កីឡាអន្តរជាតិ
អន្តរជាតិ
៧៩ប្រទេសធ្លាប់ចូលរួម World Cup, ៨ប្រទេសធ្លាប់ឈ្នះពាន ឯប្រេស៊ីលមិនដែលបាត់មុខ
04, Sep 2022 , 8:59 pm        
រូបភាព
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA World Cup លើកទី ២២ នឹងធ្វើឡើងនៅប្រទេសកាតា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ កាតា នឹងដឹកនាំ World Cup ដែលមានក្រុមចំនួន៣២ក្នុងវគ្គចែកពូលជាលើកចុងក្រោយ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បង្កើនដល់ ៤៨ ក្រុមនៅព្រឹត្តិការណ៍ក្រោយៗ។ គិតចាប់ពី World Cup បង្កើតឡើងលើកដំបូងនៅឆ្នាំ១៩៣០មក មានក្រុមចំនួន៧៩ប្រទេសប៉ុណ្ណោះបានបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះ៨ប្រទេសធ្លាប់ឈ្នះជើងឯក។ អ្វីដែលពិសេស មានតែប្រទេសមួយប៉ុណ្ណោះលើលោក ដែលមិនធ្លាប់អវត្តមានសោះក្នុងព្រឹត្តិការបាល់ទាត់ពិភពលោកនេះ។


 
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីល ជាក្រុមតែមួយគត់ដែលបង្ហាញមុខគ្រប់ព្រឹត្តិការណ៍ World Cup ទាំង២២លើក និងជាក្រុមឈ្នះជើងឯកច្រើនជាងគេផងដែរក្នុងចំនួន៥លើក។ អាល្លឺម៉ង់ និងអ៊ីតាលី តាមពីក្រោយដោយធ្លាប់លើកពានលំដាប់ពិភពលោកនេះ៤សម័យដូចគ្នា។ ៥ក្រុមទៀតដែលធ្លាប់ឈ្នះ World Cup មានអាហ្សង់ទីន បារាំង (ម្ចាស់ការពារតំណែងជើងឯក ២០១៨) និងអ៊ុយរ៉ូហ្គាយ ឈ្នះ២លើកដូចគ្នា រួមទាំងអេស្ប៉ាញ និងអង់គ្លេស ឈ្នះមួយលើករៀងខ្លួន។ ៥ក្រុម ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែបានត្រឹមរងជើងឯកមាន ហូឡង់៣លើក ឆែក និងហុងគ្រី ២លើក ខណៈស៊ុយអែត និងក្រូអាស៊ីមួយលើកដូចគ្នា។
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីក្រុមជម្រើសជាតិដែលបង្ហាញខ្លួននៅ World Cup លើសពី១០លើកឡើងទៅ ដោយគិតទាំង២០២២នៅប្រទេសកាតា៖
 
ប្រេស៊ីល ២២លើក, អាល្លឺម៉ង់ ២០លើក, អ៊ីតាលី ១៨លើក, អាហ្សង់ទីន១៨លើក, ម៉ិកស៊ិក ១៧លើក, អេស្ប៉ាញ ១៦លើក, បារាំង ១៦លើក, អង់គ្លេស ១៦លើក, បែលហ្ស៊ិក ១៤លើក, អ៊ុយរ៉ូហ្គាយ ១៤លើក, ស៊ែប៊ី ១៤លើក, ស៊ុយអែត ១៣លើក, ស្វ៊ីស ១២លើក, រុស្ស៊ី ១១លើក, កូរ៉េខាងត្បូង ១១លើក, អាម៉េរិក ១១លើក និងហូឡង់ ១១លើក៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com