ជាតិ
សេដ្ឋកិច្ច
កម្ពុជា បានជំនួយជាង ១២៧លានដុល្លារ និងកម្ចីសម្បទានជាង ៦៣៥លានដុល្លារពីដៃគូ នៅឆមាសទី១
30, Aug 2022 , 9:59 pm        
រូបភាព
ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍នានា មានចំនួន ១៨គម្រោង គិតជាទំហំទឹកប្រាក់ជាង ៧៦០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ។ ក្នុងនោះកម្ចីសម្បទានជាង ៦៣៥លានដុល្លារ ខណៈជំនួយឥតសំណងជាង ១២៧លានដុល្លារ។



បើតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងចំនួន ១២៧,១៧លានដុល្លារ។ ក្នុងនោះថវិកាទទួលបានពីដៃគូអភិវឌ្ឍន៍ពហុភាគី ចំនួន ៣៣,៦២លានដុល្លារ មាន ៥គម្រោង និងពីដៃគូអភិវឌ្ឍន៍ទ្វេភាគីមាន ៤គម្រោង គិតជាទឹកប្រាក់ ៩៣,៥៥លានដុល្លារ។ 
 
របាយការណ៍ដដែល បានឱ្យដឹងថា  កម្ចីសម្បទានដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍នានា ក្នុងឆមាសទី១នេះ​ មាន ៦៣៥,៥៩លានដុល្លារ ស្មើនឹង​ ២៩,៦៥ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ក្នុងនោះកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយដៃគូអភិវឌ្ឍន៍ពហុភាគីចំនួន ៤គម្រោង ដែលមានទឹកប្រាក់ ២៥០,០៦លានដុល្លារ ស្របពេលដែលក្របខ័ណ្ឌទ្វេភាគីមានចំនួន ៥គម្រោង ស្មើនឹង ៣៨៥,៥៣លានដុល្លារ។ 
 
សារព័ត៌មានថ្មីៗបានទាក់ទងលោក មាស សុខសេនសាន ជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសាកសួរព័ត៌មានបន្ថែម ប៉ុន្តែមិនមានអ្នកទទួលទូរស័ព្ទ។ 
 
កន្លងមក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ គឺជាកិច្ចការចាំបាច់ដែលកម្ពុជាត្រូវតែខ្ចីឥណទាន ដើម្បីយកមកអភិវឌ្ឍប្រទេស។
 
ជាទូទៅកម្ចីទាំងនោះមានមុខព្រួញពីរ គឺកម្ចីយកមកប្រើប្រាស់ចំគោលដៅ ហើយគ្រប់គ្រងបានច្បាស់លាស់ ដោយមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ចំណែកការប្រើប្រាស់កម្ចីមិនចំគោលដៅ សំដៅលើការមានអំពើពុករលួយ ,ការអនុវត្តកម្ចីមិនមានតម្លាភាព គឺមិនអាចមានលទ្ធភាពទូទាត់សងត្រឡប់ទៅវិញឡើយ។ នេះជាការលើកឡើងរបស់លោក វណ្ណៈ។
 
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ កម្ពុជាមានលទ្ធភាពសងត្រឡប់ទៅវិញ ទាំងថ្លៃដើម និងការប្រាក់ តាមពេលវេលាដែលបានកំណត់ ហើយមិនមានការយកទ្រព្យសម្បិត្តរដ្ឋទៅដាក់ជាថ្នូរ ក្នុងលក្ខខណ្ឌដោះដូរណាមួយ ដូចប្រទេសដទៃនោះទេ។
 
ជាទូទៅកម្ចីដែលរដ្ឋាភិបាលកម្ពុជាខ្ចីបរទេស សម្រាប់យកទៅអភិវឌ្ឍលើវិស័យអាទិភាពសំខាន់រួមមាន  ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាពសាធារណៈ ទឹកស្អាត វារីអគ្គិសនី ...។​
 
គិតត្រឹមឆមាសទី១ រដ្ឋាភិបាលកម្ពុជាបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍វិញ សរុបចំនួន ២២០,៤៤លានដុល្លារ ស្មើនិង៤២,១៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២។ ជាមួយគ្នានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានប្រមូលចំណូលសេវាបំណុលពីឥណទាយិក (គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលាបានកម្ចីពីរដ្ឋ) ប្រមាណ ២២,០៥លានដុល្លារ។ 
 
សូមជម្រាបថា កម្ពុជាមានបំណុលសាធារណសរុបចំនួន ៩,៨១ពាន់លានដុល្លារ ដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨ភាគរយ ខណៈក្របខ័ណ្ឌពហុភាគីប្រមាណ ៣២ភាគរយ។ នេះបើតាមព្រឹត្តិបត្តិស្ថិតិបំណុលសាធារណៈកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com