កីឡាអន្តរជាតិ
អន្តរជាតិ
Sancho ស៊ុតមួយគ្រាប់ជួយ Man Utd ឈ្នះ៣ប្រកួតជាប់គ្នា
02, Sep 2022 , 9:38 am        
រូបភាព
 
Jadon Sancho ក្លាយជាវីរបុរសក្នុងការជួយ Manchester United ក្រសោបយកបានជ័យជម្នះជាលើកទី៣ជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League ក្រោយយកឈ្នះក្រុមបាតតារាង Leicester City ១-០។


នាជំនួបសប្តាហ៍ទី៥ នៅរាត្រីថ្ងៃទី១ ខែកញ្ញា នៅកីឡដ្ឋាន King Power ខ្សែបម្រើ Sancho សម្រេចទីយ៉ាងល្អនៅនាទី ២៣ តាមរយៈការបញ្ជូនរបស់មិត្តរួមក្រុម Marcus Rashford។ លទ្ធផល ១-០ នេះបានបន្តរហូតបញ្ចប់ការប្រកួតតែម្តង។

ឈ្នះ Leicester ១-០ ជាជ័យជម្នះលើកទី៣ជាប់ៗគ្នារបស់ក្រុមបិសាចក្រហម បន្ទាប់ពីឆ្លងកាត់ភាពអាម៉ាស់នៅពីរប្រកួតដំបួងក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាល ២០២២-២៣នេះ។
ឈ្នះ៣ប្រកួតចុងក្រោយជាប់គ្នា បានជួយក្រុមដែលដឹកនាំដោយអ្នកចាត់ការ Erik ten Hag ឡើងទៅឈរចំណាត់ថ្នាក់ទី៥ក្នុងតារាង Premier League ដោយរកបាន៩ពិន្ទុ ពីការប្រកួត៥លើក។ Man Utd តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន៦ពិន្ទុ និងក្រុមលេខ២ដែលជាម្ចាស់ការពារជើងឯក Manchester City ៤ពិន្ទុ។

ដោយឡែក Leicester នៅមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ និងស្ថិតនៅបាតតារាង។ ចំណោម៥ប្រកួតដំបូង ក្រុមរហស្សនាមកញ្ជ្រោងចាញ់៤ និងស្មើមួយប្រកួតរកបានតែ១ពិន្ទុប៉ុណ្ណោះ។

ជំនួបបន្ទាប់នៅសប្តាហ៍ទី៦ Man Utd ត្រូវទទួលស្វាគមន៍កាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Old Trafford នាថ្ងៃទី៤ ខែកញ្ញា ស្របពេល Leicester ធ្វើដំណើរទៅជួយ Brighton & Hove Albion៕


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com