កីឡាជាតិ
ជាតិ
លោកស្រី ពុធ ធីតា៖រឹងមាំឡើងគ្រូក្តី! លោកគ្រូបានសន្យាជាមួយខ្ញុំ នឹងដឹកនាំក្រុមលេងនៅ AFC Cup
01, Sep 2022 , 5:44 pm        
រូបភាព
លោក គឹម ភក្ដី គ្រូបង្គោលក្លិបបឹងកេត និង អ្នកស្រីពុធ ធីតា ប្រធានក្លិប។ រូបពីហ្វេសប៊ុក អ្នកស្រីពុទ្ធ ធីតា
លោក គឹម ភក្ដី គ្រូបង្គោលក្លិបបឹងកេត និង អ្នកស្រីពុធ ធីតា ប្រធានក្លិប។ រូបពីហ្វេសប៊ុក អ្នកស្រីពុទ្ធ ធីតា
 លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានបង្ហោះសារលើហ្វេសប៊ុក ដោយបង្កប់នូវអារម្មណ៍ក្ដុកក្ដួល និងការព្រួយបារម្ភពីអាការៈជំងឺរបស់លោក គឹម ភក្ដី គ្រូបង្វឹកបឹងកេត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យជោរៃភ្នំពេញ។  តាមការបញ្ជាក់ពីក្លិប អាការជំងឺ របស់លោក គឹម ភក្ដី ពុំទាន់បានធូស្រាលនៅឡើយទេ។



«រឹងមាំឡើងគ្រូក្តី! ពួកយើងនៅរងចាំការត្រឡប់មកវិញរបស់លោកគ្រូ លោកគ្រូបានសន្យាជាមួយខ្ញុំ នឹងដឹកនាំក្រុមលេងនៅ AFC Cup ជាមួយគ្នា។»។ នេះជាសាររបស់លោកស្រី ពុធ ធីតា ដែលបានបង្ហោះនៅថ្ងៃទី១ កញ្ញា។
 
តាមរយៈសារខាងលើនេះ កៅអីគ្រូបង្គោលក្លិបបឹងកេត នៅតែចាំលោក គឹម ភក្ដី ទៅដឹកនាំវិញ និងបំពេញសេចក្ដីប្រាថ្នារបស់ខ្លួន ជាមួយក្លិប និងកីឡាករ ដោយត្រូវដឹកនាំក្រុមឲ្យចូលរួមប្រកួត AFC Cup ឲ្យបាន។ បច្ចុប្បន្ន តួនាទីជំនួសបណ្ដោះអាសន្ន ត្រូវធ្លាក់មកលើលោក ហៅ សុជាតិ ដឹកនាំ ក្រុមប្រកួតផ្សេងៗ។
 
ចំពោះអាការលោក គឹម ភក្ដី ធ្ងន់ធ្ងរ ឬស្ថិតក្នុងស្ថានភាពបែបណានោះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការបញ្ជាក់ពីគ្រួសារគ្រូបង្វឹករូបនេះទេ។ ដោយឡែកតាមរយៈ លោក ប៊ែ មករា អគ្គលេខាធិការក្លិបបឹងកេត គ្រាន់តែអាចបញ្ជាក់ថា អាការរបស់លោក គឹម ភក្ដី មិនទាន់ធូរស្រាលឡើយ ហើយកំពុងព្យាបាល នៅពេទ្យជោរៃភ្នំពេញ។ 
 
អ្វីដែលក្លិប និងកីឡាករ ប្រាថ្នាពេលនេះ គឺសង្ឃឹមថា លោក គឹម ភក្ដី នឹងជាសះស្បើយ ហើយវិលមកសម្រេចឆន្ទៈរបស់ខ្លួនវិញ៕
 

Tag:
 គឹម ភក្ដី
  ពុធ ធីតា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com