ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន៖ កូនខ្ញុំ ចេះគោរពគ្នាណាស់
31, Aug 2022 , 12:14 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ក្នុងដំណើរ_តាមយន្តហោះរួមគ្នាមួយ។ រូបថត FB Hun Mani
លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី ក្នុងដំណើរ_តាមយន្តហោះរួមគ្នាមួយ។ រូបថត FB Hun Mani
«បងប្អូនគេ គេមានឋានានុក្រមរបស់គេ! គេ [លោក ហ៊ុន ម៉ានី] ស្តាប់បងរបស់គេណាស់! គេគ្មានមហិច្ឆតាធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេទេ»។ នេះជាប្រតិកម្មរបស់​របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឆ្លើយតបទៅនឹង​អត្ថបទ​អត្ថាធិប្បាយមួយ​របស់​សារព័ត៌មាន The Cambodia Daily។ តាម​រយៈ​វត្តមាននៃសៀវភៅពីរ​ក្បាល​ផ្សេងគ្នា​ដែលនិយាយអំពី​លោក ហ៊ុន ម៉ាណែត និង​អំពីលោក ហ៊ុន ម៉ានី សារព័ត៌មាននេះ​បាន​ផ្សាយអត្ថបទវិភាគមួយ​នាពេលថ្មីៗនេះដោយអះអាង កូនប្រុស​ទាំងពីរ​របស់សម្តេច ហ៊ុន សែន កំពុងប្រជែង​តួនាទី​នាយករដ្ឋមន្ត្រី​។

 
លោក លាង ដឺលុច ចាងហ្វាងនៃសារព័ត៌មានថ្មីៗ(ThmeyThmey)បានសរសេរ និងបោះពុម្ពសៀវភៅមានចំណងជើងថា «ក្តីសង្ឃឹម​ ហ៊ុន ម៉ានី» ​និង លោក ឆាយ សុផល ​សាស្ត្រាចារ្យ​សារព័ត៌មាន និងទំនាក់ទំនង បានសរសេរសៀវភៅដែលមានចំណងជើងថា៖ «កូនប្រុស​ច្បង​នាយករដ្ឋមន្ត្រី​ ដំណើរ​ឆ្ពោះទៅ​បន្តវេន ​ហ៊ុន ម៉ាណែត​»។ ការសរសេរសៀវភៅរបស់អ្នកនិពន្ធទាំងពីរនេះ ត្រូវបានគេយកវិភាគថាកូនប្រុសរបស់សម្តេច ហ៊ុន សែន កំពុងប្រជែងគ្នាដណ្តើមធ្វើជានាយករដ្ឋមន្ត្រី។  


 
ពីពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនី្នវង្ស និងស្ពានអាកាស សម្តេច គង់ សំអុល នាព្រឹកថ្ងៃទី៣១សីហា សម្តេច ហ៊ុន សែន​ ថ្លែងថា «លោក ឆាយ សុផល សរសេរអំពីកូនប្រុសច្បងនាយករដ្ឋមន្ត្រី, លោក លាង ដឺលុច សរសេរពី ហ៊ុន ម៉ានី [គឺ]គេយកទៅវិភាគនៅខេមបូឌា ដេលី  ដែលគេថា កូនខ្ញុំទាំងពីរ​កំពុងប្រជែងគ្នាធ្វើនាយករដ្ឋមន្ត្រី។​ ជម្លោះផ្ទៃក្នុងគ្រួសារធ្ងន់ធ្ងរ ដែលតម្រូវឱ្យលោក ហ៊ុន​ សែន ចេញមកសម្រួល»។​
 
ជុំវិញនៃការវិភាគនេះ សម្តេច ហ៊ុន សែន បានឆ្លើយតបយ៉ាងដូច្នេះ៖ [ខ្ញុំ] អត់ចាំបាច់មកសម្របសម្រួលទេ! កូនរបស់ខ្ញុំ គេស្គាល់គ្នាណាស់ ហើយគេគោរពបងរបស់គេណាស់»។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានផ្តាំ ថា បើគ្រួសាររបស់ខ្លួនមិនកើត កុំយកគ្រួសាររបស់គេមកប្រៀបធៀបដូចគ្រួសាររបស់ខ្លួន៕ 




 

Tag:
 សម្តេច​ ហ៊ុន សែន
  ហ៊ុន ម៉ាណែត
  ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com