ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
សម្តេច ស ខេង បានដោះស្រាយបញ្ហាពលរដ្ឋ២៣ករណីបន្ថែមទៀត ដែលសុំអន្តរាគមន៍តាមហ្វេសប៊ុក នៅខែកក្កដា
01, Sep 2022 , 11:59 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។ រូបភាពពីហ្វេសប៊ុក សម្តេច ស ខេង
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដោះស្រាយសំណើ និងបញ្ហាពលរដ្ឋ២៣ករណីទៀត ក្នុងខែកក្កដា  ដែលស្នើសុំអន្តរាគមន៍លើទំព័រហ្វេសប៊ុករបស់សម្ដេច ។ នេះបើតាម សម្តេច ស ខេង។

 
មតិយោបល់ សំណូមពរ​ និងបញ្ហានានា ដែលប្រជាពលរដ្ឋបានស្នើទៅសម្ដេច ស ខេង សុំជួយអន្តរាគមន៍ និងដោះស្រាយនោះ មានចំនួន១០១ ករណី នៅក្នុងខែកក្កដា។ 
ក្នុងនោះក្រុមការងារសម្ដេច ស ខេង បានជួយដោះស្រាយ២៣ករណី។ ដោយឡែកក្រុមការងារសម្ដេច ស ខេង ក៏កំពុងត្រួតពិនិត្យ និងដោះស្រាយបញ្ហាពលរដ្ឋនៅសល់សេសសរុប២១៥ករណីទៀត។
 
ទន្ទឹមនឹងនោះ រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋដែលជួបប្រទះបញ្ហានោះ ដាក់សំណូមពរមកសម្ដេច តាមហ្វេសប៊ុកបែបនេះ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ក្រៅប្រព័ន្ធតុលាការ។ បើតាមសម្ដេច ស ខេង ការធ្វើបែបនេះ គឺជាផ្នែកមួយជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
 
សូមជម្រាបផងដែរថា គណនីដែលនៅសល់ក្នុងឆ្នាំ២០២១ ក្រុមការងារសម្ដេច នឹងដោះស្រាយបន្តទៀត ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ។ សំណុំរឿងក្នុងឆ្នាំ២០២១ មិនទាន់បានពិនិត្យ៦៥០គណនី, កំពុងពិនិត្យដោះស្រាយមាន៥២២គណនី និងបានដោះស្រាយរួម១២៨គណនី។ នេះបើតាមរបាយការណ៍ក្រុមការងារសម្ដេច ស ខេង ៕ 
 
 
 

Tag:
 សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com