អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន នឹងសម្របសម្រួលជាមួយម្ចាស់បំណុលផ្សេងទៀតដើម្បីដោះស្រាយវិបត្តិបំណុលស្រីលង្កា
30, Aug 2022 , 10:30 pm        
រូបភាព
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki ។ រូបថត AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន Shunichi Suzuki ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បញ្ជាក់នៅថ្ងៃទី៣០ ខែសីហាថា ក្រុងតូក្យូដែលជាម្ចាស់បំណុលផ្ទាល់មួយរបស់ស្រីលង្កា នឹងជួយជំរុញម្ចាស់បំណុលដទៃទៀតឱ្យចូលតុរួមគ្នាចរចាដោះស្រាយវិបត្តិបំណុលរបស់រដ្ឋអាស៊ីខាងត្បូងមួយនេះ។ ទន្ទឹមនេះ ប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe អះអាងថា ការចរចាលើកញ្ចប់ជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចាប់ផ្តើមតាំងពីខែមេសា ឈានដល់កម្រិតជោគជ័យមួយហើយ។

 
ស្រីលង្កាកំពុងមានពន្លឺតិចៗដើម្បីស្តារប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដែលកំពុងជាប់គាំង បន្ទាប់ពីជប៉ុនម្ចាស់បំណុលដ៏ធំមួយរបស់ស្រីលង្កា នៅថ្ងៃទី៣០​ខែសីហា ប្រកាសថា នឹងសម្របសម្រួលជាមួយម្ចាស់បំណុលផ្សេងទៀតជុំវិញការរៀបចំនីតិវិធីសងបំណុលឡើងវិញរបស់ស្រីលង្កា។ នេះជាការទាមទាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីធានាថា បំណុលរបស់ស្រីលង្កាមានចីរភាព មុននឹងសម្រេចផ្តល់កញ្ចប់ជំនួយផ្សេងទៀត។
 
ដោយព្រួយបារម្ភពីស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅស្រីលង្កា រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki ប្រាប់អ្នកកាសែតថា រដ្ឋអាស៊ីខាងត្បូងនេះត្រូវតែពន្លឿនកិច្ចចរចាជាមួយ IMF ហើយម្ចាស់បំណុលទ្វេភាគីទាំងអស់រួមមានចិន និងឥណ្ឌាត្រូវតែជួបគ្នាពិភាក្សាពីបញ្ហាបំណុល។ 
 
« ជប៉ុនចង់សហការយ៉ាងសកម្មជាមួយប្រទេសម្ចាស់បំណុល និងស្ថាប័នសាធារណៈដទៃទៀត»។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុន។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពព៌មានមយ នៅសប្តាហ៍មុន រដ្ឋាភិបាលក្រុងតូក្យូកំពុងស្វះស្វែងរៀបចំសន្និសីទមួយដែលមានការចូលរួមពីគ្រប់ម្ចាស់បំណុលរបស់ស្រីលង្កាជាមួយក្តីសង្ឃឹមថា នឹងអាចដោះស្រាយវិបត្តិបំណុលរបស់ប្រទេសអាស៊ីខាងត្បូងបាន។ ប៉ុន្តែគេមិនទាន់ឃើញមានការបញ្ជាក់ច្បាស់ណាថា ភាគីចិននឹងចូលរួមឬអត់ទេ។ 
 
ទន្ទឹមនេះ ថ្លែងប្រាប់សភានៅថ្ងៃទី៣០ ខែសីហា លោក Ranil Wickremesinghe ដែលជាប្រធានាធិបតី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុស្រីលង្កាផង សង្ឃឹមថា នឹងចាប់ផ្តើមពិភាក្សាជាមួយម្ចាស់បំណុលឆាប់ៗ។ បើតាមលោក Wickremesinghe កិច្ចចរចាជាមួយ IMF លើកញ្ចប់ជំនួយចន្លោះ២ ទៅ៣ពាន់លានដុល្លារឈានដល់កម្រិតជោគជ័យមួយហើយ។ នៅថ្ងៃដដែល លោកក៏បានបង្ហាញទៅកាន់សភានូវថវិកាជាតិបណ្តោះអាសន្នដែលសំដៅលើការកាត់បន្ថយចំណាយដើម្បីបង្កើនប្រាក់ចំណូល និងទប់ទល់អតិផរណាតាមការព្រមព្រៀងជាមួយ IMF ដែរ៕ 
 
 
 
 
 
 
 
 

Tag:
 ជប៉ុន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com