អន្តរជាតិ
អាម៉េរិក ទាមទារឱ្យរុស្ស៊ីនិងចិនជួយកសាងអាហ្វហ្កានីស្ថាន តែរុស្ស៊ីថា អាម៉េរិកគួររ៉ាប់រងទៅ
30, Aug 2022 , 9:29 pm        
រូបភាព
ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya។ រូបភាព៖ AFP
ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya។ រូបភាព៖ AFP
ប្រេសិតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៩ ខែសីហា បានប្រាប់ឱ្យអាម៉េរិកសងលុយអាហ្វហ្កានីស្ថាន ក្រោយមហាអំណាចមួយនេះ រួមទាំងសម្ព័ន្ធមិត្តធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថានរយៈពេល២០ឆ្នាំ។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី២៩ ខែសីហា បានបើកកិច្ចប្រជុំមួយ ជុំវិញបញ្ហាអាហ្វហ្កានីស្ថាន។ ក្នុងកិច្ចប្រជុំនេះ ប្រេសិតរុស្ស៊ី និងអាម៉េរិកប្រចាំUN បានប្រើពាក្យសម្តីធ្ងន់ៗដាក់គ្នាជាថ្មី ជុំវិញការផ្តល់ជំនួយ ដើម្បីស្តារអាហ្វហ្កានីស្ថានឡើងវិញ ក្រោយអាម៉េរិកធ្វើសង្រ្គាមរយៈពេល ២០ឆ្នាំ។
 
ក្នុងកិច្ចប្រជុំនោះ អគ្គរដ្ឋទូតអាម៉េរិក លោកស្រី Linda Thomas-Greenfield បានទទូចឱ្យរុស្ស៊ី និងចិនជួយរៀបចំអាហ្វហ្កានីស្ថានឡើងវិញ និងឈប់ជំរុញឱ្យអាម៉េរិក រួមទាំងសម្ព័ន្ធមិត្តតែឯង ក្នុងការជួយអាហ្វហ្កានីស្ថាន។ យ៉ាងណាមិញ ការអំពាវនាវបែបនេះ ត្រូវបានប្រេសិតរុស្ស៊ីច្រានចោល។ 
 
«យើងត្រូវបានទទូចឱ្យជួយស្តារអាហ្វហ្កានីស្ថាន ដែលសេដ្ឋកិច្ចត្រូវបានបំផ្លាញទាំងស្រុងដោយអាម៉េរិក និងសម្ព័ន្ធមិត្តក្នុងការគ្រប់គ្រង ២០ឆ្នាំ»។ លោក Vasily Nebenzya អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ជាជាងទទួលស្គាល់កំហុសខ្លួន និងព្យាយាមដោះស្រាយបញ្ហា រុស្ស៊ី ត្រូវបានចោទថា គ្មានឆន្ទៈសងបំណុលរបស់ប្រទេសដទៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។ 
 
ត្រង់ចំណុចនេះ មន្រ្តីទូតរុស្ស៊ីប្រចាំនៅUN បានបន្ថែមថា ប្រទេសលោកខាងលិច គួរតែរ៉ាប់រងចំពោះកំហុសខ្លួននៅអាហ្វហ្កានីស្ថាន ហើយវាជារឿងចាំបាច់ដែលត្រូវផ្តល់ហិរញ្ញវត្ថុ ដែលបានលួចក្នុងអំឡុងសង្រ្គាម២០ឆ្នាំ ឱ្យទៅប្រជាជនអាហ្វហ្កានីស្ថានវិញ។ 
 
បើតាមលោក Vasily Nebenzya លុយមិនអាចទិញអ្វីគ្រប់យ៉ាងបានទេ ជាពិសេសអាយុជីវិតប្រជាជនអាហ្វហ្កានីស្ថានស្មោះត្រង់ ដែលត្រូវបានសម្លាប់នៅក្នុងការបណ្តុះប្រជាធិបតេយ្យរបស់អាម៉េរិក។ 
 
គួររំឮកថា អាម៉េរិក បានដកទ័ពរបស់ខ្លួនទាំងស្រុងចេញពីអាហ្វហ្កានីស្ថាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីប្រតិបត្តិការ២០ឆ្នាំ ក្នុងការប្រមាញ់ក្រុមភេរវករ។ ប្រតិបត្តិការរបស់អាម៉េរិកនៅអាហ្វហ្កានីស្ថាន ធ្វើឡើងក្រោយមានការវាយប្រហារលើអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ ២០០១៕ 
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com