កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ជំនួបតានតឹង ព្រះខ័នរាជ-អគ្គិសនី, ណាហ្គា-ក្រោន ខណៈបឹងកេត និងវិសាខសង្ឃឹមខ្ពស់
31, Aug 2022 , 11:10 am        
រូបភាព
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជ និងលោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនី កាលពីជំនួបជើងទីមួយ
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជ និងលោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនី កាលពីជំនួបជើងទីមួយ
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានសម្ដេច ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) អាចនឹងដូចរដូវកាលឆ្នាំ ២០២១ ប្រសិនជាព្រះខ័នរាជស្វាយរៀង, បឹងកេត, ភ្នំពេញក្រោន និង
វិសាខា ឈ្នះ ជំនួបជើងទី២ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ការប្រកួតរវាងព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ហើយនិងជំនួបរវាង ណាហ្គាវើលដ៍និងភ្នំពេញក្រោន នៅតែមានភាពតានតឹង ដោយជើងទី១ បញ្ចប់ទៅត្រឹមលទ្ធផលស្មើ។

 
លោក Conor Nestor គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថាក្រុមទើបប្រកួតជាមួយក្រុមបឹងកេត នៅក្នុងលីគហើយមានការពិបាកខ្លះសម្រាប់ជំនួបជាមួយអគ្គិសនីកម្ពុជា។ក្រុមមានទីតាំងនៅខេត្តស្វាយរៀងនេះ បានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអគ្គិសនីកម្ពុជានៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦:៣០ល្ងាច ថ្ងៃទី៣១ ខែសីហា នេះ។ 


 
គ្រូបង្វឹករូបនេះមិនដែលមើលស្រាលគូប្រកួតឡើង បើទោះជាក្រុមខ្លួនធ្លាប់ឈ្នះអគ្គិសនីកម្ពុជា ក៏ដោយ។ម្យ៉ាងវិញទៀតនោះ អគ្គិសនីកម្ពុជា ក៏ជាក្រុមខ្លាំងមួយផងដែរ នៅក្នុងលីគ២។ លោក ទុំសារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា អះអាងដូចគ្នាដែរថា ការជួបជាមួយព្រះខ័នរាជស្វាយរៀង គឺមិនមែនជារឿងងាយស្រួលទេ សម្រាប់យកជ័យជំនះ​។ ម្យ៉ាងវិញទៀត
ក្រុមមួយនេះ មានអ្នកគាំទ្រច្រើនណាស់នៅក្នុងទឹកដីរបស់គេ។ តែទោះជាយ៉ាងនោះក្ដីគ្រូបង្វឹករូបនេះ ការត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតនីមួយៗទោះជាជួបក្រុមណាក៏ដោយ គឺជាកាតព្វកិច្ចរបស់កីឡាករ គ្រូបង្វឹក និងក្រុមទាំងមូល។ 
 
«ព្រះខ័នរាជស្វាយរៀងមានអ្នកគាំទ្រច្រើន នៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង តែសម្រាប់ខាងយើងការត្រៀមខ្លួនឲ្យល្អ ការបំប៉នស្មារតីប្រកួត និងកាយសម្បាទា គឺជាការត្រៀមខ្លួន
ដែលយើងត្រូវធ្វើ មិនថាជួបគូប្រកួតខ្លាំងឬក៏ខ្សោយទេ។»។ លោកទុំ សារ៉ាយ បានបញ្ជាក់ប្រាប់ដូច្នេះ។
 
ទន្ទឹមពេលគ្នានេះភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋានស្តាតចាស់។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បញ្ជាក់ថា ក្លិប បានធ្វើដំណើរឆ្ងាយទៅប្រកួត



ខេត្តសៀមរាបជាមួយ អង្គរថាយហ្គឺ ហើយកីឡាករ មានភាពនឿយហត់បន្ដិចប៉ុន្ដែស្មារតីប្រកួតនៅតែមានសម្រាប់ជំនួបនេះ។ «កីឡាកររបស់យើង បានរក្សាសុខភាពបានល្អ ប៉ុន្ដែមានកីឡាករ យ៉ើ សាហ្វី តែម្នាក់ប៉ុណ្ណោះជាប់ពិន័យ មិនអាចប្រកួតបានដោយសារទទួល បានកាតលឿង២ នៅជំនួបជើងទី១។ ក្រៅពីនេះកីឡាករទាំងអស់ គឺត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត ជាមួយនិងស្មារតីប្រកួតដ៏មុះមុតនិងការលើកទឹកចិត្តគ្នាទៅវិញទៅមកសម្រាប់ការបោះជំហានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។»។ 
 
ចំពោះការត្រៀមខ្លួនរបស់ក្រុមណាហ្គាវើលដ៍បែបណានោះ សារព័ត៌មានថ្មីៗ មិនអាចទាក់ទងគ្រូបង្វឹកបានទេ។ ក្នុងថ្ងៃជាមួយគ្នានេះបឹងកេត ត្រូវទទួល កោះកុងអេហ្វស៊ី នៅកីឡដ្ឋាន Cambodian Airway។  ការប្រកួតនេះ បឹងកេត ដូចជាមិនមានសម្ពាធទេ ដោយប្រកួតក្រៅដី ម្ចាស់ផ្ទះនេះឈ្នះកោះកុង២-០ ក្នុងជើងទី១។ រីឯវិសាខា ត្រូវស្វាគមន៍ កងយោធពលខេមរភូមិន្ទនៅកីឡដ្ឋានព្រីនស៍។ ក្លិបទ័ព នឹងត្រូវប្រកួតអស់ពីសមត្ថភាព ដោយជើងទី១ វិសាខាឈ្នះ​ក្នុងលទ្ធផល ៣-១។គួរបញ្ចាក់ថា ប្រសិនការប្រកួតឆ្នាំ២០២១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បឹងកេត ជួប វិសាខា ហើយព្រះខ័នរាជស្វាយរៀង ស្វាគមន៍ភ្នំពេញក្រោន។ ប្រសិនលទ្ធផលនៅថ្ងៃស្អែក ៤ក្រុមនេះ ឡើងទៅវគ្គបន្ទាប់ តើវិសាខាអាចការពារដំណែងជើងឯក បានទេប្រសិនមានឱកាសឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រ?
 
 
 

Tag:
 បាល់ទាត់​
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com