កីឡាអន្តរជាតិ
អន្តរជាតិ
១០ឆ្នាំចុងក្រោយ Man Utd ចាយលុយទិញកីឡាករជាង១ពាន់លានដុល្លារ តែមិនសមបំណង
04, Sep 2022 , 8:29 am        
រូបភាព
ក្លិប Manchester United ចំណាយប្រាក់លើការទិញចូលកីឡាករក្នុងរង្វង់ទឹកប្រាក់១,៣០ ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលច្រើនលើសគេក្នុងចំណោមលីគកំពូលបាល់ទាត់ទាំង៥នៅអឺរ៉ុប។ ចាយលុយច្រើនជាងគេមែនពិត តែបិសាចក្រហមនៅពេលនេះ នៅមិនទាន់រកឃើញភាពខ្លាំងដូចពីមុននៅឡើយ។


 
យោងតាមទិន្នន័យរបស់ស្ថាប័នស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory ក្លិប Man UTD ឈរនៅចំណាត់ថ្នាក់ទី១ នាំមុខក្លិបអង់គ្លេសដូចគ្នា Manchester City និង Paris Saint-Germain នៃលីគកំពូលបារាំង ដែលចំណាយលើការផ្ទេរកីឡាករខ្ពស់បំផុត ចាប់តាំងពីការចូលនិវត្តន៍របស់លោក Sir Alex Ferguson ក្នុងនាមជាអ្នកចាត់ការទូទៅ។
 
ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ក្លិបបិសាចក្រហមដែលប្តូរគ្រូ ៦រូបរួចមកហើយ បានចំណាយ ១,៣០ពាន់លានដុល្លារទិញកីឡាករ ក្នុងនោះពួកគេផ្ទេរកីឡាករថ្លៃៗដូចជា Paul Pogba, Harry Maguire, Romelu Lukaku, Angel Di Maria, Jadon Sancho, Lisandro Martinez និង Casemiro ជាដើម។ ចាប់តាំងពី Ferguson ចាកចេញនៅឆ្នាំ ២០១៣ Man Utd មិនមានកីឡាករណាលក់ចេញក្នុងតម្លៃថ្លៃៗឡើយ និងថែមទាំងលេងមិនបានល្អថែមទៀត។
 
រដូវកាលមុន Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦ក្នុងតារាង Premier League និងមិនបានកៅអីលេង UEFA Champions League រដូវកាលនេះឡើយ។
 
ដោយឡែក ក្លិប Manchester City ដែលស្ថិតនៅចំណាត់ថ្នាក់ទី២ បន្ទាប់ពី Man Utd ក្នុងនាមក្លិបចំណាយលើការផ្ទេរកីឡាករច្រើនបំផុតលើលោក ក្នុងចំនួនទឹកប្រាក់ ១,១៤១ពាន់លានដុល្លារ បានពង្រីកភាពខ្លាំងរបស់ខ្លួនពីមួយរដូវកាលទៅមួយរដូវកាល ពោលគឺចាប់ពីលោក Pep Guardiola ក្លាយជាអ្នកចាត់ការទូទៅឆ្នាំ២០១៦។
 
Paris Saint-Germain ដែលបានបំបែកកំណត់ត្រាផ្ទេរកីឡាករល្អៗលំដាប់ពិភពលោកនៅរយៈពេលចុងក្រោយ បានចំណាយប្រាក់សុទ្ធ ៩៤១ លានដុល្លារប៉ុណ្ណោះលើការទិញកីឡាករចូលនៅរយៈពេលជិត១០ឆ្នាំមកនេះ។
 
ខាងក្រោមនេះ ជាក្លិបបាល់ទាត់នៅលីគបាល់ទាត់អឺរ៉ុបទាំង៥ចំនួន១០ប្រទេសដែលចំណាយប្រាក់ច្រើនបំផុតក្នុងការទិញចូលកីឡាករក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ ខណៈដែលមិនមានឈ្មោះរបស់ក្រុមយក្សអេស្ប៉ាញ Real Madrid ឡើយ៖
 
១- Manchester United ចំណាយអស់ ១,៣០ពាន់លានដុល្លារ
២- Manchester City ចំណាយអស់ ១,១៤១ពាន់លានដុល្លារ
៣- PSG ចំណាយអស់ ៩៤១ លានដុល្លារ
៤- Barcelona ចំណាយអស់ ៧៥៣ លានដុល្លារ
៥- Arsenal ចំណាយអស់ ៦៧៥ លានដុល្លារ
៦- Juventus ចំណាយអស់ ៦៤៨ លានដុល្លារ
៧- AC Milan ចំណាយអស់ ៥០០ លានដុល្លារ
៨- Everton ចំណាយអស់ ៤៩៨ លានដុល្លារ
៩- Aston Villa ចំណាយអស់ ៤៩១ លានដុល្លារ
១០- Chelsea ចំណាយអស់ ៤៧៨ លានដុល្លារ៕

Tag:
 Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com