ជាតិ
ពីនេះ ពីនោះ
ញាណសម្បយុត្ដ គឺចិត្តដែលប្រកបដោយប្រាជ្ញា, សេចក្តីដឹង
07, Apr 2023 , 7:29 am        
រូបភាព
តាមវចនានុក្រមខ្មែរសម្តេច ព្រះសង្ឃរាជ ជួន ណាត ពាក្យ «សម្បយុត្ត» [អានថា ស័ម-ប៉ៈយុត] ជាកិរិយាសព្ទ និងគុណសព្ទ ដែលមានន័យថា ប្រកប, ផ្សំ; ដែលប្រកប, ដែលផ្សំហើយ, ដែលលាយច្រឡំ, ដែលរួមចូលគ្នា។ ចិត្តសម្បយុត្តដោយអំណរ ។

 
បន្ថែមពីលើនេះ វចនានុក្រម លើកយកពាក្យ «ញាណសម្បយុត្ត» មកពន្យល់។ ពាក្យនេះ សំដៅលើ ចិត្តដែលប្រកបដោយសេចក្ដីដឹង; ចិត្តដែលប្រកបដោយប្រាជ្ញា គឺចិត្ដដែលមានជំនឿព្រមទាំងប្រាជ្ញាក៏មានផង។ 
 
ធ្វើបុណ្យដោយញាណសម្បយុត្ដ;កិច្ចការអ្វីៗដែលគេធ្វើដោយការយល់ជាក់ខ្លួនឯង ក៏ហៅថា ធ្វើដោយញាណសម្បយុត្ត ដែរ។ រីឯសទ្ធាសម្បយុត្ត គឺចិត្តដែលសម្បយុត្តដោយសទ្ធា ។ ល ។
 
ផ្ទុយពីញាណសម្បយុត្ត គឺ ញាណវិប្បយុត្ដ ដែលមានន័យថា ដែលប្រាសចាកសេចក្ដីដឹង; ចិត្តដែលមានតែជំនឿឥតមានសេចក្ដីដឹងការខុសឬត្រូវឡើយ។ 
 
ធ្វើបុណ្យដោយញាណវិប្បយុត្ត គឺធ្វើបុណ្យកុសលណាមួយដោយជឿជាក់ថាបានបុណ្យ ប៉ុន្តែឥតមានសេចក្ដីដឹងអ្វីប្លែកជាងជំនឿនោះឡើយ; កិច្ចការអ្វីៗដែលអ្នកធ្វើៗតាមតែបង្គាប់គេ ឥតមានយល់ជាក់ខ្លួនឯងសោះ ក៏ហៅថា ធ្វើដោយញាណវិប្បយុត្ដ ដែរ ៕

© រក្សាសិទ្ធិដោយ thmeythmey.com