កីឡាជាតិ
ជាតិ
លោក ទុំ សារ៉ាយ៖ ខ្ញុំ មិនរំភើបលើការឈ្នះព្រះខ័នរាជទេ ព្រោះជាក្រុមចាស់ខ្ញុំ
01, Sep 2022 , 2:39 pm        
រូបភាព
លោក ទុំ_ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា
លោក ទុំ_ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា
លោក ទុំ សារា៉យ គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា សប្បាយចិត្តនូវពេលដែលកូនក្រុមខ្លួន ធ្វើបានល្អក្នុងជ័យជម្នះលើព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៣-១ នាជើងទី២ នៃការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៦ (ជម្រុះថ្នាក់ជាតិ) នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ សីហា។


 
ដ្បិតក្រុមខ្លួនអាចទម្លាក់ព្រះខ័នរាជស្វាយរៀងក្តី ប៉ុន្តែលោក ទុំ សារ៉ាយ នៅតែមានមនោសញ្ចេតនាជាមួយក្រុមខ្លាំងមួយនេះ។ នោះក៏ព្រោះតែគ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជារូបនេះ ធ្លាប់ជាអតីតខ្សែបម្រើរបស់ព្រះខ័នរាជស្វាយរៀងដែរ។
 
«ការប្រកួតឈ្នះ ព្រះខ័នរាជស្វាយរៀង ខ្ញុំ មិនមានអារម្មណ៍រំភើបអ្វីទេ ព្រោះជាក្រុមចាស់របស់ខ្ញុំ ហើយកីឡាករ សុទ្ធតែជាអ្នកស្គាល់គ្នា។ ប៉ុន្ដែអ្វី ដែលខ្ញុំរំភើប គឺកូនក្រុមរបសខ្ញុំ ធ្វើបានល្អទាំងអស់គ្នា។»។ នេះបើតាមលោក ទុំ សារ៉ាយ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ។
 
មុនក្លាយជាគ្រូបង្វឹករបស់អគ្គិសនីនេះ លោក ទុំ សារ៉ាយ ធ្លាប់ជាថ្នាលយុវជនរបស់ព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០០២មក រហូតដល់ជាប់ឈុតធំ នៅឆ្នាំ២០១០ ដល់២០១៤។ អតីតខ្សែបម្រើរូបនេះ ធ្លាប់ជួយឲ្យព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្ដេច ហ៊ុន សែន នៅឆ្នាំ២០១២ផងដែរ មុនផ្ទេរទៅលេងឲ្យក្លិបណាហ្គា មួយរដូវកាល នាឆ្នាំ២០១៥-១៦។ ក្រោយចាកចេញពីណាហ្គានោះ លោក ទុំ សារ៉ាយ បានបន្តអាជីពជាមួយអគ្គិសនីកម្ពុជា នៅអំឡុងឆ្នាំ២០១៧ មុនទទួលបានតួនាទីជាគ្រូបង្វឹកក្រុមនេះ។  
 
សម្រាប់ជ័យជម្នះនេះ គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លោក Conor Nestor ក៏បង្ហាញការសប្បាយចិត្តជំនួស អគ្គិសនីកម្ពុជា ក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ គ្រូបង្វឹករូបនេះ បានបង្ហោះលើហ្វេសប៊ុកថា៖«សូមអបអរដល់អគ្គិសនីកម្ពុជា ដែលធ្វើបានល្អជាងក្រុមខ្ញុំ ហើយឈ្នះលើជើងទី២។ ទម្រង់លេងរបស់ពួកយើង ត្រូវការពង្រឹងជាច្រើនទៀត។ ហើយនេះ គឺទំនោលទទួលខុសត្រូវរបស់ខ្ញុំ ដែលនឹងធ្វើឲ្យច្បាស់ថាមានការពង្រឹង។»។
 
ចំពោះការប្រកួតរវាងក្រុមទាំងពីរនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានដាក់សម្ពាធជាខ្លាំងដល់ក្រុមភ្ញៀវ ។ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទទួលឥទ្ធិពលសម្ពាធពីម្ចាស់ផ្ទះទេ។ ពោលគឺនៅ៥នាទីដំបូង នៃតង់ទី១ អគ្គីសនីកម្ពុជា រកបាន១គ្រាប់មុន ដោយកីឡាករ ចិន វណ្ណៈ បន្ទាប់ពីមិត្តរួមក្រុមទាត់បាល់ Free Kick នៅជិតតំបន់គ្រោះថ្នាក់។ មួយគ្រាប់នេះ បានធ្វើឲ្យព្រះខ័នរាជស្វាយរៀង កាន់តែក្តៅស្លឹកត្រចៀក ហើយប្រឹងវាយសម្រុកយ៉ាងខ្លាំង រហូតសម្រេចគ្រាប់បាល់តាមស្មើ  ដោយកីឡាករ ជា សំណាង នៅនាទី៤២ ក្រោយពីមិត្តរួមក្រុមលើកបាល់ជ្រុងមក។ ចប់តង់ទី១ ក្រុមទាំង២ ស្មើក្នុងលទ្ធផល១-១។
 
ឈានចូលតង់ទី២ កីឡាករ យ៉ាន់ សុខា របស់អគ្គិសនីកម្ពុជា រកបាន១គ្រាប់បន្ថែមឲ្យក្រុមនាំមុខម្ចាស់ផ្ទះ នាទី៦៤ មុននឹងកីឡាករ ហេង គីមហុង បន្ថែមគ្រាប់បាល់ទី៣ ដែលជាគ្រាប់ជ័យជម្នះ នៅនាទី៧៧។ សរុបទាំងពីរនេះ អគ្គិសនីកម្ពុជា ឈ្នះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល៤-២។
 
ក្នុងថ្ងៃជាមួយគ្នានេះ វិសាខា ឈ្នះ ក្រុមទ័ព​ ក្នុងលទ្ធផល៣-០ នៅកីឡដ្ឋានព្រីនស៍ ស្របពេលដែរ ណាហ្គាវើលដ៍ ចាញ់ ភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤-៣ បន្ទាប់ពីបញ្ចប់តង់ ដោយគ្មានគ្រាប់បាល់។ រីឯ នៅកីឡដ្ឋាន Cambodian Airway បឹងកេត ស្មើជាមួយ កោះកុង ក្នុងលទ្ធផល៣-៣។  ប៉ុន្តែគ្រាប់បាល់សរុបទាំង២ជើង បឹងកេត ឈ្នះ កោះកុង ដោយគ្រាប់បាល់៥-៣។
 
គួរបញ្ជាក់ដែរថា ៤ក្រុម ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៥ ដល់១២ ខែតុលា ឆ្នាំ២០២២៕
 
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com