ជាតិ
សេដ្ឋកិច្ច
តើថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្ន័យ CamDX ជាអ្វី ?
04, Sep 2022 , 1:59 pm        
រូបភាព
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។
លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។ រូបថត​៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។
CamDX ជាថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្ន័យ ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាលឿនរហ័ស ចំណេញថវិកា និងមានសុវត្ថិភាព។ នេះបើតាមលោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»។

 
CamDX មកពីពាក្យ Cambodia Data eXchange ដែលមានន័យថា ជា «ថ្នាលឌីជីថល» មួយប្រភេទមានតួនាទីផ្លាស់ប្តូរទិន្ន័យពីក្រសួង ស្ថាប័នមួយ ទៅក្រសួង ស្ថាប័នផ្សេងទៀត។ ការផ្លាស់ប្តូរទិន្ន័យនេះ គឺប្រព្រឹត្តទៅតាម API (Application Programming Interface) សន្ធានកម្ម កម្មវិធីកុំព្យូទ័រ ដោយមានន័យថាប្រព័ន្ធពីរធ្វើការជាមួយគ្នាដោយស្វ័យប្រវត្តិ។
 
លោក តាំង ងួនលី បានប្រាប់ ThmeyThmey កាលពីថ្ងៃទី៣០ ខែសីហា ថា កន្លងមកក្រសួង ស្ថាប័នមួយតែងតែស្នើសុំទិន្និន័យដោយផ្ទាល់ពីក្រសួង ឬស្ថាប័នផ្សេងទៀត ដែលមានការពិបាក និងចំណាយពេលវេលាយូរ។ បច្ចុប្បន្នថ្នាល CamDX បានចូលរួមចំណែកកាត់បន្ថយបញ្ហាទាំងនេះ ហើយចំពោះសមាជិកដែលបានចុះបញ្ជីអាចស្នើសុំទិន្ន័យពីស្ថាប័នដទៃបាន ដោយមិនចាំបាច់ស្នើសុំដោយផ្ទាល់ជាមួយក្រសួង ស្ថាប័ននោះទេ។
 
ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥  រដ្ឋាភិបាលនឹងបើកជំហរទិន្ន័យមួយចំនួន ដើម្បីឱ្យមានការចូលរួមប្រើប្រាស់ពីវិស័យឯកជន ក្នុងការបង្កើតអាជីវកម្មបន្ថែម ក៏ដូចជានវានុវត្តន៍ថ្មីៗសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាបន្ថែម។ ក្រុមហ៊ុន ឬអ្នកផ្តល់សេវាដូចជា ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រងជាដើម ដែលមានតម្រូវការប្រើប្រាស់ក្នុងគោលបំណងផ្ទៀងផ្ទាត់ព័ត៌មាន អាចស្នើសុំប្រើប្រាស់ទិន្ន័យតាមរយៈថ្នាល CamDX ។
 
ក្នុងការចូលរួមចំណែកធ្វើទំនើបកម្មសេវាសាធារណកម្ពុជា ថ្នាល CamDX បានផ្តល់ភាពងាយស្រួល ដល់ម្ចាស់អាជីវកម្ម សហគ្រិន ក្រុមហ៊ុន ដោយស្ថាប័នទាំងនោះអាចចុះបញ្ជីអនឡាញ ទូទាត់អនឡាញ និងទទួលវិញ្ញាបនបត្រអនឡាញជាដើម ដោយមិនចាំបាច់ទៅដល់ទីតាំងផ្ទាល់។
 
ថ្នាល CamDX កំពុងប្រតិបត្តិការពាក់ព័ន្ធវិស័យសាធារណៈមួយចំនួនមានដូចជា ការចុះបញ្ជីរថយន្ត អាជីវកម្ម សេវាបង់ពន្ធ សេវាសុខភាព និងសេវារដ្ឋបាលផ្សេងៗមួយចំនួនទៀត។ ទន្ទឹមនេះ ពលរដ្ឋគួរតែស្វែងយល់ពីសេវាសាធារណៈដែលភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចំណេញពេលវេលា មានតម្លាភាព និងមានសុវត្ថិភាពក្នុងការប្រើប្រាស់សេវា។


ទម្រង់នៃការផ្លាស់ប្តូរទិន្ន័យរបស់ CamDX ។ 
 
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ» បានបញ្ជាក់ថា បច្ចុប្បន្នថ្នាល CamDX មិនមានការគិតថ្លៃសេវាពីអ្នកប្រើប្រាស់នោះឡើយ ហើយនាពេលអនាគតប្រសិនបើចំនួនប្រតិបត្តិការមានការកើនឡើងរដ្ឋាភិបាលនឹងពិចារណាក្នុងការយកថ្លៃសេវា។
 
«ប្រសិនបើ ១ប្រតិបត្តិការ គិតថ្លៃសេវា ៥០០រៀល អ៊ីចឹង១លានប្រតិបត្តិការ យើងនឹងអាចទទួលបាន ៥០០លានរៀល ដូច្នេះនេះជាប្រភពចំណូលមួយថ្មីបន្ថែមសម្រាប់កម្ពុជា នាពេលអនាគត»។ នេះជាការអះអាងរបស់លោក តាំង ងួនលី។
 
មកទល់ពេលនេះ មានក្រសួង និងស្ថាប័នចំនួន១៨ ដែលបានចុះបញ្ជីជាមួយថ្នាល CamDX ក្នុងនោះរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  និយ័តករអចលទ្រព្យ និងបញ្ចាំ ...។
 
ក្រៅពីថ្នាល CamDX មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»  មានថ្នាលចំនួន ២បន្ថែមទៀតគឺ CamDigiKey ដែលផ្តល់ភាពងាយស្រួល ក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន តាមរយៈអនឡាញ ( e-Verification ) និងមានសុវត្ថិភាព ចំពោះអ្នកទទួលសេវា ពីប្រតិបត្តិការអនឡាញ ជាមួយ CamDL ដែលធ្វើការពាក់ព័ន្ធ Block chain ដែលកំពុងរៀងចំបង្កើតឡើង។
គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ប្រតិបត្តិការដែលធ្វើឡើងតាមរយៈថ្នាល CamDX មានចំនួន ៩,៧៧លានប្រតិបត្តិការ ហើយជាមធ្យមក្នុងមួយថ្ងៃមានចំនួនជាង ២ម៉ឺនប្រតិបត្តិការ។
 
បច្ចុប្បន្ននៅកម្ពុជា គឺមានវិស័យធំៗចំនួន៥ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថល។ ក្នុងនោះមាន ផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce), ផ្នែកដឹកជញ្ជូនចំណីអាហារ(Transport & food ), ផ្នែកលក់សណ្ឋាគារឬទិញសម្ភារមួយចំនួន(Online Travel), ផ្នែកបង្កើតមាតិកានានា(Online Media) និង ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ( Financial Service) ដែលកំពុងមានកំណើនខ្លាំងនៅកម្ពុជា។ នេះបើតាមលោក តាំង ងួនលី៕

Tag:
 CamDX
  តាំង ងួនលី
  CamDigiKey
© រក្សាសិទ្ធិដោយ thmeythmey.com