ជាតិ
សង្គមជាតិ
សិស្សនៅតំបន់ដាច់ស្រយាល ត្រូវស្នាក់នៅវត្ត ឬបន្ទប់ជួល ដើម្បីបន្តការសិក្សានៅវិទ្យាល័យបូទុមសាគរ
03, Sep 2022 , 2:29 pm        
រូបភាព
ស្រុកបូទុមសាគរ, កោះកុង៖ កង្វះសេវាអប់រំ បានបង្ខំឱ្យយុវជនមួយចំនួន ផ្លាសទីពីតំបន់ដាច់ស្រយាល នៃខេត្តកោះកុង មករៀននៅវិទ្យាល័យបូទុមសាគរ ដែលមានបន្ទប់ និងគ្រូបង្រៀនគ្រប់គ្រាន់។ សិស្សខ្លះត្រូវសុំវត្តអារាមស្នាក់នៅ ខ្លះទៀតនៅបន្ទប់ជួល ព្រោះផ្ទះឆ្ងាយពីសាលាពីប្រមាណ២០ទៅ ៣០គីឡូម៉ែត្រ។ រីឯ ផ្លូវគ្មានភ្លើងបំភ្លឺ និងខូចខាតជាដើម។


 
ជាក់ស្ដែង យុវសិស្ស ឆូវ សីហា សិស្សថ្នាក់ទី១០ នៃវិទ្យាល័យបូទុមសាគរ បានសុំគណៈគ្រប់គ្រងវត្តអណ្ដូងទឹក ស្នាក់នៅ និងដើម្បីបានរៀនសូត្រក្បែរវិទ្យាល័យដែលខ្លួនសិក្សា ព្រោះផ្ទះឆ្ងាយ និងជីវភាពខ្វះខាត។ សីហា រស់នៅភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូមុមសាគរ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីវិទ្យាល័យបូទុមសាគរ។ រូបគេ បានប្ដូរមករៀននៅវិទ្យាល័យនេះអស់រយៈពេល៤ឆ្នាំហើយ និងបាននៅវត្តរយៈពេល១ឆ្នាំ។

យុវជន ឆូវ សីហា មកពីភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូមុមសាគរ ខេត្តកោះកុង

មូលហេតុដែលធ្វើឱ្យ យុវជនរូបនេះ ផ្លាស់មករៀននៅវិទ្យាល័យបូទុមសាគរ ដោយសារនៅទីនោះមានគ្រូបង្រៀនគ្រាប់គ្រាន់ ជាពិសេសបានរៀនគួរបន្ថែម។ ក្នុងមួយសប្ដាហ៍ សីហា ត្រូវចំណាយអស់៥ម៉ឺនរៀន លើថ្លៃរៀនគួរ និងអាហារហូបចុក។
 
ឆូវ សីហា បានរៀបរាប់ដូច្នេះថា៖«ខ្ញុំមករៀនទីនេះ (វិទ្យាល័យបូទុមសាគរ) រយៈពេល៤ឆ្នាំហើយ។ ការធ្វើដំណើរមករៀន មានការលំបាកច្រើន ដោយសារផ្ទះខ្ញុំឆ្ងាយ ហើយផ្លូវដាច់ និងកន្លុកច្រើន។ ខ្ញុំអត់មានលុយជួយបន្ទប់ទេ អ៊ីចឹង ខ្ញុំមករៀននៅទីនេះ ត្រូវស្នាក់នៅវត្ត។ មួយអាទិត្យឪពុកម្ដាយខ្ញុំឱ្យចាយ ៥ម៉ឺនរៀន អ៊ីចឹង វារៀងខ្វះខាតដែរ តែធ្វើម៉េចបើយើង អត់សូវមាន»។
 
ចំណែក យុវសិស្សម្នាក់ទៀត ឈ្មោះ ម៉ែន វន្នី សិស្សថ្នាក់ទី១១ នៃវិទ្យាល័យបទុមសាគរ បានផ្លាស់មករៀននៅវិទ្យាល័យបូទុមសាគរ រយៈពេល២ឆ្នាំហើយ ដោយត្រូវជួយផ្ទះគេ ដើម្បីស្នាក់នៅ និងរៀនសូត្រ។ ថ្លៃបន្ទប់ជួយ ១៤ម៉ឺនរៀន បូករួមទាំងថ្លៃរៀនគួរ និងធ្វើដំណើរទៀត រូបគេត្រូវចំណាយអស់ប្រមាណ ៦០ម៉ឺនរៀនក្នុងមួយខែ។

យុវជន ម៉ែន វន្នី មកពីឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

ម៉ែន វន្នី មកពីឃុំជីផាត ស្រុកថ្មបាំង បានបញ្ជាក់ថា ជីផាតជាតំបន់ដាច់ស្រាយាល គ្មានគ្រូគ្រាប់គ្រាន់។ ដូច្នេះ រូបគេ ត្រូវចាំបាច់ ត្រូវប្ដូរមករៀននៅវិទ្យាល័យបូទុមសាគរវិញ ដែលមានចម្ងាយប្រមាណ៣០ម៉ែត្រ។ យុវសិស្សរូបនេះ បានអះអាង រូបគេមិនអាច ជិះម៉ូតូ ទៅវិញទៅមកបានទេ ដោយសារផ្ទះឆ្ងាយ ហើយផ្លូវខូចខាត និងត្រូវឆ្លងព្រែក។ ដូច្នេះ នៅរដូវវស្សានេះ មានភ្លៀងធ្លាក់ច្រើន ដូច្នេះ ក៏គ្មានទូកចម្លងដែរ។ 
 
យុវសិស្ស ម៉ែន វន្នី បានប្រាប់ដូច្នេះថា៖«ផ្ទះខ្ញុំមានអូរ ឆ្លងកាត់ផ្លូវ ប្រសិនបើ ភ្លៀងខ្លាំង វានឹងលិចស្ពាន។ អ៊ីចឹង យើងពិបាកធ្វើដំណើរដែរ។ ដូច្នេះ ដាច់ខាត ខ្ញុំត្រូវតែជួយផ្ទះគេស្នាក់នៅ និងរៀនសូត្រនៅវិទ្យាល័យបូទុមសាគរនេះ ព្រោះនៅទីនោះមានគ្រូបង្រៀនល្អៗ (ដែល)បញ្ចប់ថ្នាក់ឧត្តមសិក្សាច្បាស់លាស់។ នៅទីនេះ ក៏បានរៀនគួរច្រើនផងដែរ»។ 
 
លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ បានពីមួយឆ្នាំ ទៅមួយឆ្នាំ តែងតែមានសិស្សតំបន់ឆ្ងាយ សុំប្ដូរមករៀននៅវិទ្យាល័យបូទុមសាគរជាបន្តបន្ទាប់ ដោយសារវិទ្យាល័យក្នុងទីរួមស្រុកមួយនេះ កកើតមុនគេ និងមានគ្រូបង្រៀនគ្រប់គ្រាន់។ សិស្សខ្លះ នៅឆ្ងាយរហូតដល់ជាង២០គីឡូម៉ែត្រ ដែលនាំឱ្យពួកគេត្រូវជួលបន្ទប់ស្នាក់នៅក្បែរៗសាលា ដើម្បីងាយស្រួលរៀន។ 

លោក អឿ សុទ្ធី នាយកវិទ្យាល័យបូទុមសាគរ ខេត្តកោះកុង(កណ្ដាល)

បញ្ហាទាំងនេះ ក៏បង្កផលប៉ះពាល់ដល់ការៀនសូត្ររបស់សិស្សានុសិស្សដែរ។ ជាក់ស្ដែង នៅឆមាសទី១នេះ មានសិស្សខ្លះ ឈប់រហូតដល់ជាង២០ដង។ ប៉ុន្តែខាងសាលា បានដឹងពីទុក្ខលំបាករបស់សិស្ស និងតែងតែអនុគ្រោះ។ 
 
លោកនាយកវិទ្យាល័យបូទុមសាគរ ប្រាប់ដូច្នេះថា៖« ភាគច្រើនកត្តាប្រឈមខ្លាំងជាងគេ គឺមធ្យោបាយធ្វើដំណើរតែម្ដង។ សិស្សខ្លះអត់មានម៉ូតូជិះ។ ប៉ុន្តែបើអ្នកនៅឆ្ងាយៗដូចជាមកពីឃុំ ជីផាត ស្រុកថ្មបាំង គេមកជួយផ្ទះនៅជិតសាលានេះតែម្ដង។ គេអត់ជិះទៅមកទេ។ 
 
លោក អឿ សុទ្ធី បានបញ្ជាក់ថា គណៈគ្រប់គ្រងសាលា តែងតែតាមដានរាល់សកម្មភាពសិក្សារបស់សិស្ស ជាពិសេសអ្នកពីតំបន់ដាច់ស្រយាល។ ក្នុងនោះ សាលាបានរៀបចំកញ្ចប់អាហារូបករណ៍ពីក្រសួង ផ្ដល់ឱ្យសិស្សពូកែ និងមានជីវភាពខ្វះខាត ដើម្បីជារង្វាន់លើកទឹកចិត្ត ដល់ឱ្យពួកគេប្រឹងរៀនផងដែរ។
 
គួរបញ្ជាក់ដែរថា វិទ្យាល័យបូទុមសាគរ មានសិស្សប្រមាណ៥០០នាក់ និងគ្រូបង្រៀន២៨នាក់៕

Tag:
 អប់រំ
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com