ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កញ្ញា សៅ ប៊ួយ លក់ងាវភក់ ខ្យងមាត់វៀច ក្តាមថ្ម និងគ្រែងនៅតាមបណ្តោយផ្លូវជាតិលេខ៤៨
03, Sep 2022 , 9:59 am        
រូបភាព
កញ្ញា សៅ ប៊ួយ អាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ៤៨។ រូបភាព៖ ញឹក សំអូន
កញ្ញា សៅ ប៊ួយ អាជីវករលក់ដូរនៅតាមបណ្ដោយផ្លូវជាតិលេខ៤៨។ រូបភាព៖ ញឹក សំអូន
ដោយ:
កោះកុង៖ ជិត៣ឆ្នាំមកហើយ កញ្ញា សៅ ប៊ួយ ប្រកបរបរលក់ងាវភក់ ខ្យងមាត់វៀច ក្ដាមថ្ម គ្រែង  រួមទាំងចាប់ហួយ និងបន្លៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង។

 
«បច្ចុប្បន្ន លក់ពុំសូវដាច់ទេ ដោយមានអ្នកភូមិលក់ច្រើន»។ កញ្ញា សៅ ប៊ួយ បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់ក្រុមការងារសារព័ត៌មានថ្មីៗ ដែលបានឈប់សំចតនៅមុខតូបលក់ដូររបស់ខ្លួន។ អ្នកលក់រូបនេះ ចង់បញ្ជាក់ថា ការលក់ដូរមិនដូចជំនាន់រកស៊ីដំបូងៗនោះឡើយ ដោយកាលណោះ គាត់លក់គ្រឿងសមុទ្របានរាប់រយគីឡូ ក្នុងមួយថ្ងៃៗ ។
 
បច្ចុប្បន្ន កញ្ញា សៅ ប៊ួយ បានបញ្ជាក់ថា ការលក់ដូរមិនសូវដាច់ដូចមុនឡើយ ដោយក្នុងមួយថ្ងៃ គាត់លក់បានតែពី៣០គីឡូ ទៅ៥០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈពីមុនមក លក់បានរហូតដល់ទៅពី១៥០គីឡូ ទៅជាង២០០គីឡូក្រាម។


 
គ្រឿងសមុទ្រដែលអ្នកលក់វ័យប្រមាណ៣០ឆ្នាំរូបនេះ មានជាប្រចាំនោះគឺ ងាវភក់ ខ្យងមាត់វៀច ក្តាមថ្ម និងគ្រែង ហើយក្រៅពីនេះ ក៏គាត់ក៏លក់ចាប់ហួយ និងបន្លែផងដែរ។ អតិថិជនរបស់ កញ្ញា សៅ ប៊ួយ ភាគច្រើន ជាអ្នកមកពីភ្នំពេញ ខេត្តព្រះសីហនុ និងអ្នកខេត្តកោះកុង ផ្ទាល់។
 
«ការរកស៊ីតែងតែមានខាត មានចំណេញ មិនទៀងទេ មិនអាចទទួលបានផលរាល់ថ្ងៃទេ។ ចំណូលខ្ញុំពិបាកគិតព្រោះលុយខ្ញុំដាក់ឡូកឡំគ្នា លុយអីវ៉ាន់ក៏នៅហ្នឹងដែរ»។ នេះបើតាម កញ្ញា សៅ ប៊ួយ។ 
ចុងសប្តាហ៍ជាពេលវេលាដែលអ្នកលក់រូបនេះ សប្បាយចិត្តជាងគេ ព្រោះមានអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤៨ច្រើន ហើយតែងតែមានអ្នកឈប់ទិញងាវភក់ ខ្យងមាត់វៀច ក្តាមថ្ម គ្រែង និងទំនិញផ្សេងៗទៀតរបស់ខ្លួន។ កញ្ញា បានអះអាងថា អ្វីដែលភ័យខ្លាចនោះ គឺពេលភ្លៀង ព្រោះភ្ញៀវតែងតែទៅហួសមកហួស។


 
បើតាម កញ្ញា សៅ ប៊ួយ ខ្យងមាត់វៀច និងងាវភក់ ១គីឡូ ថ្លៃ៣០០០រៀល, គ្រែង ១គីឡូ ១៨០០០រៀល។ ចំពោះគ្រឿងសមុទ្រទាំងនោះ កញ្ញាទទួលទិញមកពីភូមិព្រែកខ្សាច់ ភូមិកូនកុក និងភូមិតាអុក។ «ពីមុនខ្ញុំលក់មិនដែលសល់ទេ តែដោយសារឡូវមានគេលក់ច្រើនគ្នា ការលក់ថយមួយកម្រិត ព្រោះតូបលក់កាន់តែច្រើន បើកាលពីមុនខ្ញុំលក់តែម្នាក់ឯង ដាក់មកលក់អស់ៗតែម្ដង»។
 
អ្នកលក់ដែលចូលចិត្តពាក់មួកក្រហមរូបនេះ បានរំលឹកថា  ពីមុនគាត់ជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ប៉ុន្តែសម្រេចចិត្តវិលត្រឡប់មករស់នៅស្រុកកំណើតជាមួយវិញ។ រយៈពេល៣ឆ្នាំ ពេលបម្រើការនៅរោងចក្រ កញ្ញា សៅ ប៊ួយ មានការធុញថប់ ថែមទាំងមានការស្តីបន្ទោសផ្សេងៗ ផងដែរ។


ក្រែងនៅខេត្តកោះកុង។ រូបភាព៖ ញឹក សំអូន
 
«ធ្វើការឱ្យគេ និងរកស៊ីលក់ដូរនៅផ្ទះខ្លួនឯង មិនលើសខ្វះគ្នាប៉ុន្មានទេ គឺអាចជួយរកចំណូលចូលក្នុងគ្រួសារដូចគ្នា គ្រាន់តែធ្វើការឱ្យគេត្រូវគោរពតាមម៉ោងដែលគេបានកំណត់»។ កញ្ញា ប៊ួយ បន្ថែមបែបនេះ រួចបន្តថា កាលនៅធ្វើការរោងចក្រអង្គុយដេរស៊ីបុង ១ខែ អាចបានជាង ៣០០ដុល្លារ ហើយពេលមកលក់ដូរអត់ទៀង ដោយពេលខ្លះបានលើស ៣០០ដុល្លារ ឯថ្ងៃខ្លះលក់មិនដាច់ក៏មានដែរ៕


ងាវភក់ខេត្តកោះកុង។ រូបភាព៖ ញឹក សំអូន

 

© រក្សាសិទ្ធិដោយ thmeythmey.com