កីឡាអន្តរជាតិ
អន្តរជាតិ
US Open៖ Williams ផ្អាកចូលនិវត្តន៍ ក្រោយទម្លាក់កីឡាការិនីលេខ២ពិភពលោក Kontaveit
02, Sep 2022 , 9:29 am        
រូបភាព
Serena Williams ផ្អាកកាលចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់បណ្តោះអាសន្នសិន បន្ទាប់ពីប្រកួតឈ្នះកីឡាការិនីលេខ២ពិភពលោក Anett Kontaveit ដើម្បីបន្តទៅជុំទី៣ ពានរង្វាន់ US Open ឆ្នាំ២០២២។


 
នាជំនួបជុំទី២ នៅថ្ងៃទី៣១ ខែសីហា អតីតកីឡាការិនីវាយកូនបាល់លេខ១ពិភពលោក Williams បានយកឈ្នះ Kontaveit ក្នុងលទ្ធផល ៧-៦(៤) ២-៦ និង ៦-២។ ក្រោយមានឱកាសបន្តទៅជុំទី៣ និងមានអារម្មណ៍ល្អក្រោយឆ្លងកាត់ការប្រកួតរយៈពេល​២ម៉ោងកន្លះប្រកបដោយគុណភាពខ្ពស់ ក្នុងជំនួបកម្រិត Grand Slam កីឡាការិនីអាម៉េរិក វ័យ៤០ឆ្នាំរូបនេះ ក៏សម្រេចចិត្តដាក់ការចូលនិវត្តន៍មួយឡែកសិន។
 
Williams ធ្លាប់បានបង្ហាញចេតនាចូលនិវត្តន៍ពីអាជីពកីឡាវាយកូនបាល់នេះនៅដើមខែសីហា បន្ទាប់ពីស្រុតចុះទម្រង់ប្រកួតខ្លាំងនៅរយៈពេលចុងក្រោយ។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ម្ចាស់ Grand Slam ២៣សម័យកាលរូបនេះ និយាយថាកីឡាវាយកូនបាល់កំពុងឃ្លាតឆ្ងាយពីខ្លួនបន្តិតម្តង ខណៈ US Open ទំនងជាព្រឹត្តិការណ៍ចុងក្រោយរបស់ខ្លួន។
 
យ៉ាងណាក៏ដោយ ក្រោយឈ្នះ Kontaveit កីឡាការិនីលំដាប់លេខ២ពិភពលោកសញ្ជាតិអេស្តូនីយ៉ាងស្វិតស្វាញ Williams ដែលសព្វថ្ងៃធ្លាក់ចំណាត់ថ្នាក់ដល់លេខរៀងទី៦០៥ពិភពលោក ក៏សម្រេចផ្អាកការចូលនិវត្តន៍របស់ខ្លួនវិញ។ 
 
Williams ដែលធ្លាប់លើកពាន US Open ៦សម័យកាល និយាយ​ទាំង​ទឹកមុខ​ញញឹមក្រោយចប់ការប្រកួតជុំទី២នេះ​​ថា​៖ «​ខ្ញុំ​ជា​កីឡាការិនី​ល្អ​ម្នាក់​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​ល្អ​បំផុត ដូច្នេះខ្ញុំនឹងបន្តធ្វើវាទៀត ព្រោះខ្ញុំ​ស្រឡាញ់​ការ​ប្រឈម​បែបនេះ»៕
 
 

Tag:
 US Open
  Serena Williams
© រក្សាសិទ្ធិដោយ thmeythmey.com