ជាតិ
សង្គមជាតិ
អង្គការ​ Aide et Action​ ​ផ្តល់ថវិកាជាង១លានដុល្លារ​ដល់សាលារៀនទន្សាយ ដើម្បីការអប់រំកុមារ អូទីស្សឹម
01, Sep 2022 , 7:59 pm        
រូបភាព
អ្នកគ្រូ២នាក់កំពុងបង្រៀនដល់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ចំនួន៦នាក់ នៅក្នុងបន្ទប់រៀនមួយកន្លែងនៃសាលាបឋមសិក្សាទួលគោក នាថ្ងៃទី៣០សីហា
អ្នកគ្រូ២នាក់កំពុងបង្រៀនដល់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ចំនួន៦នាក់ នៅក្នុងបន្ទប់រៀនមួយកន្លែងនៃសាលាបឋមសិក្សាទួលគោក នាថ្ងៃទី៣០សីហា
សាលារៀនទន្សាយទទួលបានជំនួយជាង១លានដុល្លារអាម៉េរិក ពីអង្គការ Aide et Action​ ​ដើម្បីបង្កើនលទ្ធភាពទទួលបង្រៀនកុមារអូទីស្សឹម និងខ្សោយសតិបញ្ញា។ បើតាមលោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (Action Education) ជំនួយនេះ នឹងផ្តល់ឱកាសកាន់តែច្រើនដល់កុមារពិការសតិបញ្ញាឱ្យបានរៀនសូត្រដូចកុមារទូទៅ ដែរ។

 
បណ្ណាល័យឌីជីថល និងអគារសិក្សាសម្រាប់កុមារពិការសតិបញ្ញា ក្នុងបរិវេណសាលាបឋមសិក្សាទួលគោក​នៃគម្រោងសាលារៀនទន្សាយ ត្រូវបានដាក់ឱ្យដំណើរការក្រោមជំនួយគាំទ្រពីអង្គការ Aide et Action  រួមទាំងអង្គការដៃគូនានា នៅថ្ងៃទី៣០ ខែសីហា។  បន្ទាប់ពីអគារសិក្សាដំណើរការហើយនោះ កុមារពិការសតិបញ្ញាពី៥០ទៅ៩០នាក់ទៀត នឹងបានចូលរៀនតាមផែនការ។ នេះជាការលើកឡើងរបស់លោក វន សំភាស់។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ​(ThmeyThmey) លោក សំភាស់ សង្ឃឹមថា៖ «នេះជាការរួមចំណែកមួយដល់ឪពុកម្តាយរបស់កុមារពិការសតិបញ្ញា ដែលអាចទៅរកការងារទទួលទានប្រចាំថ្ងៃបាន។ សម្រាប់ក្មេងៗដែលគ្មានកន្លែងរៀន​ ក៏មានកន្លែងទទួលពួកគាត់ក្នុងការបង្រៀន ផងដែរ»។ 
 
បើតាមលោក សំភាស់ បច្ចុប្បន្ន អង្គការ Aide et Action  បានជួយថវិកាដល់សាលាទន្សាយប្រមាណ១,៥លានដុល្លារអាម៉េរិកហើយ ក្នុងការបង្កើតអគារសិក្សា បណ្ណាល័យឌីជីថល  បន្ទប់ទឹក  និងឧបត្ថម្ភថវិកាដល់គ្រូបង្រៀនជាដើម ដើម្បីផ្តល់ការអប់រំពិសេសដល់កុមារអូទីស្សឹម និងមានពិការភាពសតិបញ្ញ។


លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action កំពុងថ្លែងប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃតិ៣០សីហា។

ការគាំទ្ររបស់អង្គការAide et Action ទៅលើសាលាទន្សាយនេះ ដើម្បីជួយកុមារនៅក្រៅសាលា ចំនួន២,៨ពាន់នាក់ ក្នុងចំណោមកុមារ១០ម៉ឺននាក់នៃផែនការរបស់គម្រោង «ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុការបាត់បង់ឱកាសនៅកម្ពុជា»។  លោក សំភាស់ បានបញ្ជាក់ថា គម្រោងនេះអង្គការ Aide et Action នឹងបន្តការគាំទ្រទាំងថវិកា សម្ភារសិក្សា និងបច្ចេកទេសដល់សាលាគោលដៅចំនួន៧០​​​ ដែលស្ថិតនៅក្នុងស្រុកនៃរាជធានី-ខេត្តចំនួន៤។ ក្នុងនោះមាន សាលារៀននៅស្រុកអង់ស្នួល ស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល, ស្រុកសំរោងទង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ, ស្រុកពួក ខេត្តសៀមរាប និងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយយកបឋមសិក្សាទួលគោក ជាទីតាំងអនុវត្តគម្រោងរបស់អង្គការសាលាទន្សាយ។ 
 
ចាប់ពីឆ្នាំ២០១៨ មកទល់សព្វថ្ងៃ សាលាបឋមសិក្សាទួលគោក ផ្តល់សេវាអប់រំពិសេសដល់កុមារអូទីស្សឹម និងខ្សោយសតិបញ្ញា​ បានចំនួន១៥៧នាក់។ លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ លើកឡើងថា  កុមារ​ដែលមករៀននៅសាលាទួលគោកនេះ គឺជាអ្នកមានជំងឺអូទីស្សឹមនិងខ្សោយសតិបញ្ញាកម្រិតស្រាល និងមធ្យម ដោយមានអាយុពី៤ឆ្នាំកន្លះ ដល់១៦ឆ្នាំ។  លោក បានបញ្ជាក់ថា តាមការគ្រោងទុកសាលានឹងទទួលកុមារ ដែលមានពិការភាពទាំងនេះ រហូតដល់ចំនួន២៥០នាក់ នៅដំណាច់ឆ្នាំ២០២២។​ 
 
សម្រាប់ លោក អ៊ូ សុធី បានបញ្ជូនកូនស្រីរបស់ខ្លួន ដែលមានជំងឺអូទីស្សឹមមកទទួលការអប់រំនៅបឋមសិក្សាទួលគោក បានរយៈពេល៧ខែហើយ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត២ឆ្នាំ។ មុននឹង កូនស្រី បានចូលរៀនសាលានេះ លោក សុធី បានចំណាយថវិកាលើសាលាឯកជនចំនួន៧០០ដុល្លារក្នុងមួយខែ ក្នុងការបង្រៀនកូនរបស់ខ្លួន។


 លោក អ៊ូ សុធី ឪពុក កុមារី នីតា ដែលទទួលបានការអប់រំ​នៅសាលាបឋមសិក្សាទួលគោក។

បច្ចុប្បន្ន បើ នីតា អត់ទាន់ចេះនិយាយក៏ពិតមែន ប៉ុន្តែអាកប្បករិយា និងស្មារតីរបស់កុមារីរូបនេះ គឺមានភាពល្អប្រសើរជាងមុនបានចូលរៀននៅសាលាបឋមសិក្សាទួលគោល។ នេះជាការលើកឡើងរបស់ លោក សុធី ដែលជាឪពុករបស់ នីតា។
 
ជីវករលក់ផ្លែឈើនៅផ្សារបឹងសាឡាងថ្មី នៅធានីភ្នំពេញរូបនេះ បន្តនិយាយដូច្នេះ៖ «អ្វីដែលប្រសើរឡើងបន្ទាប់ពីបានចូលរៀននៅសាសារៀននេះ គឺកូនខ្ញុំមានអារម្មណ៍នឹងធឹងជាងមុន! គាត់មិនរត់ឆ្វាត់ឆ្វែង និងយល់ច្រើនជាងមុន ហើយខ្ញុំបច្ចុប្បន្នក៏មានពេលច្រើនជាងមុនដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ»។  
 
បើតាមលោក វង្ស វុទ្ធី ក្រៅពីសាលាបឋមសិក្សាទួលគោកនេះ គម្រោងសាលារៀនទន្សាយ តាមរយៈមូលនិធិពីអង្គការ Aide et Action និងការគាំទ្រពីក្រសួងអប់រំ បានពង្រីកការអប់រំកុមារអូទីស្សឹម និងខ្សោយសតិបញ្ញា ដល់សាលារៀនចំនួន១៥ទៀតនៅក្នុងខេត្តចំនួន៣។ ក្នុងនោះមាន៥សាលា ស្ថិតនៅស្រុកអង់ស្នូល, ៥សាលាទៀតនៅស្រុកពួក ខណៈ៥សាលាទៀត គឺនៅក្រុងច្បារមន ។
 
នៅតាមសាលារៀនទាំងនេះ គឺមានលក្ខណៈអប់រំបែបសមាហរណកម្ម និងបែបបរិយាប័ន្ន ដែលមានកុមារអូទីស្សឹមនិងខ្សោយសតិបញ្ញា ១ នាក់ ឬពីរនាក់ ចូលរៀនជាមួយកុមារធម្មតា ឬ កុមារមិនមានពិកាភាព។ 
 
ប្រធានសាលាទន្សាយរូបនេះបន្តពន្យល់ដូច្នេះ៖«មូលហេតុដែលយើងដាក់​ការអប់រំបែបសមាហរណកម្មនិងបែបបរិយាប័ន្ននេះ គឺដើម្បី​ឱ្យកុមារទាំងអស់អាចរៀនជាមួយគ្នាបាន​​ ដោយកុមារមានពិការភាពអាចទទួលបានសិទ្ធិអប់រំពេញលេញដូចកុមារធម្មតា ហើយ​យើងចង់ឃើញកុមារមានពិការភាព គឺលែងមានការរើសអើងពីតូចដល់ធំ។ លើសពីនេះ យើងចង់បាននិរន្តរ៍ភាពនៃការអប់រំ ព្រោះការអប់រំពិសេសគឺយើងត្រូវចំណាយថវិកាច្រើន»។ 
 
បើតាមលោក វុទ្ធី បច្ចុប្បន្ន មានកុមារអូទីស្សឹម និងខ្សោយសតិបញ្ញាប្រមាណ១,២ពាន់នាក់ ដែលបានឆ្លងកាត់ការសិក្សាពីគម្រោងសាលាទន្សាយ នៅក្នុងរាជធានី-ខេត្តទាំង៤ខាងលើ។  
 
ជុំវិញនៃការអនុវត្តគម្រោង«ដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា»នេះ លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា រំពឹងថា វានឹងចូលរួមធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌។ ​ពោល គឺជួយកុមារនៅក្នុងគ្រួសារជីវភាពលំបាក ឱ្យទទួលបានការចូលរៀននៅកម្រិតមត្តេយ្យសិក្សា និងបានបញ្ចប់កម្រិតអប់រំមូលដ្ឋាន។​​​​​ 
 
លោក បានបញ្ជាក់ថា គម្រោងនេះកំពុងត្រូវបានអនុវត្តរួមគ្នា ក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ជាង៣០អង្គការ ក្នុងគោលបំណងបន្តរួមចំណែក​ជា​មួយក្រសួង ដើម្បីធានានូវកុមារគ្រប់អាយុចូលបានរៀនទាំងអស់ ។ ក្នុងនោះ រួមមានកុមារដែលមានពិការភាព​ កុមារអនាថា និងងាយរងគ្រោះ កុមារជនជាតិភាគតិច ​​កុមារក្រីក្ររស់នៅតំបន់ដាច់ស្រយាល​ និងកុមារហួសអាយុចូលរៀន ជាពិសេសកុមារី ឱ្យបានចូលរៀន​  និងរៀនបន្តប្រកបដោយគុណភាព នៅមត្តេយ្យសិក្សា និងនៅក្នុងការអប់រំកម្រិតមូលដ្ឋាន។ 


លោក ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
 
លោក ជា ជាតិ  បាននិយាយថា ៖ «គម្រោងនេះ​ បានរៀបចំបន្ស៊ីគ្នាទាំងស្រុងជាមួយនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំរបស់ក្រសួងអប់រំ ដោយ​​ផ្តោតលើគោលនយោបាយយុទ្ធសាស្រ្តទាំងបី គឺធានាសមភាពនៃការចូលរៀន ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំ និងការអភិវឌ្ឍសមត្ថភាពអ្នកពាក់ពន្ធ័។  កិច្ចសហការអង្គការដៃគូ និងអ្នកពាក់ព័ន្ធ នឹងប្រព្រឹតិ្តទៅដោយផ្អែកលើតម្រូវការសហគមន៍ និងសាលារៀន ព្រមទាំងបទពិសោធការងាររបស់អង្គការដៃគូ»។
 
កាលពីខែធ្នូ ឆ្នាំ២០១២ រាជរដ្ឋាភិបាល បានផ្តល់សច្ចាប័ណ្ណលើអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិជនពិការ។ សច្ចាប័ណ្ណនេះជាការសន្យាលើការតំាងចិត្តក្នុងការលើកកម្ពស់ជីវភាពរបស់ជនពិការ ក្នុងប្រទេសរបស់ខ្លួន ​ ច្បាប់ការពារ​ និង​លើកកម្ពស់ជនពិការ ច្បាប់ស្ដីពីការអប់រំ មាត្រា ៣៨-៣៩ និងគោលនយោបាយអប់រំបរិយាបន្នរបស់ក្រសួងអប់រំ យុវជន និង​កីឡា។ ​
 
យោងតាមជំរឿនទូទៅនូវប្រជាជនឆ្នាំ ២០០៨ កម្ពុជាមានជនពិការចំនួន១៩២ ៥៣៨ នាក់ ស្មើនឹង ១,៤៤ភាគរយនៃចំនួនប្រជាជនសរុប។  ក្នុងនោះបុរសមាន ៥៦,៣ភាគរយ,  ស្ត្រីមាន ៤៣,៧ភាគរយ, កុមារមានពិការភាពអាយុពី ០ឆ្នាំ ដល់ ១៨ឆ្នាំ​ មាន១៧,៧២ភាគរយ ជនមានពិការភាពដោយសារមីនមានចំនួន ៦៤,២២៤ នាក់ ស្មើនឹង ៣៣,៣៦ភាគរយ៕
 

Tag:
 អប់រំ
  កុមារអូទីស្សឹម
© រក្សាសិទ្ធិដោយ thmeythmey.com