អន្តរជាតិ
លោក Prawit ទុកកៅអីនាយករដ្ឋមន្រ្តីឱ្យទំនេរ ដើម្បីផ្តល់កិត្តិយសដល់លោក ប្រាយុទ្ធ
30, Aug 2022 , 6:29 pm        
រូបភាព
លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី និងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ ទុកកៅអីនាយករដ្ឋមន្រ្តីឱ្យទំនេរ។ រូបភាពយកពីការិយាល័យនាយករដ្ឋមន្រ្តីថៃ
លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី និងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃ ទុកកៅអីនាយករដ្ឋមន្រ្តីឱ្យទំនេរ។ រូបភាពយកពីការិយាល័យនាយករដ្ឋមន្រ្តីថៃ
លោក Prawit Wongsuwon នាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន មិនបានអង្គុយកៅអីនាយករដ្ឋមន្រ្តីឡើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី៣០ ខែសីហា ដើម្បីផ្តល់កិត្តិយសដល់លោក ប្រាយុទ្ធ ចន្ទអូចា ដែលត្រូវបានតុលាការធម្មនុញ្ញបញ្ជាឱ្យព្យួរតំណែងនាយករដ្ឋមន្រ្តី។

 
 
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី៣០ ខែសីហា បានបើកកិច្ចប្រជុំជាលើកដំបូង ចាប់តាំងពីតុលាការធម្មនុញ្ញ បានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចន្ទអូចា ជានាយករដ្ឋមន្រ្តី រហូតដល់មានសេចក្តីសម្រេចជុំវិញការកំណត់អាណត្តិរបស់លោក។ ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី Prawit Wongsuwon ដឹកនាំកិច្ចប្រជុំនេះជាលើកដំបូង ក្នុងនាមជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។ 
 
យ៉ាងណាមិញ កៅអីនាយករដ្ឋមន្រ្តីថៃ ត្រូវបានទុកឱ្យទំនេរ។ លោកPrawit បានអះអាងថា លោកមានបំណងទុកកៅអីនាយករដ្ឋមន្រ្តីឱ្យទំនេរដើម្បីផ្តល់កិត្តិយសដល់លោកប្រាយុទ្ធ ដែលមិនទាន់បានចេញពីតំណែង។ បើតាមនាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃរូបនេះ លោកអាចអង្គុយកៅអីឧបនាយករដ្ឋមន្រ្តីបាន។ 
 
បើទោះលោកប្ រាយុទ្ធ ត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តីក៏ពិតមែន ប៉ុន្តែលោកនៅតែកាន់តំណែងរដ្ឋមន្រ្តីការពារជាតិមួយទៀត។ តំណែងប្រមុខការពារជាតិនេះ ត្រូវបានលោកប្រាយុទ្ធកាន់កាប់ចាប់តាំងពីឆ្នាំ២០១៩ មក។ 
 
ក្នុងកិច្ចប្រជុំរយៈពេល ៣ម៉ោង ដោយគ្មានសម្រាកនេះ ក៏មានវត្តមានរបស់លោក ប្រាយុទ្ធ ដែរ ប៉ុន្តែលោកចូលរួមតាមប្រព័ន្ធវីដេអូ Zoom ដោយមិនមាននិយាយអ្វីឡើយ ខណៈកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកនេះ គ្មានរបៀបវារៈទាក់ទិននឹងក្រសួងការពារជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
តាមការបញ្ជាក់របស់លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីថៃ គណៈរដ្ឋមន្រ្តីបានអនុម័តវិសោធនកម្មលើបទបញ្ជាការិយាល័យនាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តីបណ្តោះអាសន្នសម្រេចលើការផ្ទេរមន្រ្តី រួមទាំងបញ្ហាទាក់ទិននឹងថវិកា៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com