ជាតិ
សង្គមជាតិ
អង្គការ Action Education នឹងជួយកុមារក្រៅសាលា១១ម៉ឺននាក់ទៀត ឱ្យបានរៀនសូត្រ
06, Sep 2022 , 7:59 pm        
រូបភាព
លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Action Education កំពុងថ្លែងក្នុងពិធីសម្ពោធអគារពេញមួយជីវិតក្នុងបរិវេណនៃអង្គការតំណក់ទឹក សាខាប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២កញ្ញា ឆ្នាំ២០២២។
លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Action Education កំពុងថ្លែងក្នុងពិធីសម្ពោធអគារពេញមួយជីវិតក្នុងបរិវេណនៃអង្គការតំណក់ទឹក សាខាប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២កញ្ញា ឆ្នាំ២០២២។
បន្ទាយមានជ័យ៖ អង្គការ Action Education មានបេសកកម្ម ជួយកុមារកម្ពុជាក្រៅសាលាចំនួន១១ម៉ឺននាក់ទៀត ឱ្យទទួលបានការអប់រំដូចកុមារទូទៅ ​នៅត្រឹមឆ្នាំ២០២៥។  ដើម្បីសម្រេចនូវបេសកកម្មនេះ អង្គការ នឹងអនុវត្តសកម្មភាពនៅតាមសាលារៀនគោលដៅជាង២០០០កន្លែង នៅទូទាំងប្រទេស។

 
កុមារកម្ពុជា ដែលរស់នៅតាមចិញ្ចឹមផ្លូវ តាមតំបន់អាណាធិបតេយ្យ តំបន់ទន្លេសាប កុមារអនាថា កុមារចំណាកស្រុក ឬ កុមារត្រូវបានគេជួញដូរកម្លាំងពលកម្ម កុមារជនជាតិភាគតិច(ពិសេសកុមារី) និងកុមារក្រីក្រ​...ជាដើម មានប្រមាណ២៥ម៉ឺននាក់នៅទូទាំងប្រទេស កំពុងជាប់ក្នុងនិយមន័យកុមារក្រៅសាលារៀន។ នេះជាការលើកឡើងរបស់លោក លោក វន សំភាស់ នាយកប្រចាំកម្ពុជានៃអង្គការ Aide et Action (Action Education)។ 
 
លោកបញ្ជាក់ថា ក្នុងចំណោមកុមារទាំងនេះ អង្គការ Action Education មានគោលដៅជួយកុមារយ៉ាងហោចណាស់ចំនួន១១ម៉ឺននាក់ ឱ្យបានចូលរៀន ក្រោមគម្រោងសហការរួមគ្នាជាមួយអង្គការជាតិ-អន្តរជាតិនានា ក្នុងទំហំថវិកាជាង ៤០លានដុល្លារអាម៉េរិក។​
 
លោក វន សំភាស់ បានរៀបរាប់ថា៖​ «យើងកៀរគរអង្គការជាតិ និងអន្តរជាតិ​បានជិត៣០ស្ថាប័ន ដើម្បីរួមគ្នាអនុវត្តបេសកកម្មជួយកុមារកម្ពុជាក្រៅសាលាចំនួន១១ម៉ឺនឱ្យបានចូលរៀន។ អង្គការយើង បានដាក់បដិភាគជិត២០លានដុល្លារ សម្រាប់អនុវត្តគម្រោងនេះ នៅជាង២០០០សាលារៀន ដែលស្ថិតក្នុងឃុំចំនួន៨០០ នៃក្នុងស្រុកជាង១០០ទូទាំងប្រទេស​»។ 
 
លោកបន្តយ៉ាងនិយាយដូច្នេះ៖ «តាមរយៈ២០០០សាលានេះ​ គឺយើងគិតជាសាលារៀនដែលជួបការលំបាកជាងគេ។ អ៊ីចឹង! ក្នុងមួយឆ្នាំយើងជួយកុមារពី១០ទៅ១៥នាក់ក្នុងមួយសាលាឱ្យបានរៀន។ ដូច្នេះ! បើសិនជាយើងគុណនឹងរយៈពេលបួនឆ្នាំ យើងនឹងអាចសម្រេចគោលដៅរបស់យើងបាន»។ 
 
បើតាមលោក វន សំភាស់ ក្នុងឆមាសទីមួយ ឆ្នាំ២០២២  អង្គការAction Education គាំទ្រទាំងថវិកា​និងសម្ភារសិក្សានានា ដល់សាលារៀនចំនួន៥២៨ រួចហើយ​ ដើម្បីឱ្យកុមារជួបការលំបាក និងក្រីក្របានចូលរៀន។ អង្គការ​ នឹងពង្រីកការអនុវត្តគម្រោងនេះ ដល់២០០០សាលារៀន តាមផែនការនៅឆ្នាំ២០២៥។
 
«សម្រាប់កុមារចំនួន១១ម៉ឺននាក់នេះ! យើងគិតថា យើងនឹងអាចរួមចំណែកជាមួយក្រសួងអប់រំ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ នាំឱ្យមានថ្នាក់រៀន​ មានគ្រូបង្រៀន មានសម្ភារសិក្សា និងមានវិធីសាស្ត្រ សម្រាប់កុមារដែលជួបការលំបាកទាំងអស់នោះបានចូលរៀន»។​ លោកនាយកប្រចាំកម្ពុជានៃអង្គការ Action Education បានថែ្លងបែបនេះ មកកាន់សារព័ត៌មានថ្មីៗ(ThmeyThney) ក្រោយចប់កម្មវិធីសម្ពោធអគារពេញមួយជីវិតក្នុងបរិវេណនៃអង្គការតំណក់ទឹក សាខាប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២កញ្ញា។ 
 
សាលារៀនរបស់អង្គការតំណក់ទឹកនៅប៉ោយប៉ែតជាសាលាមួយ ក្នុងចំណោមសាលារៀនផ្សេងទៀត ដែលទទួលបានការគាំទ្រ ពីអង្គការ Action Education ដើម្បីផ្តល់ការអប់រំដល់កុមាររស់នៅតាមផ្លូវ កុមារអនាថា កុមារប្រើសារធាតុញៀន និងកុមាររងគ្រោះ​នានា នៅខេត្តបន្ទាយមានជ័យ។  
 
លោក ឡុង សាន​រិទ្ធី នាយកប្រតិបត្តិនៃអង្គការតំណក់ទឹកសាខាប៉ោយប៉ែត បានលើកឡើងថា ជំនួយរបស់អង្គការ Action Education នេះ នឹងជួយកុមារជួបការលំបាកនៅក្រៅសាលាជាង ១ ២០០នាក់ នៅខេត្តបន្ទាយមានជ័យ ឱ្យមានឱកាសចូលរៀនពេញលេញដូចកុមារទូទៅ សម្រាប់រយៈពេល៤ឆ្នាំខាងមុខទៀត។ 
 
លោក សានរិទ្ធី បានបញ្ជាក់ថា​៖ «ប៉ុន្តែ នៅពេលនេះ ការអនុវត្តគម្រោងរបស់យើងបានបញ្ជូលកុមារ បាន៥៤៣នាក់ហើយ ស្មើនឹង៤៣ភាគរយនៃកុមារក្រៅសាលារៀនសរុប ១ ២៦០នាក់ នៃគោលដៅរបស់យើង»។ 
 
បើតាមនាយកប្រតិបត្តិនៃអង្គការតំណក់ទឹកសាខាប៉ោយប៉ែតរូបនេះ សាលារៀននៅក្របខណ្ឌខេត្តបន្ទាយមានជ័យ សម្រាប់ផ្តល់សេវាអប់រំដល់កុមារជួបការលំបាកនេះ ជាចំណែកដ៏សំខាន់មួយនៃចលនាជួយកុមារកម្ពុជា១១ម៉ឺននាក់ ឱ្យទទួលបានការអប់រំប្រកបដោយបរិយប័ន្ន ប្រសិទ្ធិភាព និងគុណភាព ដើម្បីក្លាយជាសសរទ្រង់សម្រាប់ប្រទេសជាតិ។ 
 
ការអនុវត្តរបស់អង្គការតំណក់ទឹក​ និងអង្គការ Action Education រួមទាំងអង្គការដៃគូនានា ក្នុងការជួយកុមារកម្ពុជាក្រៅសាលាឱ្យបានចូលរៀននេះ គឺជាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅអប់រំសម្រាប់ទាំងអស់គ្នា ហើយទាំងអស់គ្នាដើម្បីការអប់រំ។  
 
លោក ណុះ ស្លេះ រដ្ឋលេខាធិការនៃក្រសួងអប់រំ បានថ្លែងថា បច្ចុប្បន្នក្រសួងអប់រំ មាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធ សម្រាប់ជួយកុមារដែលមិនមានឱកាសសិក្សា​និងបណ្តុះបណ្តាល ឱ្យទទួលបានការសិក្សាគ្រប់រូបភាព តាមលទ្ធភាពអាចធ្វើទៅបាន។ 
 
លោក ណុះ ស្លេះ បន្តរៀបរាប់ថា៖ «កុមារខ្លះ អាចរៀនបំប៉នហើយអាចចូលក្នុងសាលារដ្ឋវិញ។ កុមារខ្លះទទួលបានការបណ្តុះបណ្តាលនៅកន្លែងតាមកម្រិតសិក្សាឬកម្មវិធីអប់រំរបស់អង្គការ ឯកុមារខ្លះអាចបន្តការសិក្សាបានកម្រិតខ្ពស់...ជាដើម។ ដូច្នេះ! នេះគឺជាការខិតខំប្រឹងប្រែងរួមមួយរបស់យើង ជាមួយរដ្ឋាភិបាល ខណៈរដ្ឋាភិបាលខិតខំជំរុញយន្តការទាំងអស់នេះឱ្យសហការគ្នា ដោយមានការចូលរួមពីសហគមន៍ផង ពីអាជ្ញាធរផង​ និងក្រសួងពាក់ព័ន្ធ ដើម្បីជួយបង្ការកុមារដែលរងគ្រោះ និងកុមារដែលបោះបង់ការសិក្សា ឱ្យទទួលបានការអប់រំឡើងវិញ»៕ 
 

Tag:
 អប់រំ
  Action Education
  ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com