ជាតិ
សុខភាព
វេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត ឈឹម សុធារ៉ា ជាប់ជ័យលាភីពានរង្វាន់ណូបែលអាស៊ី «Ramon Magsaysay»
31, Aug 2022 , 6:53 pm        
រូបភាព
ជាង២០ឆ្នាំក្នុងការងារព្យាបាលជំងឺផ្លូវចិត្តពលរដ្ឋខ្មែរតាមបណ្តារាជធានី-ខេត្ត វេជ្ជបណ្ឌិត ឈឹម សុធារ៉ា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងនាមជាជ័យលាភីពានរង្វាន់ Ramon Magsaysay Award ឆ្នាំ២០២២។ បង្កើតឡើងនៅឆ្នាំ១៩៥៨ ពានរង្វាន់ដែលដាក់តាមឈ្មោះប្រធានាធិបតីទី៧ហ្វីលីពីន លោក Ramon Magsaysay ត្រូវបានចាត់ទុកដូចជា «ពានរង្វាន់ណូបែលអាស៊ី»។ សម្រាប់ពានរង្វាន់ដែលឈានដល់ខួបលើកទី៦៤នេះ លោក ឈឹម សុធារ៉ា ក៏ក្លាយជាជ័យលាភីទី៧ក្នុងនាមជាពលរដ្ឋកម្ពុជា។

 
លោក ឈឹម សុធារ៉ា ជាវេជ្ជបណ្ឌិតឯកទេសជំងឺផ្លូវចិត្ត និងជានាយកអង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO Cambodia)។ ជាការភ្ញាក់ផ្អើល ហើយក៏ជារីករាយមួយ សម្រាប់បណ្ឌិតជំនាញផ្លូវចិត្តរូបនេះ ដោយលោកចាត់ទុកថា ជាការផ្តល់តម្លៃលើការងាររបស់លោកក្នុងបេសកកម្មប្រឹក្សាយោបល់ និងព្យាបាលអ្នកមានជំងឺផ្លូវចិត្ត។
 
ទាក់ទងនឹងពានរង្វាន់ Ramon Magsaysay ឬ ណូបែលអាស៊ី នេះ វេជ្ជបណ្ឌិតវ័យ៥៤ឆ្នាំនេះ បានរៀបរាប់ប្រាប់ ThmeyThmey25 ថា កន្លងមក ធ្លាប់មានក្រុមការងារមកសម្ភាសលោកអំពីប្រវត្តិជីវិត ការងារ និងកម្រិតវប្បធម៌របស់លោក។ រហូតដល់ឆ្នាំ២០២០ លោកត្រូវបានក្រុមការងារពានរង្វាន់ណូបែល តាមដាន និងឃ្លាំសកម្មភាពរបស់លោក មុននឹងសម្រេចថា លោកជាបេក្ខជនម្នាក់ ដែលទទួលពានរង្វាន់។ 
 
«គេសម្ភាសខ្ញុំយូរមក តែខ្ញុំអត់ចាំពេលណាទេ។ ខ្ញុំប្រាប់គេថា ដំបូងខ្ញុំធ្វើការនៅគ្លីនិក តែធ្វើនៅគ្លីនិកព្យាបាលបានតែម្នាក់ដូច្នេះ ខ្ញុំក៏ប្តូរទៅធ្វើនៅសហគមន៍ ព្រោះព្យាបាលអ្នកជំងឺបានច្រើន។ ម្យ៉ាងការព្យាបាលជំងឺផ្លូវចិត្ត យើងត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍។ អ៊ីចឹង ខ្ញុំធ្វើការនៅអង្គការ TPO នេះ ជួយអ្នកជំងឺផង គ្រួសារផង និងសហគមន៍ផង ហើយវាជាចំណុចសំខាន់»។ 
ក្រៅពីនេះ ក៏នៅមានពីរចំណុចទៀតរួមផ្សំផងដែរ ដោយផ្តោតទៅលើការសិក្សារបស់លោក។ ការសិក្សានៅក្រៅប្រទេស និងបទសោធន៍ការងារជាច្រើន ប្រាកដណាស់លោកអាចធ្វើការ និងរស់នៅក្រៅប្រទេសបានយ៉ាងស្រួល។ ប៉ុន្តែ វេជ្ជបណ្ឌិតរូបនេះ ជ្រើសរើសវិលត្រឡប់មកកាន់មាតុភូមិវិញ ដើម្បីជួយព្យាបាលប្រជាជនខ្មែរ។ 
 
ចំណុចសំខាន់ចុងក្រោយ គឺការរកឃើញជំងឺបាក់ស្បាតរបស់លោក។ លោកបានលើកឡើងថា៖«ចំពោះជំងឺផ្លូវចិត្ត ខ្ញុំសិក្សាទៅ ករណីខ្លះមានទូទាំងពិភពលោក តែករណីខ្លះវាមានតែក្នុងស្រុកខ្មែរ ដូចជា បាក់ស្បាត។ អ៊ីចឹងខ្ញុំសិក្សាទៅវាមានលក្ខណៈពិសេស ដែលវាបង្កើតឱ្យមានការសិក្សាតាមរយៈវប្បធម៌»។ 
 
កត្តាធំៗទាំង៣នេះ បានធ្វើឱ្យលោក ឈឹមសុធារ៉ា ជាជនជាតិខ្មែរមួយរូប ដែលទទួលបានពានរង្វាន់ Magsaysay Awards ឬហៅម្យ៉ាងទៀតថា «ពានរង្វាន់ណូបែលអាស៊ី»។ ក្រោយទទួលបានដំណឹង វេជ្ជបណ្ឌិតរូបនេះ ស្ទើរតែមិនជឿ ហើយបានគិតថា ប្រហែលជាការបោកប្រាស់តាមទូរសព្ទដៃ។ 
 
«ខែមុនគេ call មកប្រាប់ថា ខ្ញុំត្រូវបានជ្រើសរើសឱ្យទទួលបានពានរង្វាន់ណូបែលអាស៊ី។ ដំបូងខ្ញុំភ្ញាក់ផ្អើលដែរ គិតថាពួកគាត់ប្រហែលជាអ្នកបោកប្រាស់តាមប្រព័ន្ធអនឡាញហើយមើលទៅ។ រហូតដល់គេផ្តល់ភស្តុតាងជាច្រើន ដែលគេបានសម្ភាស និងតាមដានការងារខ្ញុំ ទើបខ្ញុំជឿ»។ នេះជាការលើកឡើងរបស់លោក ឈឹម សុធារ៉ា នៅពេលទទួលបានដំណឹងភ្លាមៗ។ 
 
នាខែវិច្ឆិកា ខាងមុខ លោក សុធារ៉ា នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ដើម្បីទទួលពានរង្វាន់ ជាមួយនឹងទឹកប្រាក់៤ម៉ឺនដុល្លារ។ លោករីករាយយ៉ាងខ្លាំងចំពោះពាន់រង្វាន់នេះ ដ្បិតលោកមិននឹកស្មានថា ការងារជួយអ្នកជំងឺមានបញ្ហាផ្លូវចិត្តរបស់លោកជាង២០ឆ្នាំនេះ ទទួលបានការឱ្យតម្លៃ និងទទួលស្គាល់ដូច្នេះឡើយ។ 
 

លោក សុធារ៉ា នឹងប្រើប្រាស់ប្រាក់រង្វាន់ បង្កើតកម្មវិធីព្យាបាលអ្នកជំងឺផ្លូវចិត្តនៅតាមបណ្តាខេត្ត ជាពិសេសអ្នកដែលជាប់ច្រវាក់។ «ខ្ញុំគិតយូរហើយថា នឹងយកលុយនេះទៅជួយអង្គការដើម្បីព្យាបាលអ្នកជំងឺផ្លូវចិត្ត ដែលត្រូវគេចង ដាក់ច្រវាក់ ដោយសារក្រុមគ្រួសារក្រ អត់មានលុយព្យាបាល គេក៏ចងទុកចោល។ ខ្ញុំមានកម្មវិធីព្យាបាលនេះយូរហើយ តែខ្ញុំយកលុយនេះជួយបន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោក ឈឹម សុធារ៉ា អគ្គនាយកអង្គការចិត្តសង្គម អន្តរវប្បធម៌(TPO Cambodia)។
សម្រាប់ឆ្នាំ២០២២ នេះ លោក ឈឹម សុធារ៉ា ពីកម្ពុជាទទួលបានពានរង្វាន់ចំពោះកិច្ចខំប្រឹងប្រែងរបស់លោកលើការងារសុខភាពផ្លូវចិត្ត រីឯជ័យលាភី៣រូបទៀត មាន លោក Tadashi Hattori ជនជាតិជប៉ុន លើតស៊ូមតិផ្នែកគំហើញមនុស្សធម៌, លោកស្រី Bernadette Madrid ជនជាតិហ្វីលីពីន ក្នុងការខិតខំលើកកម្ពស់សិទ្ធិកុមារ និងលោក Gary Benchenghib ជនជាតិឥណ្ឌូណេស៊ី សម្រាប់យុទ្ធនាការប្រឆាំងនឹងការបំពុលដោយប្លាស្ទិក។
 
លោក ឈឹម សុធារ៉ា ជាពលរដ្ឋកម្ពុជាទី៧ដែលត្រូវទទួលពានរង្វាន់ប្រកបដោយកិត្យានុភាពប្រចាំតំបន់អាស៊ីមួយនេះ។ ជ័យលាភី៦រូបកន្លងមកសុទ្ធតែត្រូវបានទទួលស្គាល់ចំពោះបេសកកម្មផ្សេងៗគ្នា ដែលរួមមាន លោកស្រី នួន ផល្លី (ឆ្នាំ១៩៩៨),លោកស្រី អ៊ុង ចាន់ថុល (ឆ្នាំ២០០១), លោក ឯក សុនចាន់ (ឆ្នាំ២០០៦), លោក គល់ បញ្ញា (ឆ្នាំ២០១១), លោក យ៉ង សាំងកុមារ (ឆ្នាំ២០១២) និងលោក ឆាង យុ (ឆ្នាំ២០១៨)។
 
ក្រៅពីនេះ កាលពីឆ្នាំ១៩៦៦ គណៈកម្មាធិការសម្របសម្រួលការស៊ើបអង្កេតនៃអាងទន្លេមេគង្គក្រោម និងកិច្ចសហប្រតិបត្តិការ ដែលដែលស្គាល់ជាទូទៅថា គណៈកម្មការទន្លេមេគង្គ បានទទួលបានរង្វាន់ Magsaysay Award សម្រាប់បេសកកម្មនៅកម្ពុជា។ ជនជាតិបរទេសពីររូបដែលបានបម្រើការនៅកម្ពុជា គឺលោកស្រី Dita Indah Sari ជនជាតិឥណ្ឌូណេស៊ី ជាប់ជាជ័យលាភីនៅឆ្នាំ២០០១ និងលោក Yoshiaki Ishizawa ជនជាតិជប៉ុន ទទួលបាននៅឆ្នាំ២០១៧៕
 

© រក្សាសិទ្ធិដោយ thmeythmey.com