កីឡាអន្តរជាតិ
អន្តរជាតិ
Haaland បន្តធ្វើបាន Hat-Trick ឱ្យ Man City ខណៈ Arsenal ឈ្នះទាំង៥ប្រកួតជាប់គ្នា
01, Sep 2022 , 9:33 am        
រូបភាព
Erling Haaland ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-Trick) ជាលើកទីពីរក្នុងការប្រកួត Premier League សប្តាហ៍ទី៥​ នៅរាត្រីថ្ងៃទី៣១ ខែសីហា តាមរយៈការជួយ Manchester City ឈ្នះ Nottingham Forest ៦-០។ Arsenal បន្តជ័យជម្នះរបស់ខ្លួន ១០០ភាគរយក្នុងការប្រកួតទាំង៥លើក ក្រោយឈ្នះ Aston Villa ២-១ និងរក្សាកំពូលតារាងលីគកំពូលអង់គ្លេស។


 
ត្រឹមរយៈពេល ៣៨នាទីដំបូងនៃវគ្គទីមួយ Haaland ខ្សែប្រយុទ្ធចំណូលថ្មី Man City អាចធ្វើបាន Hat-Trick ជាថ្មីទៀត បន្ទាប់ពីរូបគេសម្រេចបានដូច្នេះកាលពីចុងសប្តាហ៍មុន។ Julian Alvarez ខ្សែប្រយុទ្ធចំណូលថ្មីសម្រេចបាន២គ្រាប់ម្នាក់ឯងផងដែរ បន្ទាប់ពី ខ្សែការពារ Joao Cancelo ស៊ុតគ្រាប់ទី៤ ឱ្យក្រុមលោក Pep Guardiola ដើម្បីយកឈ្នះក្រុមទើបឡើងថ្មី Nottingham Forest ៦-០។
 
Haaland ខ្សែប្រយុទ្ធសញ្ជាតិន័រវែស ដែលទើបផ្លាស់ពី Borussia Dortmund នៅដើមរដូវកាលនេះ ពិតជាបង្ហាញទម្រង់លេងនៅតំបន់ប្រយុទ្ធដ៏អស្ចារ្យជាមួយបច្ចេកទេសសម្រេចទីដ៏ប៉ិនប្រសព្វ។ បង្ហាញខ្លួននៅលីគកំពូលអង់គ្លេស៥លើក រូបគេអាចធ្វើបាន Hat-Trick ពីរលើក និងសរុបគ្រាប់ស៊ុតនាំមុខគេផងដែរចំនួន ៩គ្រាប់។
 
តាមរយៈជ័យជម្នះនេះ ក្រុមម្ចាស់ការពារតំណែងជើងឯក​ស្ថិតនៅចំណាត់ថ្នាក់ទី២ដដែល ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal ដែលមិនទាន់ស្គាល់ចាញ់ និងស្មើ ចំនួន ២ពិន្ទុ។
Gabriel Jesus ខ្សែប្រយុទ្ធដែលទើបទិញពី Man City រួមជាមួយ Gabriel Martinelli  រកបានម្នាក់មួយគ្រាប់ដើម្បីជួយក្រុមកាំភ្លើងធំយកឈ្នះ Aston Villa ២-១ និងបន្តជ័យជម្នះលើកទី៥របស់ខ្លួនរដូវកាលនេះ។
 
ឈ្នះទាំង៥ប្រកួតជាប់គ្នា ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Mikel Arteta រក្សាកំពូលតារាងលីគកំពូលអង់គ្លេសដោយរកបានពិន្ទុពេញ ១៥ពិន្ទុ។
Liverpool ក៏បន្ទរកបាន៣ពិន្ទុជាថ្មីទៀតផងដែរ តាមរយៈការយកឈ្នះ Newcastle United ២-១។ ហង្សក្រហម ដែលទើបលទត់ AFC Bournemouth ៩-០ ចុងសប្តាហ៍មុនរហូតបណ្តេញគ្រូចេញពីតំណែង ស្ថិតនៅលេខរៀងទី៥ ដោយរកបាន៨ពិន្ទុពីការប្រកួត៥លើក។
 
លទ្ធផលគូផ្សេងទៀត AFC Bournemouth ស្មើជាមួយ Wolves ០-០ និង West Ham United ស្មើ Tottenham Hotspur ១-១៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com