ជាតិ
សេដ្ឋកិច្ច
ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា មានជាង ៦០ម៉ឺនហិកតា ប្រហាក់ប្រហែលវៀតណាម
31, Aug 2022 , 8:59 pm        
រូបភាព
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រូបពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ចាប់ពីខែមករា ដល់ដំណាច់ខែមេសា ផ្ទៃដីដាំដំណាំនៅទូទាំងប្រទេសកម្ពុជាមានជាង ៧,២លានហិកតា ខណៈផ្ទៃដីដាំកៅស៊ូមានជាង ៦០ម៉ឺនហិចតា ។ នេះបើតាមរបាយការណ៍ក្រសួងបរិស្ថាន។



នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ នាព្រឹកថ្ងៃទី៣១ សីហា សម្ដេច ហ៊ុន សែន បានរំលឹកពីចរន្តនៃការផ្គង់ផ្គង់ស្បៀងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ​៨០ និង៩០ មានការខ្វះខាត ដោយសារតែចំនួនប្រជាជនមានការកើនឡើង ព្រមទាំងកង្វះនៃសម្ភារៈបច្ចេកទេសសម្រាប់ដាំដុះដំណាំនាពេលនោះ។
 
សម្តេច ​ហ៊ុន សែន បានប្រៀបធៀបផ្ទៃដីដាំដំណាំក្រោយពេលការដួលរលំនៃរបប ប៉ុល ពត ដែលនាពេលនោះ ផ្ទៃដីដាំដំណាំស្រូវមានជិត ១លានហិកតា​ ខណៈពេលបច្ចុប្បន្នមានជាង ៤លានហិកតា​។ ចំណែកកៅស៊ូក្នុងកំឡុងពេលនោះគ្របដណ្តប់លើផ្ទៃដីប្រមាណ ៦ម៉ឺនហិកតា ធៀបនិងពេលនេះ​ មានជាង ៦០ម៉ឺនហិកតា។ ការកើនឡើងនៃផ្ទៃដីដាំដំណាំទាំងនេះ បានរួមចំណែកក្នុងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា ផ្ទៃដីដាំកៅស៊ូរបស់កម្ពុជាបច្ចុប្បន្ន មានប្រហាក់ប្រហែលផ្ទៃដីដាំកៅស៊ូនៅប្រទេសវៀតណាម ។ ចំនួននេះ នឹងអាចកើនឡើងទៀតនាពេលខាងមុខ ដោយសារប្រជាពលរដ្ឋបានផ្លាស់ប្តូរពីការធ្វើស្រូវ មកធ្វើដំណាំកៅស៊ូវិញ។ 
 
សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖«អ៊ីចឹងដីខ្មែរវាអត់ទៅណាទេ ព្រៃខ្លះវាបាត់បង់ តែវាជំនួយមកវិញដោយកៅស៊ូ ព្រៃរេចរឹលខ្លះវាបាត់បង់ តែជំនួសមកវិញដោយស្វាយចន្ទី ព្រៃខ្លះវាបាត់បង់ តែវាជំនួសមកវិញដោយដូងប្រេង ការអភិវឌ្ឍន៍គឺបែបនេះហើយ »។  
 
រយៈពេល ៧ខែឆ្នាំ២០២២នេះ កម្ពុជាសម្រចនាំចេញជ័រកៅស៊ូជាង ១៦ម៉ឺនតោន ដោយទទួលបានចំណូលជាង ២៥៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។ 
 
កាលពីខែមិថុនាកន្លងមក តម្លៃលក់ជ័រកៅស៊ូជាមធ្យម ១​ ៥៧២ដុល្លារក្នុងមួយតោន ថយចុះ ៩ភាគរយ បើធៀបតម្លៃក្នុងខែដដែលនាឆ្នាំ ២០២១។ ចំណែក តម្លៃនៃការលក់ឈើកៅស៊ូជាមធ្យមក្នុងខែមិថុនាគឺ ១៤១ដុល្លារក្នុងមួយម៉ែត្រគូប។ នេះបើតាមរបាយការណ៍ស្តីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែកក្កដា ឆ្នាំ២០២២។ 
 
សូមជម្រាបថា ចាប់ពីខែមករា ដល់ដំណាច់ខែមេសា ផ្ទៃដីដាំដំណាំនៅកម្ពុជាមានជាង ៧,២លានហិកតា។ ក្នុងនោះរួមមាន កៅស៊ូ ៦៦ ៤៥៥ហិកតា, ស្រូវ ៤ ០៦១ ៨១៦ហិកតា, ស្វាយ ២៩៩ ៧១០ហិកតា, ស្វាយចន្ទី ២៣០ ២០២ហិកតា, ពោត ១៦៤ ៦២៨ហិកតា, អំពៅ ១៣៣ ៩០៩ហិកតា, ឬស្សី ១១៣ ៥០៦ហិកតា, ម្រេច ៤៧ ៨៧១ហិកតា, ចេក ៣១ ៧៧២ហិកតា, ដូងប្រេង ២០០ ២៧៨ហិកតា, តាង៉ែន ៣ ៦២៧ហិកតា ដំណាំហូបផ្លែដទៃទៀត ២០៥ ៣០០ហិកតា, ផ្សេងៗ ១ ៦៥១ ១១១ហិកតា។ នេះបើតាមរបាយការណ៍ក្រសួងបរិស្ថាន៕
 
 
 

Tag:
 កៅស៊ូ ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com