កីឡាអន្តរជាតិ
អន្តរជាតិ
West Ham ទិញ Lucas Paquetaពី Lyon ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
30, Aug 2022 , 11:29 pm        
រូបភាព
ក្លិប West Ham United ថ្ងៃទី២៩ ខែសីហា បានបំបែកកំណត់ត្រាទិញកីឡាករថ្លៃបំផុតរបសខ្លួន ក្រោយចុះកិច្ចសន្យាកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីល ​Lucas Paqueta ពីក្រុម Olympique Lyon តម្លៃ ៥១លានផោន (៥៩,៦លានដុល្លារ)។



នាំយក Lucas Paqueta ពី Lyon តម្លៃ ៥៩,៦លានដុល្លារនេះ ជាតម្លៃមួយដែលខ្ពស់បំផុតដែល West Ham មិនធ្លាប់បានចំណាយពីមុនមក។ កីឡាករដែលក្រុម ញញ្ញួរយក្សធ្លាប់នាំចូលថ្លៃបំផុតគឺ ខ្សែប្រយុទ្ធ Sebastien Haller ក្នុងឆ្នាំ ២០១៩។ កីឡាករវ័យ ២៥ឆ្នាំ រូបនេះជាកីឡាករទី៨ ហើយដែលលោក Devid Moyes បាននាំមករដូវកាលនេះ ដោយទទួលបានកិច្ចសន្យា៥ឆ្នាំជាមួយក្លិបភាគខាងកើតទីក្រុងឡុងដ៍មួយនេះ។
 
ក្នុងសន្និសីទកាសែតពេលបង្ហាញខ្លួន Paqueta បាននិយាយថា រូបគេមានអារម្មណ៍សប្បាយចិត្តខ្លាំង ដែលទទួលបានបទពិសោធថ្មី ហើយក៏រំពឹងជោគជ័យនៅលីគអង់គ្លេស។
«ខ្ញុំពិតជាសប្បាយចិត្តដែលបានមកដល់ទីនេះ។ ខ្ញុំរំពឹងថានេះជាការចាប់ផ្តើមដំបូងនៃដំណើរនៅ Premier League របស់ខ្ញុំ ហើយខ្ញុំក៏រំពឹងទទួលបានជោគជ័យនៅទីនេះ។ រដូវកាលមុន ​West Ham ក៏បង្ហាញទម្រង់លេងបានយ៉ាងល្អ ដូច្នេះខ្ញុំសង្ឃឹមថាពួកគេក៏បន្តលេងបានល្អ ហើយនឹងល្អបន្ថែមទៀតសម្រាប់រដូវកាលនេះក៏ដូចជាពេលវេលាខ្ញុំនៅទីនេះ។»។ Paqueta និយាយបែបនេះ។
 
Paqueta អំឡុងពេលលេងនៅ Lyon បង្ហាញខ្លួនឱ្យក្រុមខ្លាំងរបស់បារាំងបានចំនួន៨០លើក ក្រោយផ្លាស់ពីក្រុម AC Milan ក្នុងតម្លៃខ្លួន១៨លានដុល្លារ កាលឆ្នាំ ២០២០។
ជាមួយការមកដល់កីឡាករវ័យ ២៥ឆ្នាំ លោក Devid Moyes និយាយថាលោកសម្លឹងឃើញការប្រកួតប្រជែងរបស់ក្រុមនៅក្នុងពានរង្វាន់អឺរ៉ុប។
 
«រូបគេជាកីឡាករដែលខ្ញុំតែងតែចង់បានរយៈពេលយូរមកហើយ ហើយពិតណាស់ យើងមើលឃើញរូបគេក៏ព្រោះតែរដូវកាលមុន យើងខិតកៀកអាចនឹងឈ្នះពានរង្វាន់ Europa League។ យើងក៏រំពឹងទទួលបានផលវិជ្ជមានពីកីឡាករដ៏មានទេពកោសល្យដូចរូបគេ ហើយគេក៏ត្រូវការពេលវេលាសម្រាប់ការលេងនៅ Premier League។» នេះជាការបញ្ជាក់របស់លោក Moyes។
 

Tag:
 West Ham United
  Lucas Paqueta
© រក្សាសិទ្ធិដោយ thmeythmey.com