អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ច្រានចោល​ការលើកឡើង​របស់​តៃវ៉ាន់ជុំវិញ​ការហោះហើររបស់ដ្រូនចិន
30, Aug 2022 , 4:45 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
ចិននៅថ្ងៃទី២៩ ខែសីហា បានចេញមុខច្រានចោលការត្អូញត្អែររបស់តៃវ៉ាន់ពាក់ព័ន្ធនឹងការបំពានម្ដងហើយម្ដងទៀតពីដ្រូនចិននៅជិតកោះដែលគ្រប់គ្រងដោយតៃវ៉ាន់។ ចិនបានអះអាងថា ការហោះហើររបស់ដ្រូននេះមែនជាជារឿងដែលបង្កភាពច្របូកច្របល់​ និងមិនមែនជារឿងធំដុំឡើយ។



ចាប់តាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះមក ចិនតែងធ្វើសមយុទ្ធយោធា ក៏ដូចជាបញ្ជូនដ្រូនទៅជិតកោះតៃវ៉ាន់ជាហូរហែរ។ បញ្ហានេះ បានធ្វើឱ្យរដ្ឋាភិបាលនៅទីក្រុងតៃប៉ិបានត្អូញត្អែរ​។ 
 
លើសពីនេះ វីដេអូ​យ៉ាង​ហោច​ណាស់​ពីរ ពីសកម្មភាពរបស់ដ្រូនចិនហោះនៅជិតតៃវ៉ាន់បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម​ចិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី២៩ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយថា លោកបានឃើញវីដេអូនេះ។
 
​«ដ្រូន​របស់​ចិន​ដែល​ហោះ​ជុំវិញ​ទឹកដី​ចិន​នេះ​ មិន​មែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ឱ្យ​មានការ​ច្របូកច្របល់​ទេ​»​។ លោក Zhao Lijian បានលើកឡើងបែបនេះ ដោយចង់សំដៅថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយការហោះហើរក្នុងប្រទេសខ្លួនបែបនេះ មិនមែនជារឿងធំដុំឡើយ។ 
 
យ៉ាងណាមិញ ក្រោយការលើកឡើងរបស់ចិននេះ ក្រសួងការបរទេស​តៃវ៉ាន់​បាន​សម្តែង​ការខឹងសម្បារ​ចំពោះសម្តីរបស់ Zhao Lijian។ ក្រសួងការបរទេស​តៃវ៉ាន់ ក៏បានបន្តថា មនុស្សដែលមិនបានអញ្ជើញត្រូវចាត់ទុកជាចោរ ឬជនឈ្លានពាន។ ក្រសួងដដែលក៏បានសង្កត់ធ្ងន់ថា ប្រជាជនតៃវ៉ាន់មិនស្វាគមន៍ទង្វើបែបនេះទេ។
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិក លោក John Kirby ប្រាប់អ្នកកាសែតថា ចិននៅតែបន្តព្យាយាមកែប្រែពិភពលោកតាមគន្លងថ្មី ដើម្បីបន្តសកម្មភាពរបស់ខ្លួនលើតៃវ៉ាន់ រួមមានការបើកនាវា និងយន្តហោះហោះហើរលើខ្សែបន្ទាត់ខណ្ឌចែកច្រកសមុទ្រតៃវ៉ាន់។
 
គួរបញ្ជាក់ថា កោះ Kinmen រួមជាមួយនឹងកោះ Matsu ដែលដ្រូនចិនហោះទៅកៀកនោះ ស្ថិតនៅជិតឆ្នេរសមុទ្ររបស់ចិន ដែលមាន​ចម្ងាយតែពីរទៅបីរយម៉ែត្រប៉ុណ្ណោះ។ តៃវ៉ាន់បានគ្រប់គ្រងកោះទាំងពីរ ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិនបានភៀសខ្លួនទៅកាន់ទីក្រុងតៃប៉ិ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលជាមួយបក្សកុម្មុយនិស្តក្នុងឆ្នាំ ១៩៤៩៕
 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com