ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ថាជំនឿរបស់លោក ខឹម វាសនា នាំឱ្យប្រជាជនអន្តរាយ និងដើរផ្លូវខុស
04, Sep 2022 , 4:39 pm        
រូបភាព
រូប​ពី SKSK
រូប​ពី SKSK
ភ្នំពេញ៖ សម្ដេច ស ខេង បានអំពាវនាងដល់ប្រជាពលរដ្ឋ ដែលបានជឿលើការឃោសនារបស់លោក ខឹម វាសនា ឱ្យត្រឡប់ទៅផ្ទះវិញ និងឈប់ជឿសម្ដីទាំងនោះ។ សម្ដេចបានសង្កត់ធ្ងន់ថាជំនឿរបស់ លោក ខឹម វាសនា បានកំពុងនាំប្រជាជនឱ្យអន្តរាយ និងដើរផ្លូវខុស។


 
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ សម្ដេច ស ខេង បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ចាក់សំឡេងអំពាវនាវ តាមឧគ្ឃោសនាសព្ទឱ្យបានញឹកញាប់ ដើម្បីឱ្យប្រជាជនឈប់ជឿសម្ដីរបស់លោក ខឹម វាសនា តទៅទៀត។ មិនឱ្យជឿ ក៏ព្រោះសម្ដេចបានមើលឃើញថា នោះគឺជាជំនឿខុស ដែលអាចនាំឱ្យអ្នកដើរតាមអន្តរាយបាន។ សម្ដេច ស ខេង បន្ថែមថាមានប្រជាជនមួយចំនួន បានលក់មាន់ ទា ជ្រូក ម៉ូតូ ខ្លះលក់ដល់ទាំងឡាន ដើម្បីយកប្រាក់ទៅចម្ការរបស់លោក ខឹម វាសនា នៅក្នុងខេត្តសៀមរាប។ 
 
សម្ដេច បញ្ជាក់៖«ខ្ញុំឱ្យចាក់សារសំឡេងអំពាវនាង តាមឧគ្ឃោសនាសព្ទឱ្យបានញឹកញាប់ ឱ្យពលរដ្ឋយល់ថាលោក ខឹម វាសនា នាំឱ្យអន្តរាយ នាំឱ្យប្រជាជនដើរលើផ្លូវខុស វាមិនចំណេញទេ សម្រាប់អនាគតពួកគាត់។ យើងទាញគាត់កុំឱ្យលង់តទៅទៀត។ អ្នកខ្លះទៅទាំងប្ដីប្រពន្ធកូន ចោលផ្ទះចោលសម្ដែង លក់ទា មាន ជ្រូក ខ្លះលក់ឡានទៀត។ ខ្លះម៉ូតូថ្មីតម្លៃ២ពាន់ គាត់លក់តែ១ពាន់ ឱ្យតែបានលុយទៅ។ ត្រូវតែព្យាយាមទាញប្រជាជន ឱ្យមកគិតផ្លូវត្រូវវិញ»។
 
ទោះជាយ៉ាងណាក៏ដោយ សម្ដេច បានឱ្យអាជ្ញាធរមូលដ្ឋាន កោះហៅលោក ខឹម វាសនា ទៅជួបជាថ្មីដើម្បីកំណត់ថ្ងៃឱ្យច្បាស់ ថាតើថ្ងៃណាក្រុមរបស់លោក ខឹម វាសនា រំសាយ។ ទោះជាយ៉ាងនេះក្ដី សម្ដេច ស ខេង ពុំបានបញ្ជាក់ច្បាស់ឡើយ ថាជំនួបនោះបានផ្លែផ្កាយ៉ាងណា។ 
 
«កាលមុនគេថាជួបត្រឹមថ្ងៃ៣០។ ខ្ញុំបានប្រាប់ទៅខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធ ថាមិនអីទេបើថ្ងៃ៣០ប្រាកដមែន។ ដល់ថ្ងៃទី៣០ហើយ គាត់ថាសុំដល់ដាច់ខែ៩។ តែក្រោមមកទៀត បើមិនច្រឡំ គេសុំត្រឹមថ្ងៃទី៥។ ខ្ញុំថាបើដល់ថ្ងៃ៥មិនរំសាយធ្វើម៉េច? យើងអត់ធ្វើអីគាត់ទេ(ប្រជាជន) គាត់កំពុងតែចាញ់បោកគេផង ហើយយើងយកកម្លាំងទៅធ្វើនេះធ្វើនោះ ប៉ះទង្គិតគ្នាទៅល្អមើលណាស់ឬយ៉ាងម៉េច? ខ្ញុំបានសុំយោបល់ពីសម្ដេចព្រោះនេះជាសន្តិសុខ សណ្ដាប់ធ្នាប់។
 
បើទោះបីជា សម្ដេច ស ខេង ថាប្រជាជនជឿលើជំនឿខុស ហើយនឹងធ្វើឱ្យពួកគេខាតប្រយោជន៍នានាក្ដី ក៏សម្ដេច នៅតែអះអាងថា រដ្ឋាភិបាលមិនបោះបង់ពួកគេចោលដែរ។ មិនបោះបង់ ដ្បិតអីរដ្ឋាភិបាល មានកាតព្វកិច្ចទទួលខុសត្រូវ លើប្រជាជនគ្រប់រូប៕ 
 
សូមអញ្ជើញទស្សនាវីដេអូ៖
 

Tag:
 ជំនឿ
  ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com