ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ជាប់ផុងក្នុងរឿងក្តីគ្រប់៥ឆ្នាំត្រឹម ដោយរកកោះត្រើយមិនទាន់ឃើញ
02, Sep 2022 , 3:29 pm        
រូបភាព
សមត្ថកិច្ច ចូលទៅចាប់លោក កឹម សុខា ដល់ផ្ទះរបស់លោក កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបពី AFP
សមត្ថកិច្ច ចូលទៅចាប់លោក កឹម សុខា ដល់ផ្ទះរបស់លោក កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបពី AFP
គម្រប់រយៈពេល៥ឆ្នាំនៃការចោទប្រកាន់លើលោក កឹម សុខា មានការទាមទារជាថ្មីឲ្យតុលាការ ប្រញាប់បញ្ចប់ការចោទប្រកាន់នេះ ដើម្បីឲ្យលោក អាចមានឱកាសបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣។ មន្រ្តីរដ្ឋាភិបាល បកស្រាយថា សំណុំរឿងនេះ ចប់នៅពេលណា គឺអាស្រ័យលើតុលាការ។

 
គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអូសបន្លាយអស់រយៈពេល៥ឆ្នាំល្មម។ លោក ត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទលួចពឹងពាក់កម្លាំងបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ 
 
លោក មុត ចន្ថា ជំនួយការ និងជាជនជំនិតរបស់លោក កឹម សុខា តាំងពីអើយមក បានបង្ហោះអត្ថបទ១លើគណនីហ្វេសប៊ុក បរិយាយពីខួប៥ឆ្នាំនៃសំណុំរឿងរបស់លោក កឹម សុខា។ លោក លើកឡើងថា លោក កឹម សុខា នៅតែមានឆន្ទៈ និងបំណងប្រាថ្នាចូលរួមក្នុងជីវភាពនយោបាយ តាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។ ជំនួយការរូបនេះ សរសេរដូច្នេះថា៖«យើង សង្ឃឹមថា សវនាការដែលអូសបន្លាយរយៈពេល៥ឆ្នាំនេះ សម្រាប់ឯកឧត្តម កឹម សុខា នឹងត្រូវបញ្ចប់នាពេលឆាប់ៗ ដើម្បីបន្តស្មារតីផ្សះផ្សានិងបង្រួបបង្រួមជាតិខ្មែរ»។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា សំណុំរឿងរបស់លោក កឹម សុខា អាចត្រូវបញ្ចប់ឆាប់ ឬនៅពេលណានោះ គឺអាស្រ័យលើការសម្រេចរបស់តុលាការ ដែលផ្អែកលើអង្គច្បាប់ និងអង្គច្បាប់ ដោយមិនមែនសម្រេចលើអ្នកតាមដាន អ្នកវិភាគ និងអ្នកសង្កេតការណ៍នោះទេ។ លោក បន្តថា ការទាមទារឲ្យរឿងក្តីនេះឆាប់ចប់ ដើម្បីឲ្យលោក កឹម សុខា អាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់សោះឡើយ។ 
 
មិនត្រឹមត្រូវតាមផ្លូវច្បាប់ ត្រូវអ្នកនាំពាក្យរូបនេះ ពន្យល់ថា ជួនកាល ដំណើរការរឿងក្តី បានចប់ដោយលឿន ហើយតុលាការ រកឃើញលោក កឹម សុខា មានទោសដូចការចោទប្រកាន់ ដូច្នេះ មេដឹកនាំប្រឆាំងរូបនេះ នឹងត្រូវបន្តនីតិវិធីតាមផ្លូវតុលាការទៀត ដោយមិនអាចទៅចូលរួមក្នុងការប្រកួតប្រជែងការបោះឆ្នោតបាននោះទេ។ លោក បញ្ជាក់ដូច្នេះថា៖«ការដែលចង់កាត់ក្តីឲ្យលឿន ហើយប្រកាសថា គាត់ គ្មានទោស ដើម្បីគាត់បានចូលរួមក្នុងការបោះឆ្នោត២០២៣ អាហ្នឹងខុស ពីគោលការណ៍ច្បាប់ហើយ»។
 
មជ្ឈដ្ឋានខ្លះ ជាពិសេសភាគីលោក កឹម សុខា តែងប្រើទស្សនៈថា យុត្តិធម៌ ដែលត្រូវបានពន្យារពេល គឺជាយុត្តិធម៌ ដែលត្រូវបានបដិសេធ។ សូម្បីក្នុងសំណេរលើគណនីហ្វេសប៊ុកលើកនេះ ក៏លោក មុត ចន្ថា ឆ្លៀតរំលេចទស្សនៈនេះឡើងវិញដែរ។ 
 
លោក ជិន ម៉ាលីន ឆ្លើយតបថា ការប្រើទស្សនៈ «យុត្តិធម៌ ដែលត្រូវបានពន្យារពេល គឺជាយុត្តិធម៌ ដែលត្រូវបានបដិសេធ» គឺពិតជាស្របតាមគោលការណ៍នៃទ្រឹស្តីមែន ប៉ុន្តែការអនុវត្ត ត្រូវអាស្រ័យលើស្ថានភាពជាក់ស្តែងនៃសំណុំរឿងនីមួយៗ។ លោក បន្ថែមថា ចំពោះសំណុំរឿង ដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សន្តិសុខជាតិ បើការស៊ើបអង្កេត និងការតតាំងគ្នា ត្រូវបានបញ្ចប់លឿន គឺអាចប៉ះដល់យត្តិធម៌។ 
 
ថ្វីបើកន្លងទៅអស់រយៈពេល៥ឆ្នាំ និងឆ្លងកាត់ការជំនុំជម្រះអស់ជាង៥០លើកហើយក៏ដោយ តែគ្មាននរណា អាចវាយតម្លៃឲ្យប្រត្យក្សបានឡើយថា សំណុំរឿងនេះ នឹងដល់ទីបញ្ចប់នៅពេលណា។ គេ បានត្រឹមគិតស្មានៗថា បើគ្មានការចរចានយោបាយ សំណុំរឿងនេះ ទំនងជាមិនអាចត្រូវបញ្ចប់មុនការបោះឆ្នោតឆ្នាំ២០២៣នោះទេ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បង្ហើបក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី កាលពីខែកញ្ញា ឆ្នាំ២០២០ ថា ករណីរបស់លោក កឹម សុខា អាចនឹងត្រូវអូសបន្លាយដល់ឆ្នាំ២០២៤ឯណោះ។ 
 
សូមត្រឡប់ទៅដើមទីនៃរឿងបន្តិច! ក្រោយឃាត់ខ្លួន លោក កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ច ដឹកចេញពីគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញភ្លាមៗ យកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលនៅជាប់ព្រំដែនវៀតណាម។ បន្ទាប់ពីចាប់លោកបានប្រមាណ៣ខែ គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ត្រូវបានតុលាការកំពូលរំលាយចោល ក្រោមហេតុផលថា ដោយសារលោកជាមេដឹកនាំ ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ គឺអំពើគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។  
 
ពេលលោក កឹម សុខា ជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងបាន១ឆ្នាំ ពោលគឺឈានដល់ខែកញ្ញា ឆ្នាំ២០១៨ លោក ត្រូវបានតុលាការ អនុញ្ញាតឲ្យត្រឡប់ទៅរស់នៅជួបជុំគ្រួសារនៅរាជធានីភ្នំពេញវិញ។ តុលាការ ថែមទាំងផ្តល់សិទ្ធិមួយចំនួនជួនលោកទៀត ដូចជា លោក អាចដើរហើរដោយសេរីក្នុងប្រទេស និងអាចជួបមនុស្សម្នាបានដូចគេឯងដែរ។ លើកលែងតែសិទ្ធិនយោបាយ ដែលជាសិទ្ធិដ៏សំខាន់សម្រាប់លោក ដែលតុលាការ នៅមិនទាន់ផ្តល់ឲ្យលោក ហើយចំណែកការចាកចេញទៅក្រៅប្រទេស លុះត្រាមានការអនុញ្ញាតពីតុលាការសិន។
 
មិនមែនតែលោក កឹម សុខា ទេ ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងស្ទើរទាំងអស់ ដែលសរុបមានជាង១០០នាក់ ត្រូវបិទសិទ្ធិនយោបាយនេះរយៈពេល៥ឆ្នាំ។ នៅខ្វះតែប្រមាណ២-៣ខែទៀតប៉ុណ្ណោះ គឺនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ពួកគេ នឹងទទួលបានសិទ្ធិនយោបាយវិញ។  
 
តាមរយៈសំណេរលើបណ្តាញសង្គម លោក មុត ចន្ថា បង្ហាញពីគុណសម្បត្តិ ដែលលោក កឹម សុខា បានសាងក្នុងរយៈពេល៥ឆ្នាំនៃការធ្លាក់ខ្លួនក្នុងការចោទប្រកាន់នេះ។ លោក មើលឃើញថា ទោះបីត្រូវបាត់បង់សេរីភាព និងទទួលរង់អំពើអយុត្តិធម៌ក៏ដោយ ក៏លោក កឹម សុខា នៅតែបន្តស្វែងរកយុត្តិធម៌យ៉ាងស្វិតស្វាញនៅចំពោះមុខតុលាការ។ លោក បានរំលេចចំណុចល្អរបស់លោក កឹម សុខា ទៀតថា នៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍អហិង្សា ការមិនគុំកួនសងសឹក និងការមិនចាត់ទុកខ្មែរណាជាសត្រូវ។
 
លោក មុត ចន្ថា បន្តថា លោក កឹម សុខា មិនគ្រាន់តែទទួលរងអំពើអយុត្តិធម៌ប៉ុណ្ណោះទេ ប៉ុន្តែនៅត្រូវបានអតីតដៃគូនយោបាយប្រមាថ និងចោទប្រកាន់ខុសការពិតទៀតផង។ ដៃគូនយោបាយរបស់លោក កឹម សុខា ទំនងជាត្រូវលោក មុត ចន្ថា ចង់សំដៅលើលោក សម រង្ស៊ី។ 
 
លោក កឹម សុខា និងអ្នកប្រឆាំងផ្សេងទៀត នឹងរួចផុតពីបម្រាមដែលហាមមិនឲ្យធ្វើនយោបាយ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯការបោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣។ គេ អាចនឹងចោទសួរថា ពេលបម្រាមនេះផុតកាលកំណត់ តើលោក កឹម សុខា អាចធ្វើនយោបាយបានដែរឬទេ ឬនៅតែមិនបាន ដោយសារលោក នៅជាប់បណ្តឹងក្នុងតុលាការ?  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com