក្រុមហ៊ុនរថយន្តអគ្គិសនី Tesla លោក Elon Musk និយាយថា ពិភពលោកត្រូវបន្តទាញយកប្រេង និងឧស្ម័ន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាជន តែទន្ទឹមគ្នានោះក៏ត្រូវផលិតថាមពលប្រកប​ដោយនិរន្តរភាពផងដែរ។
 
«តាមពិតខ្ញុំគិតថា យើងត្រូវការប្រើប្រាស់ប្រេង និងឧស្ម័នក្នុងរយៈពេលខ្លីសិន បើមិនដូច្នេះទេ សង្គមនឹងដួលរលំ»។ Musk បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះក្រោយសន្និសីទ ដោយ​លើកយកករណីន័រវែសមកអះអាងថា ប្រទេសនេះ គួរតែបន្តខួងយកប្រេង និងបន្តទាញយកឧស្ម័នមួយរយៈពេលទៀតសិន។
 
លោក Musk បានពន្យល់ដែរថា ពិភពលោកកំពុងមានបញ្ហាប្រឈមដ៏ធំមួយនៃការផ្លាស់ប្ដូរទៅរកថាមពលប្រកបដោយនិរន្តរភាព និងឆ្ពោះទៅរកសេដ្ឋកិច្ចប្រកប​ដោយនិរន្តរភាពភ្លាមៗ។ ការផ្លាស់ប្ដូរនេះត្រូវការចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីធ្វើវាឱ្យ​បានជោគជ័យ។
 
បើទោះគាំទ្រសកម្មភាពបូមប្រេង និងទាញឧស្ម័នមកប្រើប្រាស់សម្រាប់ជីវភាពរស់នៅក្ដី មហាសេដ្ឋីរូបនេះបានអះអាងថា ការប្រឹងប្រែងផលិតថាមពលប្រកបដោយនិរន្តរភាពក៏ចាំបាច់សម្រាប់ពិភពលោកនៅថ្ងៃអនាគតដែរ។ 
 
ការពឹងផ្អែកលើការផលិតថាមពលពីចំហេះប្រេងនិងឧស្ម័ន នឹងបង្កឱ្យមានបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង ខណៈការផលិតថាមពលប្រកប​ដោយនិរន្តរភាពទាំងស្រុង ក៏មិនអាចផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនពិភពលោកដែលកើនឡើងមិនឈប់ឈរបានគ្រប់គ្រាន់ដែរ។ ក្នុងអំឡុងពេលពិភពលោកកំពុងផ្លាស់ប្ដូរ វាត្រូវការប្រភពថាមពលប្រេង និងឧស្ម័ន រួមជាមួយប្រភពថាមពលលកកើតឡើងវិញ ដើម្បីជួយបំពេញតម្រូវការ៕
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com