អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស្ថានទូតអាម៉េរិក៖ កោះសូឡូម៉ុននឹងហាមឃាត់នាវាកងទ័ពជើងទឹកអាម៉េរិកចូលចតមួយរយៈ
30, Aug 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare។ រូបថត AFP
នាយករដ្ឋមន្រ្តីកោះសូឡូម៉ុន Manasseh Sogavare។ រូបថត AFP
ស្ថានទូតអាម៉េរិកប្រចាំទីក្រុងកង់បេរ៉ា នៅថ្ងៃទី៣០ ខែសីហា អះអាងថា រដ្ឋាភិបាលកោះសូឡូម៉ុន​នឹង​ផ្អាកបណ្ដោះអាសន្នចំពោះការចូលចតរបស់នាវាកងទ័ពជើងទឹកអាម៉េរិកដោយសារ​រង់ចាំ​ការធ្វើ​បច្ចុប្បន្នភាពនីតិវិធីសិន។ យ៉ាងណាមិញ កោះសូឡូម៉ុនឆ្លើយតបថា ខ្លួនមិនបាន​ហាម​ឃាត់​នាវា​អាម៉េរិកជាបណ្ដោះអាសន្ននោះឡើយ ហើយបញ្ជាក់ថា នៅតែស្វាគមន៍​នាវាអាម៉េរិកក្នុង​ការ​ចូលច​ត​កំពង់ផែរបស់ខ្លួន។

 
បើតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាម៉េរិកនៅអូស្ត្រាលី នៅថ្ងៃទី៣០ ខែសីហា លើកឡើង​ថា ខ្លួនទទួលបាន ការជូនដំណឹងពីរដ្ឋាភិបាលកោះសូឡូម៉ុន​ក្នុងការ​ហាមមិនឱ្យនាវា​កងទ័ព​ជើងទឹក​អាម៉េរិក USS Mercy ចូលចតកំពង់ផែកោះសូឡូម៉ុន បន្ទាប់ពីនាវាមួយនេះបានទៅដល់កំពង់ផែ Honiara នៅថ្ងៃទី២៩ ខែសីហា។
 
«នៅថ្ងៃទី២៩ ខែសីហា អាម៉េរិកទទួលបានការជូនដំណឹងជាផ្លូវការពីរដ្ឋាភិបាលនៃកោះសូឡូម៉ុនទាក់ ទងនឹងការផ្អាករាល់ការចូលចតរបស់នាវាកងទ័ពជើងទឹកទាំងអស់ ហើយត្រូវការរង់ចាំការ​ធ្វើបច្ចុប្បន្ន​ភាពនីតិវិធីពិធីសារសិន»។ ស្ថានទូតអាម៉េរិកបានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយ។
 
សេចក្ដីថ្លែងការណ៍ដដែលនោះបានបញ្ជាក់ថា នាវាកងទ័ពជើងទឹកអាម៉េរិក បានទទួលការអនុញ្ញាតតា​មការទូតតាំងពីមុនពេលការហាមប្រាមត្រូវបានអនុវត្ត។ ក្រុងវ៉ាស៊ីនតោន ក៏បញ្ជាក់ថា ពួកគេនឹងបន្ត​តាមដានស្ថានការណ៍យ៉ាងដិតដល់។
 
ការជូនដំណឹងពីការហាមប្រាមចូលចតនាវាជាបណ្ដោះអាសន្ននេះបានកើតឡើងក្រោយនាវាឆ្មាំឆ្នេរសមុទ្រអាម៉េរិក Oliver Henry កាលពីសប្ដាហ៍មុន ក៏មិនបានអនុញ្ញាតឱ្យចូលចត និងបញ្ចូលប្រេងនៅ កំពង់ផែ Honiara ដែរ ដោយសារតែរដ្ឋាភិបាលកោះមួយនេះមិនបានឆ្លើយតបទៅនឹងសំណើ​របស់​អាម៉េរិក។
 
កោះសូឡូម៉ុនក៏កំពុងមានទំនាក់ទំនងដ៏តានតឹងជាមួយអាម៉េរិក និងសម្ព័ន្ធមិត្តក្រុងវ៉ាស៊ីន​តោន​តាំង​ពី​កោះមួយនេះបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិនកាលពីខែឧសភា។ យ៉ាងណាមិញ អ្នកនាំពាក្យ​ម្នាក់របស់នាយករដ្ឋមន្រ្តីសូឡូម៉ុន Manasseh Sogavare បានច្រានចោលរបាយការណ៍​ហាមប្រាម​នាវាអាម៉េរិកជាបណ្ដោះអាសន្ននេះ។ បើតាម ទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Sogavare នឹងបញ្ជាក់ពីរឿងនេះនៅរសៀលថ្ងៃទី៣០ ខែសីហា។
 
នាវាកងទ័ពជើងទឹកអាម៉េរិក Mercy កំពុងមានបេសកកម្មមនុស្សធម៌មួយជាមួយយោធាអូស្ត្រាលី និង​ជប៉ុនដែលមានគោលបំណងផ្សព្វផ្សាយពីសុខភាពសម្រាប់សហគមន៍ គម្រោងវិស្វកម្ម និង​ការ​ពិភាក្សាអំពីគ្រោះមហន្តរាយផ្សេងៗ៕
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com