ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បោះលក់មូលបត្ររដ្ឋលើកដំបូង ក្នុងទំហំ ១០០ប៊ីលានរៀល
05, Sep 2022 , 8:59 pm        
រូបភាព
រូបិយវត្ថុជាតិ ។ រូប៖ NBC
រូបិយវត្ថុជាតិ ។ រូប៖ NBC
មូលបត្ររដ្ឋ នឹងត្រូវបោះលក់ជាលើកដំបូង ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល(ប្រមាណ២៥លានដុល្លារអាម៉េរិក)​ ដោយ​ ធនាគារជាតិនៃកម្ពុជា(NBC) នៅថ្ងៃទី៧កញ្ញា ឆ្នាំ២០២២។ រដ្ឋាភិបាលបោះលក់មូលបត្រនេះ ដើម្បីកៀរគរប្រភពទុនវិនិយោគក្នុងស្រុក សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជាតិ។​

 
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មូលបត្ររដ្ឋនេះ នឹងដាក់ដេញថ្លៃតាមរយៈផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជា(NBCP) ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។​ មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុលនេះ មានតម្លៃចារឹតចំនួន១លានរៀល(២៥០ដុល្លារ)ក្នុងមួយបណ្ណ។ សម្រាប់ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់២ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋនឹងទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។
 
ទំហំបណ្ណបំណុលដែលត្រូវបោះលក់នៅថ្ងៃទី៧កញ្ញា​នេះ គឺជាចាប់ផ្តើមជំហានដំបូងរបស់រាជរដ្ឋាភិបាល នៃការអនុវត្តផែនការបោះលក់មូលបត្ររដ្ឋជាប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ១ ២១៩ ពាន់លានរៀល(ប្រមាណ៣០០លានដុល្លារអាម៉េរិក) ឆ្នាំ២០២២។​
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិនិយោគិនដែលទិញមូលបត្ររដ្ឋ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធកាត់ទុក៥០ភាគរយ លើការប្រាក់ដែលបានពីការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ  និងលើកលែងពន្ធលើចំណេញមូលធន ចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល៣ឆ្នាំ។​ លើសពីនេះ​ វិនិយោគិន ត្រូវបានរដ្ឋទទួលស្គាល់ការថ្លឹងហានិភ័យសូន្យភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និងទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខណ្ឌសន្ទនីយភាព។ 
 
រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ មានគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម រួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋាភិបាល។ លើសនេះ​ ការបោះផ្សាយមូលបត្របំណុលនេះ  ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ខណៈផ្សារមូលបត្រកម្ពុជាបានដំណើរការ អស់រយៈពេល១០ឆ្នាំមកហើយ។
 
សូមជម្រាបថា​ ផ្សារមូលបត្រ​កម្ពុជា​(CSX) ត្រូវបានបើក​ឱ្យដំណើរការ​ជួញដូរ​មូលបត្រ​នៅ​ថ្ងៃទី​ ១៨ ខែមេសា ឆ្នាំ​២០១២។ រយៈពេល១០ឆ្នាំនៃការបង្កើតផ្សារមូលបត្រកម្ពុជានេះ គឺមានក្រុមហ៊ុនចំនួន១៦បានចុះបញ្ជី។ ក្នុងនោះ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញបណ្ណ ដែលបានកៀរគរទុនវិនិយោគពីទីផ្សារនេះ​បានប្រមាណ៣០០លានដុល្លារ៕
 

Tag:
 ហិរញ្ញវត្ថុ
  មូលបត្ររដ្ឋ
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com