ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ វិទ្យាល័យស្ទឹងសែន ដាក់វិធានការតឹងរឹងលើសិស្ស ដើម្បីទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក
06, Sep 2022 , 2:29 pm        
រូបភាព
ដោយ៖ ឃិន សុផល (យុវជនឃុំស្រយ៉ូវ)

ក្រុងស្ទឹងសែង, កំពង់ធំ៖ ថ្វីបើ សកម្មភាពជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិក ហាក់ស្ងប់ស្ងាត់បន្តិច។ ប៉ុន្តែ វិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ នៅតែពង្រឹងវិធានការអប់រំសិស្សជានិច្ច ដើម្បីកាត់ផ្ដាច់ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន។ 



តទៅនេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
 

ជារៀងរាល់ថ្ងៃចន្ទ នៅដងទង់ជាតិ គណៈគ្រប់គ្រងវិទ្យាល័យស្ទឹងសែន តែងពន្យល់ប្រាប់សិស្សអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីឡិចត្រូនិក។ មិនតែប៉ុណ្ណោះ វិទ្យាល័យក្នុងទីរួមខេត្តកំពង់ធំមួយនេះ ក៏បានបង្កើតក្រុមប្រឹក្សាវិន័យ សម្រាប់តាមដានរាល់សកម្មភាពអវិជ្ជមានមួយចំនួនផងដែរ។
 
លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន បានអះអាង ការប្រើប្រាស់បារីអេឡិចត្រូនិកនៅក្នុងវិទ្យាល័យស្ទឹងសែន ពុំដែលកើតមាននោះទេ ក្រោយសាលា បានផ្សព្វផ្សាយ និងដាក់វិធានការយ៉ាងតឹងរឹង តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 
 
លោក បន្តថា សិស្សនៅវិទ្យាល័យស្ទឹងសែន មានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក។ ក្រៅពីការអប់រំ សាលាបានបង្កើតគណៈកម្មាការ និងក្រុមប្រឹក្សាវិន័យដែលចូលរួមពីគ្រូបង្រៀនគ្រប់ផ្នែក និងសហគមន៍ ដើម្បីតាមដាន និងទប់ស្កាត់ដាច់ខាត ចំពោះសកម្មភាពជួញដូរ និងប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលា។ 
 
លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែន

លោក ធន ធុង ប្រាប់ដូច្នេះថា៖«ក្រោយក្រសួងអប់រំ ចេញសេចក្ដីណែនាំមកភ្លាម ខ្ញុំជានាយកហ្នឹង បានហៅសិស្ស និងគ្រូមក ប្រជុំគ្នា ហើយណែនាំ និងយករូបភាពបង្ហាញគាត់(សិស្ស) ថាវាប៉ះពាល់អ្វីខ្លះ។ សិស្សប្រាកដជាយល់ដឹងពីផលប៉ះពាល់ហើយ បានជាយើងមិនដែលចាប់បាន។ ហើយគ្រូក៏អត់ដែលប្រាប់ថាសិស្សហ្នឹងប្រើប្រាស់ដែរ ហើយបើសិនជាមានការប្រើប្រាស់ក៏លាក់មិនជិតដែរ»។ 
 
បារីអេឡិចត្រូនិក ពុំបានផ្ដល់ផលចំណេញដល់យុវជនដែលអ្នកប្រើប្រាស់នោះទេ។ ផ្ទុញទៅវិញ បារីប្រភេទថ្មីនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការសិក្សា សុខភាព និងថ្លៃចំណាយជាដើម។ តាមសារាចរណែនាំរបស់ក្រសួងអប់រំ បារីនេះ អាចបង្ករឱ្យកើតមានជំងឺមហារីក បេះដូង និងសួតធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យដំណើរការខួរក្បាលមិនប្រក្រតី។ 
 
ដោយឡែក យុវតី សាំ រដ្ឋា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យស្ទឹងសែន បានលើកឡើងថា​ កន្លងទៅ រូបគេធ្លាប់ឃើញសិស្សមួយចំនួនប្រើប្រាស់បារីអេឡិចត្រូនិកក្នុងបរិវេណសាលា ប៉ុន្តែ ពុំបានរាយការណ៍ដល់គណៈគ្រប់គ្រងសាលានោះទេ។ យុវតីរូបនេះ បានណែនាំឱ្យយុវជនបញ្ឈប់សកម្មភាពប្រើប្រាស់បារីអេឡិចត្រូនិក ដែលប៉ះពាល់ខ្លាំងដល់ប្រព័ន្ធខួរក្បាល និងការចំណាយលើសលុប ក្នុងវ័យកំពុងសិក្សា។ 
 

យុវតី សាំ រដ្ឋា សិស្សថ្នាក់ទី១២ នៃវិទ្យាល័យស្ទឹងសែន

សាំង រដ្ឋា ប្រាប់ដូច្នេះថា៖«ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិកនេះ វាធ្វើឱ្យប៉ះពាល់ ទៅដល់ខួរក្បាល សួត និងថ្លើម ពិសេសធ្វើឱ្យក្មេងឈ្លក់វង្វេងនឹងផ្សែងបារីហ្នឹង អត់ខិតខំរៀនសូត្រ»។ 
ស្រដៀងគ្នានេះ យុវសិស្ស ធឿន វីរៈថេប ក៏ធ្លាប់ឃើញសិស្សមួយចំនួនប្រើប្រាស់បារីអេឡិត្រូនិកក្នុងទីធ្លាសាលាដែរ។ ក្រោមរូបភាពនេះ រូបគេ ស្នើឱ្យគណៈគ្រប់គ្រងសាលាចេញវិធានការទប់ស្កាត់បន្ទាន់ ដើម្បីប្រឆាំងនឹងការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងគ្រឹះស្ថានអប់រំ។ 
 

យុវសិស្ស ធឿន វីរៈថេប ថ្នាក់ទី១១ នៃវិទ្យាល័យស្ទឹងសែន

ជាមួយគ្នានេះ យុវសិស្ស ធឿន វីរៈថេប បានអំពាវនាវឱ្យសិស្សានុសិស្សបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ហើយផ្ដោតលើការសិក្សាវិញ។ ព្រោះ ប្រភេទបារីនេះ អាចបង្កផលប៉ះពាល់ដល់សុខភាព និងការចំណាយរបស់សិស្ស៕  
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 អប់រំ
  វិទ្យាល័យស្ទឹងសែន
  បារី​អេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com