ជាតិ
សង្គមជាតិ
ប្ដីបបួលមកលេងអង្គរវត្ត តែចុងក្រោយមកគេងក្នុងតង់ចម្ការជើងភ្នំគូលែន
03, Sep 2022 , 4:09 pm        
រូបភាព
សៀមរាប៖ ណារី ជាឈ្មោះដែលអ្នកសារព័ត៌មានដាក់ឱ្យ បានមករង់ចាំមើលផ្លូវប្ដី ដែលបានចូលទៅជំរំចម្ការរបស់លោក ខឹម វាសនា តាំងពីថ្ងៃទី២៣ ខែសីហាមក។ ណារី ដែលមានវ័យ២៣ឆ្នាំ ត្រូវបានប្ដីបបួលពីខេត្តស្វាយរៀង ថានាំមកលេងប្រាសាទអង្គរវត្ត ដែលនាងមិនធ្លាប់បានស្គាល់សោះ។ ណារីបាននាំយកខោអាវស្អាតជាច្រើនមកជាមួយ ដោយរំពឹងថា បានដើរលេងអង្គរវត្តដោយសប្បាយរីករាយ។ ផ្ទុយទៅវិញ ប្ដីណារី បាននាំនាងចូលទៅស្នាក់នៅក្នុងតង់ចម្ការរបស់លោក ខឹម វាសនា នាជើងភ្នំគូលែន។

 
 
ដោយមិនចេះសម្របខ្លួនក្នុងការរស់នៅកន្លែងពិបាក ពិសេសខ្លួនមិនសូវយល់ពីធម៌អប់រំរបស់លោក ខឹម វាសនា ណារី សម្រេចសុំប្ដីចេញពីចម្ការនៅថ្ងៃទី២៦ ខែសីហា ដោយមិនបានយកសម្ភារខោអាវមកជាមួយទេ។ ការរស់នៅក្នុងជំរំ មានការលំបាកបនិ្ដច ពិសេសទាក់ទងនឹងការប្រើប្រាស់ទឹក ដ្បិតមានមនុស្សច្រើន។ 
 
តាមការរៀបរាប់របស់ណារី ការរស់នៅក្នុងជំរំនោះ គឺភាគច្រើនផ្តោតលើការស្ដាប់ធម៌ ដែលមានលោក ខឹម វាសនា ជាអ្នកនិយាយ តែនាងថា ធម៌ទាំងនោះនាងស្ដាប់មិនយល់ទេ។
 
រៀបការជាង២ឆ្នាំ ណារី សង្កេតឃើញថា ប្ដីបានតាមការអូសទាញរបស់លោក ខឹម វាសនា មួយរយៈហើយ តែនាងព្យាយាមអូសទាញប្ដីចេញពីជំនឿទាំងនោះដែរ តែប្ដីនាងនៅតែលង់ជឿដែល រហូតកុហកនាំនាងមកដល់ចម្ការ នាស្រុកបន្ទាយស្រីនេះ។ ដ្បិតប្ដីមិនបានចេញពីចម្ការតាមខ្លួន ក្នុងនាមជាភរិយា ណារី អះអាងថា មិនចោលប្ដីឡើយ ដោយរំពឹងថា អាចនាំគាត់ត្រឡប់ទៅផ្ទះវិញ ហើយគាត់អាចភ្ញាក់ខ្លួន វិលទៅធ្វើការធម្មតាវិញដើម្បីជីវភាពគ្រួសារ៕

Tag:
 ខឹម វាសនា
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com