កីឡាជាតិ
ជាតិ
ចាញ់លទ្ធផល ​៩-០ ដូចគ្នា គ្រូ Bournemouth និង Dundeeត្រូវបណ្តេញចេញថ្ងៃដូចគ្នា
31, Aug 2022 , 10:29 pm        
រូបភាព
លោក Scott Parker អ្នកចាត់ការក្រុម AFC Bournemouth ដែលទើបវិលត្រលប់មកពីក្របខណ្ឌ Championship ថ្ងៃទី៣០ ខែសីហា ត្រូវក្លិបបណ្តេញចេញ៣ថ្ងៃក្រោយ បន្ទាប់ពីប្រកួតចាញ់ Liverpool ដល់ទៅ ៩-០ ។ នៅស្កុតឡែនវិញ លោក Jack Ross ត្រូវក្រុម Dundee United នៅលីគកំពូលស្កុតឡែន បណ្តេញចេញថ្ងៃដូចគ្នា។



អាចជាការចាប់ផ្តើមដ៏អាក្រក់សម្រាប់ AFC Bournemouth ក៏ដូចជាលោក Parker ឆ្លងកាត់៤ប្រកួតដើមរដូវកាលនៅ Premier League រកបានត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ហើយស្ថិតនៅលំដាប់លេខ១៧ ក្នុងតារាង។  Bournemouth ចាប់ផ្តើមជំនួបដំបូងឈ្នះ Aston Villa ២-០ ក៏ពិតមែន តែ៣ប្រកួតចុងក្រោយក្រុមលោក Parker រងបរាជ័យបន្តបន្ទាប់ ដោយចាញ់ man City ៤-០ ចាញ់ Arsenal ៣-០ និងចាញ់ Liverpool ឆ្ងន់បំផុត ៩-០។ 
 
ក្រោយត្រូវបានក្លិបប្រកាសបណ្តេញចេញ លោក Maxim Demin ត្រូវជាម្ចាស់ក្លិប Bournemouth បានចេញសេចក្តីប្រកាសអរគុណលោក Scott Parker ចំពោះការខិតខំប្រឹងប្រែងជួយក្រុមកន្លងមក។
 
«ខ្ញុំចង់កត់ត្រារាល់ការដឹងគុណរបស់ខ្ញុំចំពោះការខិតខំប្រឹងប្រែងរបស់លោក Scott និងក្រុមការងាររបស់លោកអំឡុងពេលធ្លាប់រួមរស់ជាមួយយើងកន្លងមក។ ទោះជាយ៉ាងនេះ ក្នុងការបន្តដំណើរការក្នុងនាមជាក្រុមមួយ ហើយក្លិបទាំងមូលតាមគោលដៅដែលគ្រោងទុកនិងជានិរន្តរភាព គ្មានលក្ខខណ្ឌណាមួយអាចបង្អាកដំណើរយើងបានឡើយ។»។ នេះបើតាមសម្តីរបស់លោក Maxim Demin។
 
ក្លិប Bournemouth ក៏បានប្រកាសដែរថាពួកគេកំពុងតែស្វែងរកអ្នកចាត់ការថ្មីក្នុងការកាន់កាប់ការងារ ហើយលោក Gary O’Neil ត្រូវដឹកនាំក្រុមបណ្តោះអាសន្ន។
ដោយឡែក គ្រូបង្វឹកក្រុម Dundee United នៃលីគស្កុតឡែនឯណោះវិញ គឺលោក Jack Ross គ៏ត្រូវបានក្លិបបណ្តេញចេញថ្ងៃតែមួយដូចលោក Parker ដែរ។ ពោលគឺក្រោយ៣ថ្ងៃក្រោយ​ ​Dundee United ត្រូវក្រុម Celtic FC លត់ ៩-០។
 
បើតាមក្លិប Dundee United ថ្ងៃទី៣០ ខែសីហា លោក Jack Ross ត្រូវក្លិបបញ្ចប់ការងារ ហើយភ្លាមៗនោះលោក Liam Fox ដែលជាគ្រូជំនួយត្រូវមកគ្រប់គ្រងក្រុមបណ្តោះអាសន្ន។
សូមជម្រាបថា ​AFC Bournemouth នឹងត្រូវស្វាគមន៍ក្រុម ​Wolverhampton Wanderer សម្រាប់ជំនួបសប្តាហ៍ទី៥ នៃយុទ្ធនាការ Premier League។ ចំណែក Dundee United ត្រូវប៉ះក្រុម Livingston នៃជំនួបពានរង្វាន់ League Cup របស់ស្កុតឡែនយប់ថ្ងៃទី៣១ ខែសីហានេះ៕
 

Tag:
 Scott Parker
  Bournemouth
  Dundee United
© រក្សាសិទ្ធិដោយ thmeythmey.com