ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កោះកុង៖ គ្រូ និងសិស្ស វិទ្យាល័យបូទុមសាគរ ស្នើឱ្យមានការជួសជុលអគារសិក្សាចាស់មួយខ្នង
31, Aug 2022 , 8:59 am        
រូបភាព
ដោយ៖ មឿង ង៉ែត (យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖ អគារសិក្សាមួយខ្នងដែលមានអាយុកាលប្រហែល៣០ឆ្នាំត្រូវបានធ្លុះធ្លាយផ្នែកខ្លះនៃដំបូល និងសំយាបដែលបង្កផលលំបាកដល់ការសិក្សារបស់សិស្សានុសិស្សវិទ្យាល័យបូទុមសាគរស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។ អគារសិក្សាចាស់មួយខ្នងនេះ មានបន្ទប់ចំនួន៥ និងមានសិស្សជាង១០០នាក់កំពុងសិក្សា។ គណៈគ្រប់គ្រងសាលា បានបង្ហាញពីក្ដីកង្វល់ ដោយខ្លាចពីដាន និងដំបូលធ្លាក់ប៉ះពាលសិស្ស ជាពិសេសបញ្ហាទឹកភ្លៀងស្រកចូលថ្នាក់រៀននារដូវវស្សា។ 

 
លោក ផាត ផុន នាយករងវិទ្យាល័យបូទុមសាគរ បានលើកឡើងថា អគារចាស់មួយខ្នងនេះ មានស្ថានភាពទ្រុឌទ្រាមខ្លាំង ជាពិសេសនៅផ្នែកដំបូល។ ជារៀងរាល់ឆ្នាំ គណៈគ្រប់គ្រងសាលា តែងតែចំណាយថវិការផ្ទាល់ខ្លួនដើម្បីជួសជុលបន្តិចបន្តួច ធ្វើយ៉ាងណាអាចឱ្យសិស្សរៀនបណ្ដោះអាសន្នបាន។

 
បញ្ហាប្រឈមធំបំផុតគឺនៅរដូវវស្សាដែលមានភ្លៀងស្រកចូលថ្នាក់​។ មិនតែប៉ុណ្ណោះ ពីដាន និងដំបូលអគារចាប់ផ្ដើមពុកផុយនិងធ្លាក់ជាបន្តបន្ទាប់។ លោក រៀបរាប់ដូច្នេះថា៖«យើងបានដឹងពីស្ថានភាពនេះហើយយើងបានប៉ះប៉ូវវាខ្លះដែរ។ បញ្ហាប្រឈមនៅខែវស្សា ដោយសារមានភ្លៀងលិចចូលបន្ទប់ចំនួន២។ យើងមានកង្វល់ខ្លះដែរ ព្រោះយើងមើលមិនឃើញ ដូចជា ស៊ីប្រូយើងធ្លាក់ពីលើចុះមកក្រោម ហើយពីដានហ្នឹង ជួនកាលវាធ្លាក់មកប្រាវ អ៊ីចឹងយើងបានហាមសិស្សមិនឱ្យដើរតាមចន្លោះ និងកន្លែងពុំទាន់បានជួសជុលនោះទេ»។ 
 
ថ្វីបើ អគារនេះចាស់ ប៉ុន្តែ គណៈគ្រប់គ្រង់សាលាពុំអាចទុកចោលនោះទេ ដោយសារចំនួនសិស្សបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ បច្ចុប្បន្ន វិទ្យាល័យបូទុមសាគរ មានអគារចំនួនសិក្សាចំនួន៣ និងសិស្សប្រមាណ៥០០នាក់។ 
 
បើតាម លោក ផាត ផុន អគារនេះចាំបាច់ត្រូវជួសជុល ឬសាងសង់ថ្មី ពុំបើដូច្នេះទេ នឹងបង្កគ្រោះថ្នាក់និងរំខានដល់ការសិក្សារបស់យុវជន ខណៈសាលាកំពុងខ្វះខាតបន្ទប់រៀន។ កន្លងទៅ លោកក៏ធ្លាប់ស្នើទៅកាន់មន្ទីរអប់រំ យុវជន និងសប្បុរសជនឱ្យជួយជុសជុល និងកសាងថ្មីផងដែរប៉ុន្តែ សំណើនេះ មិនជោគជ័យ។ នាយករងសាលារូបនេះ ស្នើឱ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធជួយពន្លឿនការជួសជុល និងសាងសាង ឡើងវិញដើម្បីបម្រើដល់ការងារអប់រំក្នុងស្រុកបូទុមសាគរ។ 
 
លោក ប្រាប់ដូច្នេះថា៖« ដាច់ខាត យើងចង់បានអគារនេះឱ្យស្អាតល្អឡើងវិញដោយជួសជុលឱ្យមានសុវត្ថិភាព ឬកសាងថ្មី ព្រោះយើងអត់ចង់ឱ្យបាត់បង់អគារនេះទេ។យើងអាចទ្រាំបានក្នុងរយៈពេលសាងសង់ ឬជួសជុលឡើងវិញប៉ុន្តែបើក្នុងលក្ខខណ្ឌថាអត់ទាំងស្រុងតែម្ដង យើងមានការលំបាកក្នុងការសិក្សាដោយសារយើងខ្វះបន្ទប់»។ 


 
យុជន ដន ធីឌួង ជាសិស្សថ្នាក់ទី៩វិទ្យាល័យបូទុមសាគរ បានបង្ហាញក្ដីបារម្ភពាក់ព័ន្ធសុវត្ថិភាពនៅពេលកំពុងរៀនដោយសារការធ្លាក់ចុះនូវពីដាន និងដំបូលសាលា។ មិនតែប៉ុណ្ណោះ ភ្លៀងស្រក់ចូលបន្ទប់ក៏បានប៉ះពាល់ដល់ការសិក្សារបស់គេផងដែរ។ 
 
ធីឌួង បានលើកឡើងថា នាខែវស្សានេះមានភ្លៀងធ្លាក់លិចជ្រាបចូលបន្ទប់នៅពេលកំពុងរៀន។ ពេលខ្លះ ត្រូវសើមសៀវភៅ និងតុរៀនខណៈរូបគេព្រួយបាម្ភខ្លាំងចំពោះការធ្លាក់ចុះដំបូលអគារ។ យុវជនរូបនេះប្រាប់ដូច្នេះថា៖«ខ្ញុំមានការបារម្ភបន្តិចបន្តួចដែរ ព្រោះខែនេះជាខែភ្លៀង អ៊ីចឹង វាសាចនិងស្រកទឹកភ្លៀងមកនៅពេលយើងកំពុងរៀន។ ម្យ៉ាងទៀត យើងបាម្ភខ្លាចពីដាន ធ្លាក់មក»។ 
 
ស្រដៀងគ្នានេះ យុវតី សាន ទៀងបានឱ្យដឹងដែរថា  អគារនេះ មានស្ថានភាពចាស់ និងបែកបាក់ត្រង់ផ្នែកខ្លះហើយជារើយៗតែងតែមានភ្លៀងស្រកចូលបន្ទប់សិក្សា។ យុវតីរូបនេះ ស្នើឱ្យមានការជួយជុលឡើងវិញ ដើម្បីបង្កភាពងាយស្រួលសល់ការសិក្សារបស់ពួកគេ។ យុវតី សាន ទៀង បានប្រាប់ដូច្នេះថា៖« ខ្ញុំចង់ឱ្យគាត់(ក្រសួងអប់រំ)ដាក់បង្អួញ រៀបពីដាន និងប្រកដំបូលឡើងវិញ ព្រោះយើងពិបាករៀនដែរ។ពេលខ្លះយើងត្រូវប្ដូរតុចុះឡើង ដើម្បីគេចភ្លៀង»៕


លោក ផាត ផុន នាយករងវិទ្យាល័យបូទុមសាគរ


ស្ថានភាពលិចធ្លាយពីដានអាគារ

 
 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជ ននិងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុ របស់ សហភាពអឺរ៉ុបនិ ងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រា ល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរ បស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
  
 
 
 
 

Tag:
 អប់រំ
  វិទ្យាល័យបូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com