ជាតិ
សេដ្ឋកិច្ច
ការចរាចរណ៍ប្រាក់«រៀល» កើន ១៦ភាគរយ ក្នុងមួយឆ្នាំ
30, Aug 2022 , 8:59 pm        
រូបភាព
ការចរាចរណ៍ប្រាក់រៀល​ មានកំណើន១៦ភាគរយ ខណៈប្រាក់បញ្ញើជារៀលកើន២៩ភាគរយ និងកម្ចី កើន៣៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ។ បើតាមធនាគារជាតិនៃកម្ពុជា(NBC) កំណើននេះ មានរយៈពេល២០ឆ្នាំមកហើយ ដែលឆ្លុះបញ្ចាំងពីតម្រូវការនិងជំនឿទុកចិត្តរបស់សាធារណជន មកលើការប្រើប្រាស់ប្រាក់រៀ​ល​។



ការរួមចំណែកប្រើប្រាស់ប្រាក់រៀលពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន មានសារៈសំខាន់ណាស់ ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ដោយបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន នឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា អនុវត្តនូវគោលនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព។
 
ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀល នៅខេត្តកំពត នាថ្ងៃទី២៧សីហា​ លោកស្រី ជា សិរី បន្តថ្លែងយ៉ាងដូច្នេះ៖ « ប្រាក់រៀលគឺជាលុយជាតិរបស់យើងទាំងអស់គ្នា។ ដូចនេះ ការចូលរួមប្រើប្រាស់ប្រាក់រៀល ប្រៀបដូចជាការរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពារ និងពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម»។ 
 
ជាទូទៅនៅលើក្រដាសប្រាក់នៃប្រទេសនីមួយៗ តែងបង្ហាញពីវីរបុរសប្រចាំប្រទេសរបស់គេ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ដែលជាមោទកភាពជាតិ សមិទ្ធផលនិងកេរដំណែលរបស់ប្រទេសនោះ។ អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជារូបនេះបន្តថ្លែងថា​​៖ «ដូចគ្នាដែរ នៅលើក្រដាសប្រាក់រៀល យើង បានបង្ហាញពីព្រះមហាក្សត្រ ប្រាង្គប្រាសាទ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់យើង។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀល ប្រៀបបានដូចជាយើងគាំទ្រ គោរពស្រឡាញ់វីរបុរស និងកេរមរតករបស់ជាតិយើងដូច្នេះដែរ»។
 
ប៉ុន្តែ ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជនកម្ពុជា មកទល់បច្ចុប្បន្ន។ បញ្ហានេះ ត្រូវទាម​ទា​រឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំង​ក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន-សហគ្រាស និងប្រជាពលរដ្ឋទូទៅ ចូលរួមបន្ថែមទៀតក្នុងការប្រើប្រាស់ប្រាក់រៀល។ ដូច្នេះ ដើម្បីផ្តល់ភាពងាយស្រួលនិងទាន់សម័យដល់ពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍនូវប្រព័ន្ធទូទាត់អេឡិចត្រូនិកបន្តបន្ទាប់ ជាមួយនឹងវិធានការគាំទ្រផ្សេងទៀត។  ក្នុងនោះ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធទូទាត់រហ័ស (Fast Payment) រីធេលផេ (Retail Pay) និងបាគង សម្រាប់ការទូទាត់ជាប្រាក់រៀល ដែលមានភាពងាយស្រួល សុវត្ថិភាព និងចំណាយកម្រៃសេវាតិច សម្រាប់ពលរដ្ឋធ្វើប្រតិបត្តិការនានា។ 
 
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអភិវឌ្ឍស្តង់ដារ ខេអេចឃ្យូអរកូដ (KHQR) ដើម្បីពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ​បណ្តាប្រទេសអាស៊ានមួយចំនួន ផងដែរ។  បើតាមលោកស្រី ជា សិរី បច្ចុប្បន្នស្តង់ដារនេះ ត្រូវបានធ្វើប្រតិបត្តិការជាមួយប្រទេសថៃនិងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។ 
 
លោកស្រីបានបន្ថែមថា ក្រដាសប្រាក់ចាស់ ទក់ រហែកត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ ក្រៅពីការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព នៅតាមតំបន់នានានៅទូទាំងប្រទេសហើយ។
 
ធនាគារជាតិនៃកម្ពុជា ក៏បានគាំទ្រដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការបោះផ្សាយប័ណ្ណបំណុលជាប្រាក់រៀល ,ផ្គត់ផ្គង់ការខ្ចីជាប្រាក់រៀល និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីលើកទឹកចិត្តឱ្យអាជីវកម្ម ដាក់តាំងស្លាកតម្លៃទំនិញនិងសេវាជាប្រាក់រៀល ផងដែរ។ នេះបើតាមលោកស្រី ជា សិរី។
លោកស្រី ជា សិរី បានអះអាងថា៖ « ការងារទាំងអស់នេះ បានរួមចំណែកក្នុងការបង្កើនវិសាលភាពនិងភាពងាយស្រួលលើការទូទាត់និងសន្សំជាប្រាក់រៀលនៅគ្រប់ទីកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​ ជាក់ស្តែង ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦ភាពរយ ប្រាក់បញ្ញើជារៀលកើន ២៩ភាគរយ និងឥណទានជារៀលកើន ៣៨ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ»។
 
អ្នកជំនាញហិរញ្ញវត្ថុជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជារូបនេះ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត ។ លោកស្រី ជា សិរី  បន្តថា​៖ «ការផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដូចពាក្យស្លោកមួយដែលគ្របដណ្តប់ជារួម ពីអត្ថន័យនៃសារៈសំខាន់របស់ប្រាក់រៀលថា ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច»។
 
យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណា​យប្រចាំថ្ងៃ។ សម្រាប់ខេត្តកំពត ទិន្នន័យអង្កេតបានបង្ហាញថា ប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលយ៉ាងហោចណាស់ ៨០ភាគរយ នៃការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ សម្រាប់ឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០ភាគរយ ធៀបនឹងឆ្នាំ២០១៧ រីឯការចំណាយជាប្រាក់រៀលវិញ​បានកើន ៤៧ភាគរយ។  
 
លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពត បានលើកឡើងថា ការចាយវាយប្រាក់រៀលនៅខេត្តកំពតពីសំណាក់ប្រជាពលរដ្ឋ មានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ បើទោះបីជាខេត្តកំពតជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេសក៏ដោយ។ 
លោកស្រី បានបញ្ជាក់ដូច្នេះ៖ «សេដ្ឋកិច្ចតំបន់ ឬខេត្តកំពតនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេ ប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក»។
 
សូមជម្រាបថា​ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភា​ពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្តគោលនយោបាយទាំងនេះ គួបផ្សំនឹងការចូ​ល​រួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ ខណៈបច្ចុប្បន្ន​ណៈ​​តម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ៕ 
 

Tag:
 ប្រាក់រៀល
  NBC
  លោកស្រី ជា សិរី
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com