ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមេប៉េអឹម​ខេត្ត​៦​រូប ឡើង​ឋានន្តរស័ក្តិ​ឧត្តមសេនីយ៍ទោ «ផ្កាយពីរ»
01, Sep 2022 , 8:59 pm        
រូបភាព
រូបពីឆ្វេងទៅស្តាំ និងចុះក្រោម លោក វ៉ា សារិទ្ធ លោក វ៉ាន់ ណាឡុង លោក ពុទ្ធ សារ៉ាន លោក ហង្ស ថុល លោក ថុង ណារុន និងលោក ឡា ឡៃ
រូបពីឆ្វេងទៅស្តាំ និងចុះក្រោម លោក វ៉ា សារិទ្ធ លោក វ៉ាន់ ណាឡុង លោក ពុទ្ធ សារ៉ាន លោក ហង្ស ថុល លោក ថុង ណារុន និងលោក ឡា ឡៃ
ដោយ: រួបរួម
សម្តេច សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី កាលពី​ថ្ងៃទី៣១ ខែ​សីហា បានចុះហត្ថលេខា​លើព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ​ដល់នាយ​ទាហាន​ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់​វរសេនីយ៍​ នៃកងយោធពល​ខេមរភូមិន្ទ ក្នុងនោះ អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៦នាក់ ឡើងពី​ឧត្តមសេនីយ៍ត្រី ទៅជាឧត្តមសេនីយ៍ទោ។

 
អតីត​មេបញ្ជា​ការកងរាជអាវុធ​ខេត្ត​ទាំង៦នាក់ រួមមាន លោក វ៉ា សារិទ្ធ (ពីត្បូងឃ្មុំ), លោក វ៉ាន់ ណាឡុង (ពី​ប៉ៃលិន), លោក ពុទ្ធ សារ៉ាន (ពីឧត្តរមានជ័យ), លោក ហង្ស ថុល (ពី​កំពង់ធំ), លោក ថុង ណារុង (ពីកោះកុង) និង​លោក ឡា ឡៃ (ពីតាកែវ) បាន​ឡើង​ឋានន្តរស័ក្តិផ្កាយពីរ​ដំណាល​គ្នា។
 
កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លងមក មន្ត្រីទាំង​៦រូបនោះ ត្រូវបាន​សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ផ្លាស់ប្តូរមុខ​តំណែង ឲ្យទៅជា​សមាជិក​ក្រុម​ការងារ​ស្រាវជ្រាវជំនាញយោធា ក្រុម​ស្រាវជ្រាវយុទ្ធ​យោធា​ថ្នាក់អគ្គ​បញ្ជាការដ្ឋាន។
 
ជាមួយគ្នានេះ  វរសេនីយ៍ឯក​៥រូប បានឡើង​ឋានន្ត​រស័ក្តិ​ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) បន្ទាប់​ពី​លោក​បាន​កាន់តំណែងជាមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក្នុងនោះមាន លោក ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការប៉េអឹម​ខេត្តកំពត, លោក ហ៊ត សីហា មេបញ្ជាការ​ប៉េអឹម​ខេត្ត​កែប, លោក តាំង ឈុន​ស្រេង មេបញ្ជាការប៉េអឹម​ខេត្តកោះកុង, លោក រ័ត្ន ចាន់ណា មេបញ្ជាការប៉េអឹមខេត្តត្បូងឃ្មុំ, លោក លី ដារិទ្ធ មេបញ្ជាការប៉េអឹម​ខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មាន​លោក ជួន សុគន្ធា និង​លោក សំ សុវត្ថានា៕ 
 
 
 

Tag:
 មេបញ្ជាការប៉េអឹម
© រក្សាសិទ្ធិដោយ thmeythmey.com