ជាតិ
លោក ថោង ខុន៖«អ្នកបម្រើការទេសចរណ៍ត្រូវចេះប្រើប្រាស់បច្ចេកវិទ្យា ព្រោះវាជាផ្នែកមួយនៃជីវិត»
04, Sep 2022 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជំរុញឱ្យអ្នកបម្រើការ និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ ត្រូវសិក្សារៀនសូត្រឱ្យបានច្រើនអំពីការប្រើប្រាស់បច្ចេកវិទ្យា។ លោកបានលើកឡើងថា ការចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងការងារប្រចាំថ្ងៃ លែងជានិន្នាការទៀតហើយ ប៉ុន្តែវាគឺជាផ្នែកដ៏សំខាន់ មួយនៃជីវិតរបស់យើងគ្រប់គ្នា (Part of Life)។


 
លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម បញ្ចប់វគ្គបណ្តុះបណ្តាលលើជំនាញទេសចរណ៍ ជំនាញឆុងកាហ្វេ និងភេសជ្ជៈដូច្នេះថា៖«យើងទាំងអស់គ្នាត្រូវចាប់យកការប្រើប្រាស់បច្ចេកវិទ្យា និងជំរុញការបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថល ដោយសារបច្ចេកវិទ្យាលែងជានិន្នាការទៀតហើយ គឺវាជាផ្នែកមួយនៃជីវិត (Part of Life)»។ 
 
ជាការពិតណាស់ ភាពរីកចម្រើនបច្ចេកវិទ្យា ឌីជីថលបនីយកម្ម បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យផ្សេងៗ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ការប្រើប្រាស់បច្ចេកវិទ្យាបានជួយគាំទ្រ និងសម្រួលដល់សកម្មភាពទេសចរណ៍ជាច្រើនទាំងមុនពេលដំណើរកម្សាន្ត អំឡុងពេលដើរកម្សាន្ត និងក្រោយពេលដំណើរកម្សាន្តទេសចរណ៍។
 
លោក ថោង ខុន ក៏បានស្នើដល់ភាគីពាក់ព័ន្ធរៀបចំវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ ជាពិសេសវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ដល់មន្រ្តី អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅតាមគោលដៅទេសចរណ៍។ 
 
ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យមានការចុះឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រង ការបណ្តុះបណ្តាលជំនាញទេសចរណ៍ www.tptd.org ដើម្បីទទួលបានការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាប្រចាំ ដែលវាជាកត្តាចូលរូមសម្រេចទិសដៅយុទ្ធសាស្រ្ត «ទេសចរណ៍ឆ្លាតវៃ តម្លៃសមរម្យ គុណភាពសេវាខ្ពស់»។
 
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបន្ថែមថា ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ក្រសួងទេសចរណ៍ក៏បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ។ www.tptd.org ជាប្រព័ន្ធមួយដែលរៀបចំឡើងដើម្បីជួយដល់ការបណ្តុះបណ្តាលជំនាញថ្មី ការបណ្តុះបណ្តាលជំនាញបន្ថែម (Reskilling and Upskilling) លើជំនាញវិជ្ជាជីវៈទេសចរណ៍ រួមទាំងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ស្របតាមតម្រូវការផងដែរ។ 
 
ត្រង់ចំណុចនេះ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានសិក្ខាកាម៥៦,២៦៨នាក់ បានចុះឈ្មោះសិក្សាតាមគ្រប់គ្រងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អនឡាញ (Online Tourism Professional Training Management System)៕
 

Tag:
 លោក ថោង ខុន
  រដ្ឋមន្រ្តីទេសចរណ៍
  បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com