កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ថាចង់បានភាពខ្លាំងក្លាជាងបច្ចុប្បន្នពីកីឡាករ ​Man United
02, Sep 2022 , 11:42 am        
រូបភាព
ជ័យជម្នះ៣លើកជាប់គ្នារបស់ក្រុម Manchester United ធ្វើឱ្យលោក Erik ten Hag រីករាយយ៉ាងខ្លាំង។ ប៉ុន្តែអ្នកចាត់ការវ័យ ៥២ឆ្នាំ ទទូចចង់បានភាពខ្លាំងក្លាថែមទៀតពីកូនក្រុមខ្លាំង ក្រោយបំបាក់ Leicester City ត្រឹមតែ ១-០ ថ្ងៃទី២ ខែកញ្ញា។

 
កីឡាករ Jadon Sancho រកបាន១គ្រាប់ដ៏ល្អនៅត្រឹមនាទី២៣ ដែលជាការបញ្ជូនពី ​Marcus Rashford។ ឈានចូលវគ្គទីពីរពេលផ្លាស់ប្តូរ Cristiano Ronaldo និង Casemiro  បិសាចក្រហមបង្កើតឱកាសរកគ្រាប់បាល់ច្រើនលើកតែគ្មានសំណាង។
 
Man United ដណ្តើមបាន៣ពិន្ទុបន្ថែមពីកីឡដ្ឋាន King Power ហើយក៏ជាការឈ្នះ៣លើកជាប់គ្នា ក្រោយរងបរាជ័យ ២លើកនៅប្រកួតដំបូងនៃ Premier League។ នេះជាការឈ្នះជាប់គ្នាលើកដំបូងរបស់បិសាចក្រហមតាំងពីខែធ្នូ ឆ្នាំ២០២១ មក។ 
 
ក្រោយកូនក្រុមអាចទទួលបានជ័យជម្នះជាថ្មីម្តងទៀត អ្នកចាត់ការសញ្ជាតិហូឡង់បានបង្ហាញភាពរីករាយ ប៉ុន្តែលោកក៏ទទូចថាកូនក្រុមគួរតែលេងឱ្យមានភាពខ្លាំងក្លាជាងនេះលើគូប្រកួត។
 
«វាជាជំហានថ្មីមួយទៀតទៅមុខ។ ដូច្នេះយើងរីករាយជាមួយលទ្ធផលនេះ ជាថ្មីម្តងទៀតកម្លាំងចិត្តជាក្រុមគឺធ្វើបានល្អ។ យើងមានកីឡាករ ១១នាក់លើទីលានដែលជាអ្នកប្រយុទ្ធសម្រាប់រាល់គ្នា ការដេញបាល់ ហើយស៊ុត១គ្រាប់ដ៏ល្អសម្រាប់ក្រុម។ […] នៅវគ្គទីពីរយើងគួរមានគ្រាប់ទី២ ។ ពិតណាស់ក្រុមយើងអាចជារឿងដ៏គ្រោះថ្នាក់មួយសម្រាប់ក្រុមដទៃ ។ យើងគួរតែមានភាពកាចសាហាវជាងនេះ ប៉ុន្តែយើងត្រូវការពេលបន្ថែមសម្រាប់ពង្រឹងសមត្ថភាព។»។ ​លោក Ten hag និយាយប្រាប់ទៅទូរទស្សន៍ BT Sports បែបនេះ។
 
ឆ្លងកាត់ ៥ប្រកួតមកនេះ Man United ប្រកួតឈ្នះ៣ ចាញ់២ មាន ៩ពិន្ទុក្នុងដៃ។ សប្តាហ៍ទី៦ ​Man United នឹងត្រូវបើកទ្វារកីឡដ្ឋាន ​Old Trafford ស្វាគមន៍ក្រុមកំពូលតារាង ​Arsenal៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com