ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី៖ ការបង្កើនអាសនៈ​រាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ មិនមែនឱ្យជំនុំគ្នាលេងអុក ទេ
31, Aug 2022 , 7:59 pm        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
រាជរដ្ឋាភិបាល បានធ្វើវិសោធនកម្មច្បាប់ ដោយបង្កើនអាសនៈថ្នាក់រាជធានី-ខេត្ត រួមទាំងបង្កើនអាសនៈឱ្យថ្នាក់ក្រុង ស្រុក ខណ្ឌ  ជាបន្តបន្ទាប់។ ​សម្តេច ហ៊ុន សែន​​ បានបញ្ជាក់ថា​ ការបង្កើន និងផ្ទេរអាសនៈនេះ គឺមិនមែនឱ្យមន្ត្រីទាំងនោះ មកអង្គុយជំនុំគ្នាលេងអុកទេ។

 
ប្រមុខរាជរដ្ឋាភិបាល បញ្ជាគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ ឱ្យចេះដោះស្រាយ​និងជួសជុលផ្លូវដែលខូចខាត និងបញ្ហាមូលដ្ឋាន ដោយកុំរុញដាក់គ្នា ឬចាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន មកជួសជុល។  ការលើកឡើងបែបនេះ ធ្វើឡើងប​ន្ទាប់ពី សម្តេច ហ៊ុន សែន បានដកចៅហ្វាយក្រុងតាខ្មៅចេញពីតំណែង កាលពីថ្ងៃទី២២សីហា ឆ្នាំ២០២២ ព្រោះតែមិនយកចិត្តទុកដាក់លើការងារ ខណៈផ្លូវនៅតាមមូលដ្ឋាននៃក្រុងនេះ​ មានកន្លែងខូចខាតជាច្រើន។​
 
បច្ចុប្បន្ន ​នៅតាមមូលដ្ឋាននីមួយៗមានកិច្ចការងារច្រើន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ និង ផ្ទេរសិទ្ធិអំណាចកាន់តែច្រើន ទៅឱ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនិងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ។​ ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសព្រះមុនី្នវង្ស និងស្ពានអាកាស សម្តេច គង់ សំអុល នាព្រឹកថ្ងៃទី៣១សីហា សម្តេច ហ៊ុន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ប៉ុន្តែ ការផ្ទេរនេះ មិនមែនឱ្យអស់លោកទៅដើម្បីអង្គុយជំនុំគ្នាលេងអុកទេ! គឺអត់ទេ»។ 
 
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន គ្រប់អាជ្ញាធរខេត្តទាំងអស់ ដែលទទួលខុសត្រូវមើលទីក្រុង ទីប្រជុំជន គឺត្រូវតែមើលផ្លូវ និងជួសជុលផ្លូវភ្លាមៗ បើសិនមានកន្លែងណាខូចខាត។ «អ៊ីចឹង! [ខ្ញុំ]សូមរំឭក ផ្លូវកាន់តែច្រើន តម្រូវការជួសជុលក៏កាន់តែច្រើន! ផ្លូវកាន់តែវែង តម្រូវការជួសជុលក៏កាន់តែច្រើន»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយទាមទារឱ្យអាជ្ញាធរទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ទៅលើការថែទាំផ្លូវ ដើម្បីឱ្យផ្លូវប្រើប្រាស់បានយូរ ជាពិសេសត្រូវហាមឃាត់ និងដាក់វិន័យចំពោះរថយន្តដឹកទំនិញលើសទម្ងន់។
 
កាលពីថ្ងៃទី១មេសា ឆ្នាំ២០២២ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងលើ«សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ វិសោធនកម្មនេះ សំដៅលើការបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
 
ការអនុម័តដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាត្រា ១៤០ថ្មី បានកំណត់សមាសភាពគណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១រូប។ គណៈអភិបាលខេត្តមានចំនួនពី៧រូប ទៅ១១រូប និង គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥រូប ទៅ៧រូប។
 
បន្ទាប់ពីសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ» ត្រូវបានអនុម័តហើយនោះ គឺឃើញការតែងតែអភិបាលរងរាជធានី និងខេត្តជាបន្តបន្ទាប់៕
 
 
 
 
 
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com