កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Hamilton ផ្ទុះកំហឹងដាក់ក្រុម Mercedes ក្រោយខកឱកាសឈ្នះនៅហូឡង់
05, Sep 2022 , 7:29 pm        
រូបភាព
Lewis Hamilton ច្រឡោតដាក់សមាជិកក្រុម Mercedes ក្រោយមិនអាចឈ្នះនៅក្នុងការប្រណាំងរថយន្ត Formula One ក្នុងកម្មវិធី Dutch Grand Prix ប្រទេសហូឡង់។ ម្ចាស់ការពារតំណែងជើងឯក Max Verstappen របស់ក្រុម Red Bull ជាអ្នកដណ្តើមបានជ័យជម្នះនៅទីលានទី១៥នេះ។

 
Hamilton បង្ហាញការខកចិត្តចំពោះយុទ្ធសាស្ត្ររបស់ក្រុម Mercedes ដែលធ្វើឱ្យរូបគេបន្តខកឱកាសទទួលបានជ័យជម្នះជាលើកដំបូងក្នុងព្រឹត្តិការណ៍ F1 រដូវកាល២០២២នេះ។ ១៥ប្រកួតទៅហើយ ម្ចាស់ជើងឯក៥សម័យមិនទាន់ស្គាល់ជាតិឈ្នះម្តងឡើយ។
 
ដំបូងឡើយ អ្នកប្រណាំងអង់គ្លេសទំនងជាអាចរកបានជ័យជម្នះរបស់ខ្លួនទៅហើយនាការប្រណាំងនៅហូងឡង់ថ្ងៃទី៤ ខែកញ្ញា។ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសក្រុម Mercedes ទើបធ្វើឱ្យ Hamilton ធ្លាក់ពីលេខ១ ទៅលេខ៤វិញក្រោយបញ្ចប់ការប្រណាំង។
 
Hamilton ស្រែកគំហកដាក់សមាជិកក្រុម Mercedes តាមវិទ្យទាក់ទងក្រុម។ អ្នកប្រណាំងវ័យ៣៧ឆ្នាំ ចោទថាក្រុមប្តូរសម្បកឱ្យខ្លួនមិនត្រឹមត្រូវ ទើបធ្វើឱ្យរថយន្តយឺត រហូតរបូតជ័យជម្នះទៅ Verstappen ជាថ្មីទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ រូបគេបានសុំទោសសមាជិកក្រុមវិញ ដោយអះអាងថាដោយសារខ្លួនចង់ឈ្នះជាលើកដំបូងនៅរដូវកាលនេះ។
 
Verstappen អ្នកប្រណាំងសញ្ជាតិហូឡង់ដែលបើកបរឱ្យ Red Bull នៅតែទទួលបានជ័យជម្នះ៤លើកចុងក្រោយជាប់ៗគ្នា និងជាលើកទី១០ក្នុងការប្រណាំងទាំង១៥ទីលានរដូវកាលថ្មីនេះ។ George Russell របស់ក្រុម Mercedes បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈ Charles Leclerc ដែលបើកឱ្យ Ferrari បានលេខ៣។
 
តាមរយៈជ័យជម្នះនេះ Verstappen ត្រូវបានគេមើលឃើញថា អាចការពារតំណែងជើងឯក F1 រដូវកាលនេះ និងជាការឈ្នះលើកទី២ក្នុងអាជីព។
 
Verstappen កើនដល់ ៣១០ពិន្ទុ នាំមុខ Charles Leclerc របស់ក្រុម Ferrari និងមិត្តរួមក្រុម Red Bull កីឡាករ Perez ចំនួន១០៩ពិន្ទុដូចគ្នា។ Hamilton នៅលេខរៀងទី៦ដដែល ដោយរកបាន១៥៨ពិន្ទុ៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com