ជាតិ
លោក ហែម សុផល ប្រថុយរស់នៅលើចម្ការមីន ព្រោះជីវភាពក្រីក្រ
04, Sep 2022 , 2:59 pm        
រូបភាព
ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ កសិករក្រីក្រមួយគ្រួសារក្នុងខេត្តបាត់ដំបង រស់នៅដាច់ឆ្ងាយពីអ្នកភូមិប្រមាណជាង ៥ គីឡូម៉ែត្រ  ដើម្បីធ្វើស្រែ។ រាល់ឆ្នាំកសិករ ហែម សុផល តែងតែប្រទេះ ឃើញ គ្រាប់មីន ចេញដី នៅពេលភ្ជួរស្រែម្តងៗ ។ កត្តាជីវភាព បានបង្ខំឱ្យគ្រួសារមួយនេះប្រថុយធ្វើស្រែនៅតំបន់អតីតបន្ទាយទាហ៊ាន លើមាត់ទំនប់ ទោះដឹងដឹងថាតំបន់នោះ មានគ្រាប់មីន និងប្រឈមគ្រោះថ្នាក់គ្រប់ពេលក៏ដោយ។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖

 
លោក ហែម សុផល វ័យ ៦៩ឆ្នាំ ជាកសិកររស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ។ កសិកររូបនេះ បាននាំគ្រួសារទៅរស់នៅតំបន់អតីតបន្ទាយទាហ៊ានលើមាត់ទំនប់ តាំងពីអំឡុង ឆ្នាំ ១៩៨០ ជាងមកម្លេះ។ សព្វថ្ងៃលោក សុផល រស់នៅជាមួយប្រពន្ធទី២ និងមានកូនប្រុស អាយុ ៦ឆ្នាំ ក្នុងផ្ទះ ដែលមានដំបូលធ្លុះធ្លាយ និង ប្រក់ស្បូវ។
 
គ្រួសារមួយនេះ ពឹងផ្អែកលើការធ្វើស្រែ និង ចាប់ត្រី ក្តាមខ្យង ធ្វើជាម្ហូបអាហារ។ កសិករវ័យ ៦៩ឆ្នាំរូបនេះ បានឱ្យដឹងថា៖«នៅពេលធ្វើស្រែ និងដើររកក្តាម ខ្យង ត្រី ធ្វើម្ហូបម្តងៗ លោកតែងបារម្ភពីបញ្ហាគ្រោះថ្នាក់គ្រាប់មីន ដែលនៅក្នុងដី និងមិនទាន់ដោះបានត្រឹមត្រូវនៅឡើយ» ។  
 
លោក សុផល តែងប្រទះឃើញគ្រាប់មីន និង ប្រមូលគ្រាប់មីនទាំងនោះ ទុកមួយកន្លែង និងរាយការណ៍ដល់អាជ្ញាធរ។ ថ្មីនេះៗ លោកបានប្រមូលគ្រាប់មីន ប្រឆាំងមនុស្សប្រមាណ ៤៧គ្រាប់ បន្ទាប់ពីភ្ជួរដី ហើយរបើកចេញមកក្រៅ ។ 
 
ក្នុងករណីនេះ លោក ហ៊ាន ឆេន មេភូមិព្រែកជីក ទទួលស្គាល់ថា ចំនុច ដែលពលរដ្ឋរស់នៅ និងធ្វើស្រែ ពិតជាមានគ្រាប់មីន នៅសេសសស់ច្រើន និងមិនទាន់មានការដោះពីស៊ីម៉ាក់នោះឡើយ ។ លោកបន្តថា តំបន់នេះ គេហៅថា ហុងទី៥ ជាអតីត បន្ទាយទាហ៊ាន  ដែលគេដាក់ជាឈ្នាន់ការពារទាហ៊ាន ខ្មៅក្រហម កាលសម័យនោះ ។  តំបន់នេះ មាន ៦០គ្រួសារ  មកធ្វើស្រែ និងប្រឈមគ្រោះថ្នាក់ ដែលសម្បូរគ្រាប់មីន ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយប្រមាណ ៥ គីឡូត្រម៉ែត្រ ។ 
 
ទន្ទឹមនោះ លោក ផាន់ ម៉ាច មេឃុំព្រែកជីក បានឱ្យដឹងថា នៅឃុំនេះ តែងតែមានការរាយការណ៍ពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះស្ទើរគ្រប់ភូមិរាងរាល់ឆ្នាំ។ លោកបន្ថែមថា ៖«យ៉ាងហោចណាស់ ភូមិខ្លះឃើញ មួយគ្រាប់រឺពីរគ្រាប់អីជាដើម  ហើយក៏ធ្លាប់មានការផ្ទុះស្លាប់មនុស្សនិងសត្វផងដែរ»។ 
 
បច្ចុប្បន្ននេះ ចំណុចហុងទី៥ ដែលជាទីតាំងឈ្នាន់បន្ទាយទាហាននេះ បានក្លាយជាក្តីបារម្ភសម្រាប់ប្រជាពលរដ្ឋ ដ្បិតវាមានការប្រឈមនឹងគ្រាប់មីន។ ជាមួយគ្នានោះ អាជ្ញាធរ ក៏ធ្លាប់រាយការណ៍ផ្ទាល់មាត់ទៅមន្រ្តីស៊ីម៉ាក នាឆ្នាំកន្លងទៅ តែមិនទាន់ឃើញឆ្លើយតប៕

Tag:
 ធ្វើស្រែ
  គ្រាប់មីន
© រក្សាសិទ្ធិដោយ thmeythmey.com